ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប សម្លា.ប់ រក្សា​ចម្លើយ នាំ​ខ្លួន​ឃាតករ​សម្លា.ប់​លោក​បណ្ឌិត កែម ឡី ឱ្យ​ចៅក្រម​សាកសួរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​នាំ​ខ្លួន​ឃាតករ​ឈ្មោះ ជួប សម្លា.ប់

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​នាំ​ខ្លួន​ឃាតករ​ឈ្មោះ ជួប សម្លាប់ មក​ធ្វើការ​សាកសួរ​បន្ថែម​ក្នុង​សំណុំរឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម  ឡី កាលពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​មក ប្រយោជន៍​ដើម្បី​រក​ភ័ស្តុតាង​ឲ្យ​បាន​រឹង​មាំ​សម្រាប់​ដាក់បន្ទុក​លើ​ជន​ត្រូវ​ចោទ​រូប​នេះ​ទៅ​តាម​នីតិវិធី ។

ក្នុង​ទឹកមុខ​ស្លេកស្លាំង រាង​កាយ​ស្គមស្គាំង​បន្តិច ឃាតករ ជួប សម្លាប់ ដែល​មានឈ្មោះ​ពិត អឿ​ត អាង ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ដឹក​តាម​រថយន្ត​ឡង់​គ្រី​ស្ស័​រ​មួយ​គ្រឿង គឺ​មិន​បាន​ជិះ​រថយន្ត​ទ្រុង​ដូច​អ្នកទោស​ដទៃ​នោះ​ទេ បាន​បើក​ចូល​ដល់​ជណ្តើរ​សាលាដំបូង​តែ​ម្តង ។ បន្ទាប់​មក ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​នាំ​ចេញពី​រថយន្ត​យ៉ាង​ប្រញាប់ប្រញាល់​ឡើង​ទៅ​កាន់​បន្ទប់​លោក​ចៅក្រម​ស៊ើបសួរ ហាក់ដូចជា​ខ្លាច​អ្នកកាសែត​ថតរូប ខណៈ​ឃាតករ​រូប​នេះ​គឺជា​ជន​ដែល​មហាជន​ថ្កោលទោស​ជា​ប្រវត្តិសាស្ត្រ​រួច​ទៅ​ហើយ​នោះ ។

ការ​សាកសួរ​បន្ថែម​លើ​ជនសង្ស័យ​ឈ្មោះ ជួប សម្លាប់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចំណាយពេល​អស់​មួយ​ព្រឹក រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ទើប​បញ្ចប់ និង​បាន​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​នាំ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​វិញ ។ ដោយ​ដៃ​ជាប់​ខ្នោះ​និង​ទឹកមុខ​ស្លេកស្លាំង​នោះ ពេល​អនុរក្ស​ពន្ធនាគារ​នាំ​ចូល​រថយន្ត ជន​ឈ្មោះ ជួប សម្លាប់ មិន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ទេ ជាមួយនឹង​ការ​ការពារ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​អនុរក្ស​ពន្ធនាគារ​ផង ។

ចំពោះ​លទ្ធផល​នៃ​ការ​សាកសួរ ត្រូវ​បាន​លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តល់​ព័ត៌មាន​តាម​តេ​ឡេ​ក្រាម​ថា ចៅក្រម​ស៊ើបសួរ​បាន​សួរ​ចម្លើយ​បន្ថែម​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ និង​បាន​ពិនិត្យ​លើ​ភ័ស្តុតាង​នានា ហើយនឹង​បន្ត​ចំណាត់ការ​ស៊ើបសួរ​នៅ​ក្នុង​រឿង​ក្តី​នេះ​បន្ថែម​ទៀត ។

គួរ​បញ្ជាក់​ថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ឃាតករ​ឈ្មោះ ជួប សម្លាប់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន យោង​តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​តាម​មាត្រា​៤៩០ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ។ ជនជាប់ចោទ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស នា​វេលា​ម៉ោង​៥​ល្ងាច ក្រោម​កិច្ច​ការពារ​សន្តិសុខ​យ៉ាង​រឹង​មាំ​ពី​សំណាក់​កងកម្លាំង​ង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ។

