ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​កម្ពុជា​មិន​ឈ្នះ​មេដាយ MOSWC 2016 តែ​ទទួល​ការ​ស្ញប់ស្ញែង

7 ឆ្នាំ មុន

ព្រឹត្ដិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​ជំនាញ​ផ្នែក​កុំព្យូទ័រ​ការិយាល័យ ឬ (Microsoft Office Specialist World Championship) ឆ្នាំ​២០១៦ ដែល​ត្រូវ​បាន​ប្រារឰ​ឡើង​នៅ​ក្នុង​ទីក្រុង Orlando រដ្ឋ Florida

ព្រឹត្ដិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​ជំនាញ​ផ្នែក​កុំព្យូទ័រ​ការិយាល័យ ឬ (Microsoft Office Specialist World Championship) ឆ្នាំ​២០១៦ ដែល​ត្រូវ​បាន​ប្រារឰ​ឡើង​នៅ​ក្នុង​ទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក ពី​ថ្ងៃ​ទី​៧ ដល់ទី​១១ ខែសីហា កន្លង​មកនេះ បាន​ចប់​សព្វគ្រប់​ក្រោម​វត្ដមាន​ចូលរួម​ប្រកួត​ពី​បេក្ខជន​តំណាង​ជាតិ​ជាង​១០០​ប្រទេស​ជុំវិញ​ពិភពលោក រួម​ទាំង​បេក្ខភាព​ពី​កម្ពុជា​ចំនួន​៣​រូប​ផង​ដែរ​។

បើ​ទោះបីជា​លទ្ធផល​ឆ្នាំ​នេះ បេក្ខជន​តំណាង​កម្ពុជា ដែល​បាន​ប្ដេជ្ញា​ចិត្ដ និង​មាន​ជំនឿ​ចិត្ដ​ខ្ពស់​ក្រោយ​ពី​បាន​ហ្វឹកហាត់​ជំនាញ​រៀង​ៗ​ខ្លួន ជា​ពិសេស​ទទួល​ការ​ណែនាំ​ពី​ម្ចាស់​ជើងឯក​មេដាយ​ប្រាក់​ឆ្នាំ​២០១៥ មិន​បាន​ទទួល​ជ័យ​លា​ភី​ក្នុង​ការ​ដណ្ដើម​មេដាយ​ដូច​ការ​រំពឹង​ទុក​យ៉ាងណា​ក៏​ដោយ ក៏​កិត្ដិនាម​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​នៅ​លើ​ឆាក​អន្ដរ​ជាតិ។

លោក លី វាសនា នាយក​គ្រប់គ្រង​ក្រុមហ៊ុន IIG Education Cambodia ដែល​បាន​ដឹកនាំ​ក្រុម​បេក្ខជន​កម្ពុជា​ចូលរួម​ព្រឹត្ដិការណ៍​នេះ បាន​ឲ្យ​ដឹង​ថា «​ក្រុម​កម្ពុជា​យើង​មិន​ទទួល​បាន​មេដាយ​ទេ សម្រាប់​ការ​ប្រកួត​ឆ្នាំ​២០១៦​នេះ​។ ប៉ុន្ដែ​វា​មិនមែន​ជា​បញ្ហា​ឡើយ​។ ឆ្នាំ​ក្រោយ យើង​នឹង​កាន់តែ​ខិតខំ​បន្ថែម​ទៀត ពីព្រោះ​យើង​នៅ​តែ​មាន​ជំនឿ និង​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​មក​ពី​ជាង​១០០​ប្រទេស​ទៀត​»​។

ជា​អ្នកដឹកនាំ​ក្រុម​កម្ពុជា​ម្នាក់​ដែរ​នោះ កញ្ញា Ha Thu Huong នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន ជា​ដៃគូ​ឧបត្ថម្ភ​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​ឲ្យ​បេក្ខជន​កម្ពុជា​ទៅ​កាន់ការ​ប្រកួត​លំដាប់​ពិភពលោក បាន​បន្ដ​ថា «​ថ្វី​ដ្បិតតែ​យើង​មិន​អាច​ដណ្ដើម​ជោគជ័យ​សម្រាប់​ការ​ប្រកួត​ថ្នាក់​អន្ដរជាតិ ទើបតែ​លើក​ទី​៣​នេះ​យ៉ាងណា​ក៏​ដោយ ក៏​មនុស្ស​គ្រប់​រូប​ទូ​ទាំង​ពិភពលោក​បាន​ស្គាល់​កម្ពុជា និង​មានការ​កោតសរសើរ​ចំពោះ​យើង​ដែល​បាន​ឈ្នះ​មេដាយ​ប្រាក់​កន្លង​មក​»​។

យុវជន គង់ ហេ​រ៉ូ អាយុ​១៧​ឆ្នាំ ជា​បេក្ខជន​មួយ​រូប​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ផ្នែក Microsoft PowerPoint និង​ជា​ប្អូនប្រុស​របស់​ម្ចាស់​ជ័យ​លា​ភី​មេដាយ​ប្រាក់ គង់ ឌី​វី​ន បាន​ប្រាប់​ថា លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដែល​បានដឹង​ថា បេក្ខជន​មក​ពី​បណ្ដា​ប្រទេស​នានា​ចង់​ដឹង​ចង់​ស្គាល់​ពី​កម្ពុជា​។

លោក​បាន​ឲ្យ​ដឹង​ថា «​ពួក​គេ​មក​សួរនាំ​យើង​ជា​ច្រើន​សំណួរ​។ អ្នកខ្លះ​និយាយ​ថា យើង​គឺជា​មនុស្ស​រួសរាយ​រាក់ទាក់​ណាស់ ហើយ​ពួក​គេ​ក៏​បានដឹង​ថា ក្រោយ​ពី​បេក្ខជន​កម្ពុជា​ឈ្នះ​មេដាយ​កាលពី​ឆ្នាំ​មុន យើង​ក៏​មាន​ជំនាញ​ខ្ពស់​ផង​ដែរ​»​។

លោក ញ៉ុ​ង ឌី​ន​ថន ជា​អគ្គនាយករង​ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន ដែល​ធ្វើការ​វិនិយោគ​លើ​ធនធានមនុស្ស​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ចាប់តាំងពី​ខ្លួន​ដំណើរការ​បណ្ដាញ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០០៩ ធ្លាប់​បាន​លើក​ឡើង​ថា «​ការ​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្ដរជាតិ​នេះ ជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​របស់​យើង​។ មិត្ដ​ហ្វូ​ន​នៅ​តែ​បន្ដ​ឧបត្ថម្ភ​លើ​វិស័យ​នេះ​ទៀត​»៕