ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី៣ មីនា កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានឃាត់រថយន្តមួយគ្រឿងម៉ាករ៉ៃណូ ពណ៌ស-ខៀវ ពាក់ស្លាកលេខកំពង់ចាម៣A១៦១៣ ចំណុះ៥តោន ផលិតនៅប្រទេសកូរ៉េ។ ការឃាត់រថយន្តនេះ នៅចំណុចផ្លូវបែកជាបួន(ភ្លើងស្តុប) លើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីជំនាញឱ្យដឹងថា ក្រោយពេលឃាត់ និងត្រួតពិនិត្យ សមត្ថកិច្ចរកឃើញនៅលើរថយន្តមានដឹកតំណាប់ដូងម៉ាកញីប៊ិញផលិតនៅប្រទេសវៀតណាមចំនួន២០០កេសក្នុង១កេសស្មើនឹង៤០០ថង់តូច គ្មានកាលបរិច្ឆេទ និងគ្មានឯកសារអ្វីទាំងអស់ ដោយដាក់បង្កប់ជាមួយបន្លែចំនួន៥មុខទៀតមានមើមខ្ទឹមបារាំង មើមការ៉ុត ដំឡូងបារាំង ស្ពៃបូកគោ និងក្រូចឆ្មារសរុប៤០ការុង ទម្ងន់៣.០០០គីឡូក្រាម ។ បន្លែទាំងអស់នេះសុទ្ធសឹងនាំចូលពីប្រទេសវៀតណាម។
លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្តមានប្រសាសន៍ថា ក្រោយពីរកឃើញតំណាប់ដូងចំនួន២០០កេសនេះ សមត្ថកិច្ចឃាត់រថយន្តនោះនាំទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យរួមគ្នាមានមន្ត្រីកាំកុងត្រូលខេត្ត មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមន្ត្រី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត។ ជាមួយគ្នានេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន២នាក់ ឈ្មោះកែវ សុវណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកមហាទេព សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងជាអ្នកទទួលខុសត្រូវលើការដឹកជញ្ជូនទំនិញ និងម្នាក់ទៀតជាអ្នកបើកបររថយន្តឈ្មោះស សឿ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិស្រងែ ឃុំបល្ល័ង្ក ស្រុកបារាយ ខេត្តកំពង់ធំ ដើម្បីសាកសួរ។ លោកស្នងការបន្តទៀតថា ចំពោះបន្លែទាំង៥មុខស្មើ៣.០០០គីឡូក្រាមត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ដោយឡែកតំណាប់ដូងទាំង២០០កេស និងរថយន្តរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ៕


ចែករំលែកព័តមាននេះ