មានការ​កត់​សម្គាល់ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី បាន​សម្រេច​ចោទប្រកាន់​ក្នុង​បទល្មើស​ឃាតកម្ម​គិត​ទុកជា​មុន​នេះ​ទៅ​លើ​ឈ្មោះ ជួប សម្លាប់ មិនមែន​ចោទប្រកាន់​ឈ្មោះ អឿ​ត អាង ដូចដែល​បាន​ស្រាវជ្រាវ​ឈ្មោះ​ដល់​ផ្ទះ​ជន​នេះ​ទេ ។ ចំណែក​ជន​ជា​ឃាតករ​នេះ​នៅ​តែ​រក្សា​ជំហរ​ថា ខ្លួន​ពិតជា​ជន​ដៃដល់​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ឯករាជ្យ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្តា​រ៍​ម៉ាត​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​កែង​ស្តុ​ប​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ប្រាកដ​មែន ។

ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ គឺ​ខ្លួន​ប្រើ​អាវុធ​ខ្លី​ម៉ា​កឡុក និង​បាញ់​២​គ្រាប់​លើ​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយ​នៅ​តុ​កាហ្វេ ដោយ​មូលហេតុ​លោក​បណ្ឌិត កែម ឡី ជំពាក់​ប្រាក់​ខ្លួន​(​ជួប សម្លាប់​)​ចំនួន ៣.០០០​ដុល្លារ​អា​មេ​រិ​ក​មិន​ព្រម​សង ។ ការ​ប្រកាន់​ជំហរ​ពី​មូលហេតុ​បាញ់​សម្លាប់​នេះ ត្រូវ​បាន​សាធារណ​មតិ​ច្រានចោល​ជា​ទូទៅ ហើយ​អ្វី​ដែល​កាត់​តែ​ច្បាស់​ទៀត​នោះ គឺ​ការ​អះអាង​របស់​ប្រពន្ធ​ជន​នេះ​នៅ​ឯ​ខេត្តសៀមរាប​ក៏​បាន​បង្ហាញ​ថា អឿ​ត អាង ដែល​ក្លែង​ឈ្មោះ​ថា ជួប សម្លាប់ នេះ​និយាយ​ប្រៀប​ដូច​ជា​សត្វ​សេក​តែ​ប៉ុណ្ណោះ ។ ក្រោយ​ពេល​បាញ់​សម្លាប់​ហើយ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង​ទៅ​ផ្លូវ​សុធារស រហូត​ដល់​ក្បែរ​វត្ត​ស្វាយ​ពពែ ទើបត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ។

  • ទាមទារ​ឱ្យ​មានការ​ហៅ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​មក​សាកសួរ​រួម​ទាំង​ប្រពន្ធ​ឃាតករ

សំណុំរឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម​ឡី សមត្ថកិច្ច​មិន​ទាន់​បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅឡើយ​ទេ ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​មកនេះ ។ ទោះបីជា​យ៉ាងនេះ​ក្ដី​សាធារណ​មតិ​ខ្លះ​បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​ការ​ស៊ើបអង្កេត​កាត់​តែ​ស៊ីជម្រៅ គប្បី​ហៅ​មនុស្ស​មួយ​ចំនួន​ដែល​ជា​សាក្សី​ជុំវិញ​ហេតុការណ៍​នោះ​មក​សាកសួរ​។

