ខេត្តកណ្តាល ៖ រថយន្តដឹកសណ្តែកសៀងម៉ាកហ៊ីយ៉ាន់ដាយទម្ងន់២,៥តោន ពណ៌ត្រេអ៊ីមួយគ្រឿងគ្មានស្លាកលេខ មានបិទឡូហ្គោអក្សរM បានក្រឡាប់ផ្ងារជើងដោយសារតែផ្ទុកច្រើនលើសចំណុះ ហើយរបូតកង់ក្រោយក្រឡាប់ចាក់បាវសណ្តែកសៀងចោលនៅក្បែរផ្លូវជាតិលេខ២១B ស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ។
នៅក្នុងហេតុការណ៍នេះបណ្តាលឱ្យអ្នកបើករថយន្តរងរបួសស្រាលឈ្មោះប៉ាង សារុន អាយុ៤០ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ គេរិះគន់ថា រថយន្តពណ៌ត្រេអីុដែលមានបិទឡូហ្គោអក្សរM នោះគឺជារថយន្តដឹកជញ្ជូនរបស់យោធាចុះហេតុអ្វីបានជាត្រូវគេយកទៅដឹកជញ្ជូនទំនិញឯកជនទៅវិញ។ សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា រថយន្តនោះបើកពីត្បូងទៅជើងដឹកសណ្តែកសៀងខ្ពស់ហួសទ្រុង លើផ្លូវជាតិលេខ២១B សំដៅទៅស្រុកកោះធំ។ ពេលបើកឆ្លងស្ពានលេខ២២ ស្ពានព្រែកម៉ៅ ផុតបានប្រហែល២០ម៉ែត្រស្រាប់តែរថយន្តនោះរបូតកង់ក្រោយខាងស្តាំបណ្តាលឱ្យក្រឡាប់ផ្ងារជើងចាក់បាវសណ្តែកសៀងចោល ហើយអ្នកបើកបររថយន្តរងរបួសស្រាល។
សាក្សីឱ្យដឹងថា ក្រោយពីពេលកើតហេតុគេឃើញមន្ត្រីសាធារណការស្រុកស្អាង និងប៉ូលិសចរាចរទៅកន្លែងកើតហេតុសាកសួរដើម្បីធ្វើកំណត់ហេតុ ប៉ុន្តែមន្ត្រីទាំងនោះមិនត្រូវអ្នកបើកបររថយន្តសហការឱ្យធ្វើកំណត់ហេតុឡើយ ដោយនិយាយក្រអឺតក្រទមថា គេស្គាល់អ្នកធំច្រើន ហើយរឿងនេះមិនបានធ្វើឱ្យប៉ះពាល់ ឬខូចខាតដល់អ្នកដទៃទេ ដូចនេះគេមិនសហការជាមួយសមត្ថកិច្ចឡើយ។
អ្នកបើកបររថយន្តនោះនិយាយទៀតថា បើសិនជារថយន្តមិនដាក់លើសចំណុះទេ គឺមិនចំណេញទេ ព្រោះនៅតាមផ្លូវបង់លុយជាបន្តបន្ទាប់អស់ច្រើនណាស់ឱ្យក្រុមជញ្ជីងថ្លឹងរថយន្តនៅតាមផ្លូវជាតិ។ ប៉ុន្តែបើតាមមន្ត្រីសាធារណការដែលទៅពិនិត្យកន្លែងកើតហេតុឱ្យដឹងថា រថយន្តនេះពីមុនមកមិនដែលបានឈប់ឱ្យក្រុមសាធារណការដែលប្រចាំការតាមផ្លូវពិនិត្យទម្ងន់ទេ គឺអាងរថយន្តពណ៌ត្រេអ៊ី។ បើទោះជាបែបណាក្តី មិនមានមន្ត្រីជំនាញណាអាចផាកពិន័យលើអ្នកបើកបររថយន្តបានឡើយ ៕
ចែករំលែកព័តមាននេះ