សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា តុលាការអាហ្វ្រិកខាងត្បូងនៅក្រុងខេបថោន បានសម្រេចដាក់ពន្ធនាគាររយៈពេល១០ឆ្នាំចំពោះស្ត្រីអាយុ៥២ឆ្នាំម្នាក់ដែលលួចទារិកាពីមន្ទីរពេទ្យ «Groote Sohuur» កាលពីឆ្នាំ១៩៩៧យកទៅចិញ្ចឹមជាកូនរបស់ខ្លួន ។
ទារិកានោះដាក់ឈ្មោះដោយឪពុកម្តាយពិតប្រាកដថា «សេហ្វានី នើហ្វ » ។ បន្ទាប់ពីកើតបាន៣ថ្ងៃទារិកានោះត្រូវគេលួចបីចេញពីមន្ទីរពេទ្យ ខណៈពេលម្តាយដេកលក់ ។
សេហ្វានី នើហ្វ បានចូលរៀននៅសាលាជាមួយប្អូនស្រីបង្កើតរបស់ខ្លួន ។ កាលពីខែកុម្ភៈ ឆ្នាំ២០១៤ ប្អូនស្រីបង្កើតសង្កេតឃើញថានាងសេហ្វានី នើហ្វ មានលក្ខណៈអត្តចរិតដូចខ្លួនហើយក៏និយាយប្រាប់ម្តាយ ។ ដឹងដូច្នោះឪពុកម្តាយសន្និដ្ឋានថា គឺជាកូនស្រីរបស់ខ្លួនដែលគេលួចបាត់នោះ ។
តាមការវិភាគលើ DNA បញ្ជាក់ថា នាងសេហ្វានី នើហ្វ គឺជាកូនស្រីរបស់ឪពុកម្តាយដែលបាត់កូននោះមែន ។ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីដែលលួចទារិកាយកទៅចិញ្ចឹម ហើយត្រូវតុលាការសម្រេចដាក់គុក១០ឆ្នាំ ។ បច្ចុប្បន្នសេហ្វានីពេញវ័យ និងមានឈ្មោះថ្មី បន្ទាប់ពីនាងត្រូវគេលួចពីឪពុកម្តាយតាំងពី១៩ឆ្នាំមុន ។
ក្នុងរយៈពេល១៩ឆ្នាំកន្លងមក ក្រុមគ្រួសាររបស់នាងសេហ្វានី នើហ្វ មិនបានដឹងថា តើកូនដែលបាត់រស់នៅទីណាទេ ដោយពួកគេនៅតែតាមរកគ្រប់ពេល និងបានប្រារព្ធពិធីខួបកំណើតជារៀងរាល់ឆ្នាំ ។
ចៅក្រមកាត់ក្តីថ្លែងថា អំពើរបស់ស្ត្រីបង្កហេតុជាអំពើបានគិតទុកជាមុន និងជារឿងដ៏អាក្រក់មួយសម្រាប់ជីវិតមនុស្ស ។ ពីដំបូងស្ត្រីរូបនោះបដិសេធថាខ្លួនមិនបានស្ថិតនៅមន្ទីរពេទ្យក្នុងពេលកើតហេតុទេ ក្រោយមកទើបសារភាពថាបានលួចទារិកានោះពិតប្រាកដមែន ៕
ចែករំលែកព័តមាននេះ