ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ ចិ​ត្រា និង​សេក គឹ​ម​រួន ប៉ះ​ថៃ​ថ្ងៃអាទិត្យ​នេះ​មួយ​ណា​សម្រេច​គោលដៅ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ សីហា កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប ​គឺ​ឡៅ ចិ​ត្រា និង​សេក គឹ​ម​រួន នឹង​ក្លាយជា​បេក្ខភាព​២​រូប​ឡើង​ប្រកួត​ជាមួយ​ថៃ​នៅ​លើ​សង្វៀន K-Cement

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ សីហា កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប ​គឺ​ឡៅ ចិ​ត្រា និង​សេក គឹ​ម​រួន នឹង​ក្លាយជា​បេក្ខភាព​២​រូប​ឡើង​ប្រកួត​ជាមួយ​ថៃ​នៅ​លើ​សង្វៀន K-Cement របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ជំនួប​របស់​អ្នក​ទាំង​៤​ក៏​មានការ​ចាប់អារម្មណ៍​មិន​អន់​នោះ​ដែរ​ក្នុង​ចំណោម​អ្នក​ស្នេហា​វិស័យ​ប្រដាល់ ។

សមាសភាព​កីឡាករ​ឡើង​ប្រកួត​មើលទៅ​ទាក់ទាញ​ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ ធ្វើ​ឱ្យ​អ្នក​ស្នេហា​ការ​ប្រដាល់​ជជែក​ដេញដោល​គ្នា​មិន​ដាច់​ពី​រឿង​ថា​តើ​កីឡាករ​ណាខ្លះ​នឹង​សម្រេច​គោលដៅ ។ ព្រឹត្តិការណ៍​នេះ មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា​នឹង​មាន​អ្នក​ទស្សនា​ណែនណាន់តាន់តាប់​មិន​ខុស​ពី​សព្វមួយដង​ដែល​សឹង​មិន​មាន​កន្លែង​ឈរ​ទស្សនា ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ព្រឹក​ថ្ងៃអាទិត្យ​នោះ កីឡាករ​ដែល​ខ្លួន​ដាក់​ឱ្យ​ប្រកួត​គឺ​សុទ្ធតែ​ក្មេង​ៗ​ពេញកម្លាំង​ហើយ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​ប្រដាល់​ទៀត​ផង ។

កីឡាករ ឡៅ ចិ​ត្រា មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឃុំ ឡេ​ក ដែល​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ។ ជំនួប​ពួក​គេ​មានការ​រំពឹង​ខ្ពស់​ថា​នឹង​បែក​ផ្កាភ្លើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​មុខមាត់ និង​ក្រេ​ឌី​ត ។ ផ្អែក​តាម​បទ​ពិសោធន៍​ប្រកួត អ្នក​ទាំង​ពីរ​មាន​កម្រិត​ខុស​គ្នា ដោយ​កីឡាករ​កម្ពុជា​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​តែ​ខ្លាំង​មិន​ចាញ់​កីឡាករ​ថៃ​ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​នៅ​លើ​សង្វៀន​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា លោក​បាន​សម្រេច​ដាក់​ឱ្យ​កីឡាករ​ទាំង​ពីរ​ប៉ះ​គ្នា ដោយសារ​តែ ឡៅ ចិ​ត្រា កាន់តែ​ស្ទុះ​ឡើង​កូដ និង​កាន់តែ​មាន​ក្រេ​ឌី​ត​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​នា​ពេល​ចុង​ក្រោយ ក្នុង​ពេល​ដែល​គ្រូបង្វឹក​របស់​គេ​ក៏​បាន​ប្រកាស​ថា​គេ​បាន​ហ្វឹកហាត់​គ្រប់គ្រាន់​មុន​ពេល​ផ្គូផ្គង​។ លោក​ថា កីឡាករ​ថៃ​ល្អ ហើយ​ក៏​ល្បី​ណាស់​ដែរ​នៅ​លើ​សង្វៀន​ថៃ ប៉ុន្តែ​មក​ពី​ចង់ឱ្យ​ឡៅ ចិ​ត្រា បាន​សាង​កេរ្តិ៍ឈ្មោះ​ឱ្យ​កាន់តែ​លឿន ទើប​រៀបចំ​ឱ្យ​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ដែល​មិន​ខុស​ពី​លើក​កីឡាករ​កម្ពុជា​ឱ្យ​គេ​ឆាប់​ស្គាល់ ។ លោក​ថា កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​២៦​លើក ឈ្នះ​២០​លើក ចាញ់​៤​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៥១​លើក ឈ្នះ​៤៥​លើក  ចាញ់​៥​លើក និង​ស្មើ​១​លើក ។ កីឡាករ​ថៃ​ក្រៅពី​មាន​សមត្ថភាព​ខ្លាំង​ក៏​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​លើ​រេញ ដែល​កីឡាករ​កម្ពុជា​មិន​អាច​មើល​ស្រាល​បាន ។

អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា បើ ឡៅ ចិ​ត្រា ឈ្នះ គឺ​មិន​ខុស​ពី​រុញ​កេរ្តិ៍ឈ្មោះ​គេ​ឱ្យ​ឆាប់​រះ​ត្រដែត​នោះ​ឡើយ ។ លោក​ថា កីឡាករ​កម្ពុជា​បើ​ឈ្នះ​នឹង​កាន់តែ​ទទួល​ក្រេ​ឌី​ត​ដោយ​អ្វី​ដែល​លោក​ជឿជាក់ គឺ​ឡៅ ចិ​ត្រា ពិតជា​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ដោយសារ​តែ​គេ​ចង់​ឈ្នះ​កីឡាករ​ថៃ​ឱ្យ​ខាង​តែ​បាន ។

កីឡាករ សេក គឹ​ម​រួន ក៏​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផា យ៉ាក់​ណ​យ ក្នុង​ឋានៈ​ជា​គូ​ឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​យប់​នេះ ។ គេ​មិន​ទាន់​ដឹង​ថា គូ​នេះ​នឹង​ទាក់ទាញ​ជាង​គូ​រង​ឯក​ឬ​យ៉ាងណា​នៅឡើយ​ទេ​។ កីឡាករ​ថៃ​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ម្នាក់ ខណៈ​ដែល​សេក គឹ​ម​រួន ក៏​មិន​ទាន់​ល្អ​គ្រប់គ្រាន់​ដែល​អាច​ឱ្យ​ទុកចិត្ត​ទាំងស្រុង​នៅឡើយ​។ យោង​តាម​ប្រវត្តិ កីឡាករ​កម្ពុជា​គូ​នេះ​ធ្លាប់​ប្រកួត​បាន​៧១​លើក ឈ្នះ​៥៨​លើក និង​ចាញ់​១៣​លើក ខណៈ​កីឡាករ​ថៃ​ក៏​មាន​ប្រវត្តិ​ឡើង​រេញ​បាន​៨២​លើក ឈ្នះ​៦៩​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក​។ អីុ​ចឹ​ង​ហើយ​ទើប​គេ​ចាំ​មើល​ថា​តើ កីឡាករ​កម្ពុជា​ធ្វើ​បាន​ល្អ​ឬ​អត់​នៅ​ពេល​ប៉ះ​គូប្រកួត​ខ្លាំង​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​ប្រដាល់​អន្តរជាតិ​មួយ​នេះ ៕