ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​គមន៍​អ៊ិស្លាម​​កម្ពុជា​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​អំណោយ​​ជូន​កង​ទ័ព​​សមរ​ភូមិ​មុខ

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ គណៈ​ប្រតិភូ​សហ​គមន៍​អ៊ិស្លាម​​កម្ពុជា​ដឹក​នាំ​​ដោយ​លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា រដ្ឋ​លេខា​ធិការ​ក្រសួង​​​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ជា​ប្រធាន​អង្គ ការ​មូល​និធិ​អភិ​វឌ្ឍន៍​មុស្លីម​កម្ពុជា បាន​ចុះ​សួរ​សុខ​ទុក្ខ​​​កង​ពល​លេខ​៨ ដែល​កំពុង​ឈរ​ជើង​ការ​ពារ​បូរណ

ខេត្ត​ព្រះ​វិហារ ៖ គណៈ​ប្រតិភូ​សហ​គមន៍​អ៊ិស្លាម​​កម្ពុជា​ដឹក​នាំ​​ដោយ​លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា រដ្ឋ​លេខា​ធិការ​ក្រសួង​​​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ជា​ប្រធាន​អង្គ ការ​មូល​និធិ​អភិ​វឌ្ឍន៍​មុស្លីម​កម្ពុជា បាន​ចុះ​សួរ​សុខ​ទុក្ខ​​​កង​ពល​លេខ​៨ ដែល​កំពុង​ឈរ​ជើង​ការ​ពារ​បូរណ​ភាពទឹក​ដី​នៅ​សមរ​ភូមិ​​មុខ​តំបន់​ប្រាសាទ​ព្រះ​វិហារ និង​នាំ​យក​អំណោយ​ជា​​ថវិកា​​ និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ទៅ​​​ចែក​ជូន​ដល់​កង​ទ័ព​​កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ​ឆ្នាំ​២០១១ ។

​ក្នុង​ដំណើរ​​​អញ្ជើញ​សាក​សួរ​សុខ​ទុក្ខ​​យុទ្ធ​ជន​​សម​រ​ភូមិ​មុខ​នា​ឱកាស​នោះ មាន​ការ​ចូល​រួម​អម​ដំណើរ​ដោយ​លោក​​ឧកញ៉ា សុះ​ កំរី ចាង​ហ្វាង​នៃ​គណៈ​ដឹក​នាំ​ជាន់ខ្ពស់​​នៃ​សាសនា​អ៊ិស្លាម​​កម្ពុជា ​សមា​ជិក​​​រដ្ឋ​សភា រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ គណៈ​អ៊ីម៉ាំរាជ​ធានី-ខេត្ត ​គណៈ​អ៊ី​ម៉ាំស្រុក នៅ​ទូទាំង​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​យុវជន​អ៊ិស្លាម​កម្ពុជា​មួយ​ចំនួន​ផង​ដែរ ។

លោក​​នាយ​ឧត្តម​សេនីយ៍​ ជា តារា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​ប្រធាន​​គណៈ​បញ្ជា​ការ​ឯក​ភាព​​សមរ​ភូមិ​មុខ​ទិស​យោធ​ភូមិ​ភាគ​ទី​៤ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ​​ថា លោក​មាន​ក្តីរំភើប​​រីក​រាយ​ណាស់ ដែល​បាន​​ឃើញ​ចលនា​ស្នេហា​ជាតិ​​ពិតប្រាកដ​ចំពោះ​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​​ខ្មែរ​ដ៏​បវរ​នៃ​យើង​​ របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​​តាំង​ពី​សា្ថប័ន​​ព្រះ​មហា​ក្សត្រ ព្រឹទ្ធ​សភា រដ្ឋ​សភា រាជ​រដ្ឋា​​ភិ​បាល​ និង​ប្រជា​ជន​ទូទៅ។ ជាក់​ស្តែង​ដូច​​ជា​ពេល​នេះ ប្រជា​ពល​រដ្ឋ​​​ជា​សាសនិក​អ៊ិស្លាម​ទូទាំង​ប្រទេស​​បាន​ពាំ​នាំ​អំណោយ​មក​ជូន​យុទ្ធ​ជន​ដ៏​អង់​អាច​ក្លា​ហាន​នៅ​សមរ​ភូមិ​មុខ​របស់​យើង ។