មនុស្ស​មួយ​ចំនួន​ដែល​អាច​ហៅ​មក​សាកសួរ គឺ​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ស្តា​រ៍​ម៉ាត​កាល់​តិច (Star Mart, Caltex) អ្នក​ចូល​ផឹក​កាហ្វេ​ក្នុង​ម៉ាត​ដែល​ឃើញ​សកម្មភាព​បាញ់ ក្រុម​គ្រួសារ​ជនសង្ស័យ​ឈ្មោះ ជួប សម្លាប់ នៅ​ខេត្តសៀមរាប និង​អ្នក​ដែល​ផ្ដល់​កន្លែង​ស្នាក់​នៅ​ឲ្យ ជួប សម្លាប់ នៅ​រាជធានី​ភ្នំពេញ ការ​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ស្តារ​ម៉ាត និង​កាំភ្លើងខ្លី​ទំនើប​ម៉ា​កឡុក​ដែល​ជនសង្ស័យ​ប្រើប្រាស់​ថា​តើ​កាំភ្លើង​នោះ​នៅ​ក្នុង​ស្ថាប័ន​ណា? ឬ​ក៏​ជនសង្ស័យ​ទិញ​ពី​ណា​មក​ជាដើម ?

តាម​វិទ្យុ​អាស៊ី​សេរី​បាន​ស្រង់​សំដី​លោក​បណ្ឌិត ហ៊ា​ង ឫ​ទ្ធី ដែល​មាន​ប្រសាសន៍​ថា ត្រូវ​តែ​កោះហៅ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់នេះ​មក​សួរនាំ ពីព្រោះ​ថា​ពួក​គេ​ទាំងនេះ​ជា​សាក្សី ឬ​ជា​អ្នកដឹង​ឮ​សំខាន់​ក្នុង​រឿង​ឃាតកម្ម​នេះ និង​ជា​ជំនួយ​ដល់​ដំណើរការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច និង​តុលាការ ។

ថ្ងៃ​ទី​១០ ខែសីហា គឺជា​ខួប​១​ខែ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ។ ក្នុង​រយៈពេល​១​ខែ​មកនេះ​អ្វី​ដែល​សាធារណជន​លើក​ជា​ច​ម្ង​ល់​នោះ​គឺ តើ​មូលហេតុ​អ្វី​បានជា​សមត្ថកិច្ច​មិន​បញ្ចេញ​ជា​សាធារណៈ​ដើម្បី​ឲ្យ​មហាជន​បានឃើញ​ថា តើ​អ្នក​ណា​ជា​ឃាតករ​ពិតប្រាកដ ?

មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ថា មក​ទល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​ផ្សេង​ទៀត​ទេ ក្រៅពី ជួប សម្លាប់ ។ លោក​បញ្ជាក់​ថា មូលហេតុ​សំខាន់​គឺ​ជនសង្ស័យ​រឹងរូស​មិន​ឆ្លើយ​សារភាព​៖ «​ដល់​សួរ​ទៅ​គាត់​មិន​ស្គាល់​ប្រពន្ធ និង​ម្ដាយ​គាត់​ទេ គាត់​បដិសេធ រឹងរូស​មែនទែន មិន​សារភាព​ដោយសារ​អី ? ដោយសារ​ច្បាប់​យើង​មិន​អាច​ចាប់បង្ខំ​ក្នុង​ការ​សារភាព ប្រហែលជា​ហៅ​សម​មិត្ត ឌុ​ច មក​សួរ​ទើបបាន​»​។

  • គ្រោង​ធ្វើ​បុណ្យខួប​១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី ចំ​ថ្ងៃ​សិទ្ធិ​មនុស្ស

ខេត្តតាកែវ ៖ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​រយៈពេល​ជាង​១​ខែ​មក​ហើយ ហើយ​រហូត​មក​ដល់​ពេល​នេះ​អ្នក​រួមគំនិត​និង​មេខ្លោង​នៅ​ពីក្រោយ​ខ្នង សមត្ថកិច្ច​នៅ​តែ​រក​មិន​ទាន់​ឃើញ​នៅឡើយ ឯការ​ឈឺចាប់​របស់​គ្រួសារ​នៅ​តែ​បន្ត​ឥត​ស្រាកស្រាន្ត ។ ទោះជា​បែប​ណា​ក៏​ដោយ នៅផ្ទះ​លោក​បណ្ឌិត កែម ឡី ក្នុង​ឃុំ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ដែល​ពេល​នេះ​ជាទី​កន្លែង​បញ្ចុះសព​លោក​នោះ ប្រជាពលរដ្ឋ​ពី​ទី​ជិត​ឆ្ងាយ​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​មក​គោរព​វិញ្ញាណក្ខន្ធ​នៅ​មុខ​ផ្នូរ​បញ្ចុះសព​លោក​បណ្ឌិត​មិន​ដែល​អាក់ខាន​ឡើយ ។

