ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយធម៌​លេង​មួយ​ក្បាច់ កូនធម៌​បះសក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កូនធម៌​ម្នាក់​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលិត​ឲ្យ​ចាប់ខ្លួន​ឪពុក​ម្តាយធម៌​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​សំណាក់​ឡាក់​គី

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កូនធម៌​ម្នាក់​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលិត​ឲ្យ​ចាប់ខ្លួន​ឪពុក​ម្តាយធម៌​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​សំណាក់​ឡាក់​គី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវភ្លោះ​លេខ​២១៤ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ដោយ​ចោទប្រកាន់​ថា​បាន​បោកប្រាស់​ប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ ។

ប្រភព​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលិត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ ឈ្មោះ គង់ សំអាត អាយុ​៥៥​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ឆាយ សុ​ផ​ន អាយុ​៥៣​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​សា​ឡៅ​២ ឃុំ​អន្លង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត ខេត្តស្ទឹងត្រែង មានមុខរ​បរជា​គ្រូទាយ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ សូ​ឡៃ​ម៉ា​ន់​អ៊ី​ប្រ​ហ៊ី​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ត្រពាំង​ខ្លា ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មុខរបរ​កសិករ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៥ ខែធ្នូ ជនសង្ស័យ​ជា​គ្រូទាយ​២​នាក់​ប្ដី​ប្រពន្ធ បាន​ទាយ​ឲ្យ​ជន​រង​គ្រោះ​ថា ត្រូវ​តែ​លក់​អា​ត្រាក់ទ័រ​ចេញ​ទៅ​ទើប​រកស៊ី​មានបាន ។ ដោយ​ឪពុកធម៌​ម្តាយធម៌​ទាយ​ឲ្យ​បែប​នេះ​ហើយ ជន​រង​គ្រោះ​ក៏​បាន​សម្រេច​លក់​អា​ត្រាក់ទ័រ​បាន​ប្រាក់​១​ម៉ឺន​៤​ពាន់​ដុល្លារ ។ ពេល​លក់​ត្រាក់ទ័រ​បាន​ប្រាក់​ហើយ ជនសង្ស័យ​ប្រាប់​ជន​រង​គ្រោះ​ថា យក​លុយ​ទាំងនោះ​មក​ផ្ញើ​នឹង​គាត់​ទៅ ដោយ​មានការ​ជឿជាក់​លើ​គាត់​ទាំង​២​នាក់ ជន​រង​គ្រោះ​ក៏​បាន​យក​លុយ​ដែល​លក់​បាន​នោះ​ផ្ញើ​នឹង​ជនសង្ស័យ​មែន ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មួយ​រយៈ​ក្រោយមក​ពេល​ត្រូវការ​លុយ​ប្រើ​ការ ជន​រង​គ្រោះ​ក៏​បាន​ទារប្រាក់​មក​វិញ តែ​ជនសង្ស័យ​មិន​ព្រម​សង​ទេ ដោយ​ម្តង​លេស​នេះ ម្តង​លេស​នោះ រួច​ក៏​បាន​ព្យាយាម​គេចខ្លួន​មក​ស្នាក់​នៅផ្ទះ​សំណាក់​ឡាក់​គី តែ​ក្រោយមក​ជន​រង​គ្រោះ​បាន​រក​ឃើញ ជនសង្ស័យ​ក៏​សង​ជន​រង​គ្រោះ​ចំនួន​២​ពាន់​ដុល្លារ​សិន ដោយ​ធ្វើ​កិច្ចសន្យា​ថា នឹង​សងគ្រប់​ចំនួន​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ ។ ប៉ុន្តែ​ដល់​ថ្ងៃ​សន្យា​ហើយ ឪពុក​ម្តាយធម៌​នោះ​នៅ​តែ​មិន​ព្រម​សង​ទៀត ទើប​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ព្រលិត​ឲ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ជាង​១​ម៉ឺន​ដុល្លារ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជន សង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​មក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