​លោក​នាយ​ឧត្តម​សេនីយ៍ ​បាន​​ថ្លែង​អំណរ​គុណ​ចំពោះ​ទឹក​ចិត្ត​សប្បុរ​ស​ធម៌​របស់​ថ្នាក់​ដឹក​នាំ​អ៊ិស្លាម​​កម្ពុជា ព្រម​ទាំង​សាស​និក​អ៊ិស្លាម​​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​​បាន​លះ​បង់​ទ្រព្យ​សម្បត្តិ​​ផ្ទាល់​ខ្លួន ផ្តល់​ជា​សំភារ ថវិកា​ គ្រឿង​ឧប​ភោគ​បរិ​ភោគ​ ជូន​ដល់​វីរ​យុទ្ធ​ជន​​យើង​ដែល​កំពុង​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​យា៉ង​​អង់​អាច​​ក្លាហាន ។ លោក​ឧកញ៉ា អូស្មាន ហា​ស្សាន់ បាន​មាន​ប្រសាសន៍​​ពី​ការ​ផ្សារ​ភ្ជាប់​រវាង​សមរ​ភូមិ​មុខ និង​សមរ​ភូមិ​ក្រោយ​ថា ពិត​​ជា​បាន​ផ្តល់​នូវ​ការ​​លើក​ទឹក​ចិត្ត​​ចំពោះ​កង​ទ័ព​យើង។ ជាក់​ស្តែង​សំភារ​ ថវិកា និង​គ្រឿង​​ឧប​ភោគ​បរិ​ភោគ​ដែល​បាន​នាំ​យក​មក​នៅ​ថ្ងៃ​នេះ​ គឺ​បាន​មក​ពី​ការ​ចូ​លរួ​ម​ចំណែក​របស់​ប្រជា​ពល​រដ្ឋ​តាម​​​រាជ​ធានី-ខេត្ត​ទូទាំង​ប្រទេស​ ដើម្បី​​រួម​ចំណែក​គាំទ្រ​​ដល់​កង​ទ័ព​កម្ពុជា​យើង ​ដែល​បាន​លះ​បង់​អ្វីៗ​គ្រប់​បែប​យា៉ង​ក្នុង​បុព្វ​ហេតុ​ការពារ​បូរណ​ភាព​ទឹក​ដី​មិន​ឱ្យ​សត្រូវ​សៀម​ឈ្លាន​ពាន​​បាន​ឡើយ ។

​លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​ថា សាសនិក​អ៊ិស្លាម​​នៅ​កម្ពុជ​ាតែង​តែ​គាំទ្រ​ និង​​​ចូលរួម​ជានិច្ច​ក្នុង​សកម្ម​ភាព​របស់​រាជ​​​​​រដ្ឋា​ភិបាល​ ដោយ​បាន​ចលនា​ស្វែង​រក​ជំនួយ​​មនុស្ស​ធម៌​សម្រាប់​កង​ទ័ព​នៅ​សមរ​ភូមិ​មុខ ដោយ​បាន​ផ្តល់​​ថវិកា​តាម​​រយៈ​អាជ្ញា​​ធរ​​ដែន​ដី​-មូល​និធិ​បាយ័ន ក៏​ដូច​ជា​មូល​និធិ CTN ផង​ដែរ ​ព្រោះ​កិច្ច​​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​ជាកិច្ច​ការ​រួម​​សម្រាប់​​ប្រជា​ពល​រដ្ឋ​​ទាំង​អស់​​ត្រូវ​​​ចូល​រួម​ចំណែក​ ហើយ​បើ​មាន​ករណី​​ចាំ​បាច់​ប្រទេស​ជាតិ​ត្រូវ​​ការ​ សហ​គមន៍​អ៊ិស្លាម​​នឹង​ចូល​ធ្វើ​កង​ទ័ព​កាន់​កាំភ្លើង ដើម្បី​រួម​ចំណែក​​ការពារ​ទឹក​ដី​​មាតុ​ភូមិ​កម្ពុជា​​មិន​ឱ្យ​​ខ្មាំង​សត្រូវ​សៀម​ឈ្លាន​ពាន​​បាន​ឡើយ ។

