ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei ចូលរួម​គាំទ្រ​តន្ត្រី​សប្បុរសធម៌ ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា ទូរគមនាគមន៍ (ICT) ដ៏​ធំ​ឈានមុខ​គេ និង​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​បី

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា ទូរគមនាគមន៍ (ICT) ដ៏​ធំ​ឈានមុខ​គេ និង​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​បី លើ​ពិភពលោក បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​សុ​បិ​ន្ត​នៃ​ក្តី​ស្រឡាញ់​សម្រាប់​អនាគត​មូលនិធិ​សប្បុរសធម៌ ដើម្បី​ជួយ​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា ដែល​ជា​មន្ទីរពេទ្យ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់​លាន​នាក់​មក​ហើយ ។

កម្មវិធី​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ចំនួន​ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា គឺ​នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ សីហា ២០១៦ កន្លង​មកនេះ នៅ​សាល​មហោស្រព​ចតុមុខ ក្នុង​គោលបំណង​រៃ​អង្គាស​ថវិកា ដើម្បី​លើកកម្ពស់​វិស័យ​សុខុមាលភាព​កុមារ​កម្ពុជា គឺ​មូលនិធិ​សប្បុរសធម៌ ដើម្បី​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ គន្ធ​បុប្ផា គឺជា​មន្ទីរពេទ្យ​ដែល​ជួយ​ព្យាបាល និង​សង្គ្រោះ​ជីវិត​កុមារ​ងាយ​រង​គ្រោះ កុមារ​ក្រីក្រ និង​កុមារ​អនាថា ដោយ​ឥត​គិតថ្លៃ ។

កម្មវិធី​ប្រគំ​តន្ត្រី «​សុ​បិ​ន្ត​នៃ​ក្តី​ស្រឡាញ់​សម្រាប់​អនាគត មូលនិធិ​សប្បុរសធម៌ ដើម្បី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​» គឺ​រួម​មានការ​សហការ​រវាង​បណ្តា​សប្បុរសជន​កម្ពុជា សមាគម​ប្រទេស​កូរ៉េ ក្រុមហ៊ុន Huawei រួម​ទាំង​បណ្តា​ស្ថាប័ន​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

លោក Jason នាយក​គ្រប់គ្រង Huawei Mobile Device Department ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ចូល រួម​ជា​អ្នក​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន Huawei  របស់​លោក​ចូលរួម​គាំទ្រ​កម្មវិធី​សប្បុរស​មួយ​នេះ ដោយសារ​សម្លឹង​ឃើញ​ពី​ការ​លំបាក និង​តម្រូវការ​ជំនួយ​ជា​ចាំបាច់​របស់​កុមារ​ងាយ​រង​គ្រោះ និង​កុមារ​ទី​ទាល់ក្រ​កម្ពុជា ។ អាស្រ័យ​ហេតុនេះ ទើប​ក្រុមហ៊ុន Huawei បរិច្ចាគ​ថវិកា​មួយ​ចំណែក​នៃ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន ដើម្បី​ចូលរួម​ជួយ​តន្ត្រី​សប្បុរសធម៌ ក៏​ដូច​ជា​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​កិច្ចការ​សង្គម​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ លោក​បន្ត​ថា យើង​ចង់​ឃើញ​ស្នាមញញឹម​របស់​កុមារ​ទាំងអស់​គ្នា​! យើង​ចង់​ឲ្យ​កុមារ​មាន​សុខភាព​ល្អ យើង​នឹង​នៅ​តែ​បន្តសកម្មភាព​សប្បុរសធម៌​របស់​យើង​ជាមួយនឹង​មូលនិធិ ដើម្បី​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ការ​ប្រគំ​តន្ត្រី​ដ៏​កម្រ​នេះ គឺ​មាន​វត្តមាន​កំពូល​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា និង​កូរ៉េ ដូច​ជា កញ្ញា មាស សុខ​សោភា ក្រុម DYNAMIC ក្រុម​សម្តែង PAUL YOUTH និង ក្រុម PPL  និង CHAKRABONA ដែល​តម្លៃ​សំបុត្រ​ចូលរួម​ទស្សនា​ក្នុង​ម្នាក់​៥​ដុល្លារ ។

កញ្ញា មាស សុខ​សោភា តារាចម្រៀង​ដ៏​ល្បី និង​ជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន ស្មា​ត​ហ្វូ​ន Huawei លើក​ឡើង​ថា «​ក្នុង​នាម​នាង​ខ្ញុំ​ជា​តារាចម្រៀង​ម្នាក់ នាង​ខ្ញុំ​ស្ម័គ្រ​ចិត្ត​លះបង់​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ផ្តល់​ស្នាមញញឹម​ដល់​កុមារ​កម្ពុជា ជា​ពិសេស​គឺ​កុមារ​ដែល​ត្រូវការ​សង្គ្រោះ​ជា​ចាំបាច់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ចុះ​អ្នក​វិញ?»​។

ដោយឡែក​យុវតី សុមាលី ស្រស់ វ័យ​១៩​ឆ្នាំ សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កញ្ញា​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥​ដុល្លារ សម្រាប់​ថ្លៃ​សំបុត្រ ដើម្បី​​ចូលរួម​ទស្សនាការ​ប្រគំ​តន្ត្រី​នេះ ក៏​ដូច​ជា ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ។ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​មែនទែន ទោះបី​ចំនួន​នេះ​ជា​ការ​រួមចំណែក​ដ៏​តិចតួច​ក៏​ដោយ ប៉ុន្តែ​វា​ជា​អំពើ​ល្អ និង​ចិត្តសប្បុរស​របស់​នាង​ខ្ញុំ​» ។ យើង​រួម​គ្នា​ធ្វើអំពើ​ល្អ​ទាំងអស់​គ្នា ហើយ​ចាប់ផ្តើម​បរិច្ចាគ​អ្វី​ដែល​អ្នកមាន​ទៅ​ដល់​សង្គម​វិញ ។

គួរ​រំលឹក​ថា ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ និង​បណ្តា​សប្បុរសជន ក្រុមហ៊ុន​ស្ថាប័ន​នានា នឹង​ត្រូវ បូក​សរុប ហើយនឹង​យក​ថវិកា​ទាំង​អស់នោះ​ទៅ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ សម្រាប់​កាលបរិច្ឆេទ​នៃ​កម្មវិធី​បរិច្ចាគ នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ ៕