លោកយាយ ភោគ សេ អាយុ​៧៦​ឆ្នាំ ជា​ម្តាយបង្កើត​របស់​លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា តាំងពី​ថ្ងៃ​បញ្ចុះសព​កូនប្រុស​របស់​គាត់​រហូត​មក គាត់​បាន​ស​ម្រា​ន​ជាមួយ​កូនក្មួយ​នៅ​ពីមុខ​ផ្នូរ​បញ្ចុះសព​កូន​រហូត ។ ប៉ុន្តែ​ចម្លែក​ព្រោះថា តាំងពី​កូនប្រុស​ត្រូវ​គេ​បាញ់​សម្លាប់​រហូត​មក​ដល់​ពេល​នេះ កូន​គាត់​មិន​ដែល​ឱ្យ​គាត់​ជា​ម្តាយ​ឬ​បងប្អូន​យល់​សុ​បិ​ន្ត​ឃើញ​ម្តងណា​ឡើយ សូ​ម្បី​ឱ្យ​ខ្លាច​ក៏​គ្មាន​ដែរ ។

លោកយាយ​បាន​បន្ត​ទៀត​ថា រាល់​ថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ​យើង​រស់នៅ​ទី​ជិត​ឆ្ងាយ​នៅ​តែ​បន្ត​មក​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​នៅ​មុខ​ផ្នូរ​បញ្ចុះសព​កូនប្រុស​គាត់​ជា​ហូរហែ ។ ចំពោះ​ពិធីបុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​វិញ គាត់​បាន​ពិភាក្សា​គ្នា​ជាមួយ​បងប្អូន ពិសេស​កូនប្រសា​ស្រី​របស់​គាត់ បើ​តាម​គម្រោង​យើង​ធ្វើបុណ្យ​គម្រប់​១០០​ថ្ងៃ​ជូន​វិញ្ញាណក្ខន្ធ​កូន​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ២០១៦ (​ចំ​ថ្ងៃ​បុណ្យ​សិទ្ធិ​មនុស្ស​) ខាង​មុខ​នេះ ។

លោក ភោគ សំបូរ ដែល​ជា​បងជីដូនមួយ​របស់​លោក​បណ្ឌិត កែម ឡី បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ពិធីបុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​ជូន​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី រួច នៅ​ក្នុង​ទីធ្លា​ផ្ទះ និង​ទី​បញ្ចុះសព​លោក​បណ្ឌិត យើង​មាន​គម្រោង​សង់​ជា​រូបសំណាក​លោក​បណ្ឌិត​សង់​បណ្ណាល័យ​ដាក់​ឯកសារ​របស់​លោក​បណ្ឌិត និង​ធ្វើ​សួនច្បារ ដើម្បី​ជា​សោភ័ណ​ភាព​មួយ​នៅ​ពេល​បងប្អូន​មក​មើល​កន្លែង​ទី​បញ្ចុះសព​លោក​បណ្ឌិត ។ ចំណែក​ផ្នូរ​វិញ យើង​រៀបចំ​ធ្វើ​ចេតិយ​ឱ្យ​ស្អាត​ជូន​លោក​ឱ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

លោក​សង្ឃឹមថា នៅ​ថ្ងៃ​បុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​ខាង​មុខ​នេះ នឹង​មាន​បងប្អូន​ជិត​ឆ្ងាយ​មក​ចូលរួម​យ៉ាងច្រើន​កុះករ​ជាក់​ជា​ពុំខាន ៕