លោក​ឧកញ៉ា អូស្មាន ហា​ស្សាន់ បាន​បន្ត​ថា ​លើស​ពី​នេះ​ទៅ​ទៀត​លោក​ឧកញ៉ា សុះ​ កំរី ​ក៏​បាន​ដឹក​នាំ​បួង​សួង​ទៅ​ព្រះ​អាឡាហ៍​ជា​ម្ចាស់​​ ជា​មួយ​នឹង​សាស​និក​អ៊ិស្លាម​​ដទៃ​ទៀត ​ដើម្បី​ប្រទាន​​នូវ​​​ជោគ​ជ័យ​​ដល់​កង​ទ័ព​​របស់​យើង​នៅ​សមរ​ភូមិ​មុខ នៅ​គ្រប់​​​​ពេល​វេលា​នៃ​ការ​ប្រយុទ្ធ​តតាំង​​នឹង​សត្រូវ​​ឈ្លាន​ពាន​។​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ និង​ឈ្លាស​វៃ​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​សាស​និក​អ៊ិស្លាម​កម្ពុជា ពិត​ជា​​មាន​ឱកាស​យ៉ាង​ច្រើន​ទាំង​មន្ត្រី​​ការ​ងារ នយោ​បាយ សិទ្ធិ​​សេរី​ភាព​គោរព​​​ប្រណិ​ប័ត​ន៍​សាសនា និង​កំណើន​ជីវ​​ភាព​រស់​នៅ​ល្អ​​​ប្រសើរ​ជាង​សម័យ​​ណាៗ​ទាំង​អស់។

អំណោយ​​ដែល​ត្រូវ​បាន​ចែក​ជូន​ដល់​យុទ្ធ ​ជន​សមរ​ភូមិ​​មុខ​នៅ​ទី​បញ្ជា​​ការ​កង​ពល​លេខ​៨ រួម​មាន ​​មី​យើង​​៥២០​​កេស ត្រី​ខ​រូប​ស្រី​បី​នាក់​១០០​កេស ​ទឹក​ដោះ​គោ​១០០​កេស ​ទឹក​បរិ​សុទ្ធ​​វីតាល់​១៨៩​កេស ស្ករ​ស​១០០​គីឡូ​ក្រាម ​គ្រែ​ចំនួន​២០។ ក្នុង​ឱកាស​​នោះ​ផង​ដែរ​​លោក​ឧ​កញ៉ា​ អូស្មាន ​ហា​ស្សាន់ និង​លោក​ជំទាវ បាន​ពាំ​នាំ​​ថវិកា​​សម្តេច​អគ្គ​​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុន​ សែន ​ចំនួន​៥០​លាន​រៀល ​ចែក​ជូន​ដល់​យុទ្ធ​ជន​​​ជួរ​មុខ​១.០០០​នាក់ ដែល​ម្នាក់ៗ​ទទួល​បាន​៥០.០០០​រៀល​ ​សរុប​រួម​ជា​ថវិកា​ចំនួន​១០៨.៥៣៩.០០០​រៀល ។

បន្ទាប់​មក​ លោក​នាយ​ឧត្តម​សេនីយ៍ គន់ គីម ​អគ្គ​មេ​បញ្ជា​ការ​រង ​នាយ​សេនា​ធិ​ការ​ចម្រុះ​​នៃ​កង​យោធ​ពល​ខេមរ​ភូមិ​ន្ទ និង​ជា​អនុ​គណៈ​បញ្ជា​ការ​ឯក​ភាព​សមរ​ភូមិ​មុខ​ព្រំ​ដែន​កម្ពុជា-ថៃ ​បាន​មាន​ប្រសាសន៍​​ថ្លែង​អំណរ​គុណ​​ និង​នឹក​រំលឹក​ក្នុង​នាម​នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​ពល​ទាហាន​​ទាំង​អស់​ដែល​កំពុង​ប្រចាំ​ការ​នៅ​សមរ​ភូមិ​មុខ ជូន​ដល់​​​សាស​និក​អ៊ិស្លាម​​នៅ​ទូទាំង​ប្រទេស ​ដែល​បាន​ខិត​ខំ​អំពាវ​នាវ និង​ចលនា​​ស្វែង​រក​ជំនួយ​មនុស្ស​ធម៌​សម្រាប់​យក​មក​​ប្រគល់​​ជូន​​​នាយ​ទាហាន​ ​នាយ​ទាហាន​រង និង​ពល​ទាហាន​​​ដ៏​​​អង់​អាច​ក្លាហាន​របស់​​យើង​នា​ពេល​នេះ។ ​លោក​នាយ​ឧត្តម​សេនីយ៍​​បាន​សន្យា​ថា នឹង​ប្រគល់​​អំណោយ​ទាំង​នេះ​ជូន​ដល់​ដៃ​​នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​ទាហាន​ទាំង​អស់ ៕