ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​យានយន្ដ​កម្ពុជា​កំពុង​មាន​សន្ទុះ​ខ្លាំង ខណៈ​សេដ្ឋកិច្ច​មាន​ស្ថាន​ភាពល្អ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​ការ​លក់​រថយន្ត​ហាក់​មាន​សន្ទុះ​ខ្លាំង ទាំង​រថយន្ដ​ថ្មី និង​មួយ​ទឹក គួប​ផ្សំ​នឹង​យុទ្ធសាស្ត្រ​ជំរុញ​ការ​លក់​តាម​រយៈ​ការ​បង់​រំលស់​ផង​នោះ

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​ការ​លក់​រថយន្ត​ហាក់​មាន​សន្ទុះ​ខ្លាំង ទាំង​រថយន្ដ​ថ្មី និង​មួយ​ទឹក គួប​ផ្សំ​នឹង​យុទ្ធសាស្ត្រ​ជំរុញ​ការ​លក់​តាម​រយៈ​ការ​បង់​រំលស់​ផង​នោះ ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​កំពុង​តែ​រីក​លូតលាស់​យ៉ាង​ខ្លាំង ។ ការ​រីក​ចម្រើន​នៃ​វិស័យ​មួយ​នេះ ក៏​អាស្រ័យ​សេដ្ឋកិច្ច​កម្ពុជា កំពុង​ដំណើរការ​ល្អ​ផង​ដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព និង​ជីវភាព​ធូរធារ​ដែល​នេះ​គួរតែ​អរគុណ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ជា​សេនាធិការ​ក្នុង​ការ​ទប់ស្កាត់​នឹង​វិបត្តិ​នានា រក្សា​បាន​នូវ​សន្ដិភាព និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស  ។

បច្ចុប្បន្ន ក្រុមហ៊ុន​រថយន្ដ​ដែល​មាន​ការិយាល័យ​តំណាង​លក់​នៅ​កម្ពុជា មក​ពី​ស្ទើរ​គ្រប់​ប្រទេស​ដែល​ផលិត​រថយន្ដ ដូច​ជា អា​មេ​រិ​ក អង់គ្លេស អា​ល្លឺ​ម៉​ង់ ជប៉ុន ចិន កូរ៉េ និង​ប្រទេស​ថៃ ជាដើម កំពុង​នាំ​ចូល​រថយន្ដ​ម៉ូ​ដែល​ថ្មី​ចុង​ក្រោយ​របស់​ខ្លួន មក​តាំង​បង្ហាញ​បង្អួត​រូបរាង​គួរ​ឲ្យ​ទាក់ទាញ​ដល់​អ្នក​ប្រើប្រាស់ ដោយសារ​តែ​គេ​សម្លឹង​ឃើញ​ថា ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​មាន​សន្ទុះ​ខ្លាំង ។

បើ​តាម​ការ​លើក​ឡើង​របស់​អគ្គនាយក​ក្រុមហ៊ុន ISUZU​ដែល​ទើបតែ​នាំ​ចូល​រថយន្ដ ISUZU ម៉ូ​ដែល​D-MAX Blue Power និង MU-X  Blue Power ស៊េរី​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា សក្ដានុពល​ភាព​នៃ​ទីផ្សារ​រថយន្ដ​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង ពិសេស​ទៅ​ថ្ងៃ​អនាគត ដោយសារ​តែ​កម្ពុជា​ស្ថិត​ក្នុង​តំបន់​អាស៊ាន ដែល​ជា​ប្រទេស​មួយ​មាន​កំណើន​GDP ខ្ពស់​បើ​ធៀប​នឹង​ក្នុង​តំបន់ ។ ចំណុច​ដែល​សំខាន់​មួយទៀត គឺ​ប្រទេស​កម្ពុជា​មាន​ទីផ្សារ​រថយន្ដ​ខ្ពស់​ជាងគេ ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​នាំ​ចូល​រថយន្ដ​ម៉ូ​ដែល​ចុង​ក្រោយមក​ដាក់​លក់​នៅ​កម្ពុជា ។

កាលពី​ចុងខែ​មិថុនា​កន្លង​មក ប្រធាន​ផ្នែក​លក់​រថយន្ត Mazda ក្រុមហ៊ុន HGB Auto បានឱ្យ​ដឹង​ថា ការ​លក់​រថយន្ត​របស់​ក្រុមហ៊ុន បើ​ទោះជា​រាជរដ្ឋាភិបាល​បាន​ដំឡើង​ពន្ធ​បន្ថែម​លើ​ការ​នាំ​ចូល​រថយន្ត​មក​កាន់​ទីផ្សារ​កម្ពុជា​ក្ដី តែ​ការ​លក់​នៅ​តែ​ដំណើរការ​ល្អ ។

អ្នកស្រី អ៊ុ​ន កញ្ញា ប្រធាន​ផ្នែក​លក់​រូប​នេះ​ថា​៖« ពេល​យើង​ទិញ​រថយន្ត​ថ្មី​ពី​ស្រុក​គេ​មក តម្លៃ​វា​ធូរ​ថ្លៃ​ទេ វា​ថ្លៃ​តែ​ពន្ធ ហើយ​ដល់​ពេល​ពន្ធ​ឡើងថ្លៃ អីចឹង​តម្លៃ​រថយន្ត​ថ្មី​ក៏​ចេះ​តែ​ឡើង​ដែរ ។ ទោះបីជា​រថយន្ដ​ឡើងថ្លៃ​ក៏​ពិតមែន តែ​តម្រូវការ​ពី​ចំនួន​អ្នកទិញ​នៅ​តែ​មាន​ច្រើន ដែល​អាច​ឆ្លុះ​បញ្ចាំង​បាន​ថា ទីផ្សារ​មួយ​នេះ​កំពុង​តែ​ដំណើរការ​យ៉ាង​ល្អ » ។
តាម​ប្រធាន​ផ្នែក​លក់​ដដែល​បញ្ជាក់​ថា ៖ « ទោះ​រាជរដ្ឋាភិបាល​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​ថ្មី​ក្ដី ក៏​រថយន្ត​ម៉ាក​Mazda ក្នុង​មួយ​ខែល​ក់បាន​ប្រមាណ​១០០​គ្រឿង​ដែរ » ។
ដោយឡែក កាលពី​ពេល​ថ្មី​ៗ​នេះ ការ​នាំ​ចូល​រថយន្ដ​ពី​ប្រទេស​កូរ៉េ​ក៏​កំពុង​កើនឡើង​ដែរ ដែល​ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​មក ។ បើ​តាម​ប្រធាន​ការិយាល័យ​ស្ថិតិ​និង​ទំនាក់ទំនង​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ លោក អ៊ុ​ក សុ​មេធី បាន​មាន​ប្រសាសន៍​ថា ៖ « ការ​នាំ​ចូល​រថយន្ត​ពី​ប្រទេស​កូរ៉េ​កន្លង​មក​គឺ​ដឹក​តែ​តាម​នាវា​តូច​ៗ​ប៉ុណ្ណោះ អត់​ធ្លាប់​ដឹក​តាម​នាវា​ធំ​ទេ ទើបតែ​ពេល​នេះ គឺ​ដឹក​តាម​នាវា​ធំ​បែប RORO ដែល​អាច​បើករថយន្ដ​ចេញ​-​ចូល​ក្នុង​នាវា​បាន ហើយ​ជា​ធម្មតា គឺ​ដឹក​២​ជើង​ក្នុង​១​ខែ ដែល​ក្នុង​១​ជើងមាន​រថយន្ដ​ទាំង​ចាស់ និង​ថ្មី ប្រហែល​២០០​គ្រឿង » ។

លោក​បញ្ជាក់​ថា ៖ « រថយន្ត​ទាំងនេះ គឺ​មាន​ក្រុមហ៊ុន​ចំនួន​៤ ដោយ​ក្នុង​ក្រុមហ៊ុន​នីមួយ​ៗ មាន​ចំណែក​របស់​ខ្លួន​ប្រហែល​៥០​គ្រឿង ក្នុង​នោះ​មាន​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​, រថយន្ត​ដឹក​ដី និង​ក្បាល​រថយន្ត​ដឹក​កុងតឺន័រជាដើម » ។

គិត​មក​ដល់​ពេល​នេះ បើ​យោង​តាម​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា តំណាង​ឱ្យ​អ្នក​ចែកចាយ​ដែល​មាន​សិទ្ធិ រួម​មាន Audi, BMW, Chevrolet, Ford, Fuso, Great Wall, Honda, Isuzu, Jaguar, Kia, Land Rover, Mazda, Mercedes Benz, Mitsubishi, Nissan, Porsche, Subaru, Suzuki, Toyota និង Volkswagen ៕