ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវ​នាវ​​​ដល់​ជនជាតិអាមេរិក​ឱ្យ​ចាកចេញ​ពីយេម៉ែន

15 ឆ្នាំ មុន

សហរដ្ឋអាមេរិក​​​បានណែនាំ​កាលពីថ្ងៃទី​​៦ មីនា ​​ដល់ពលរដ្ឋ​​អាមេរិក​ឱ្យ​ចាកចេញ​​ពីយេម៉ែន ​ដោយសារ​​តែ​មាន​​​គ្រោះ​ថ្នាក់​ខ្ពស់​ខាង​បញ្ហា​​សន្តិ​​សុខ​មកពី​សកម្ម​ភាព​របស់​​ពួកភេរវ​ករ និង​ភាព​វឹក​វរ​សង្គម ។​
អាជ្ញាធរ​យេម៉ែន​​បានរាយការណ៍​​​​នាថ្ងៃ​ដដែល​​​នោះ​ពីការ​ស្លាប់​​ប៉ូលិស​​​៤នាក់ ក្នុង​ការ​ពួន​ស្ទាក់​វាយប្រហារ​​មួយនា​ភាគ​ខាងកើត​​ក្រុង​​សា​ណាអា ​ដែលសង្ស័យ​​ថា ជា​ស្នាដៃ​​របស់អាល់កៃ​ដា​​នៅ​ឧបទ្វីប​​អារ៉ាប់ ដែល​​​សហរដ្ឋអាមេរិក​​ជួយរដ្ឋាភិបាលយេម៉ែន ក្នុងការប្រយុទ្ធ​​​ប្រឆាំង​​​ក្រុម​នេះ ។ នៅទីក្រុង ZINDJIBAR ភាគខាង​ត្បូងប្រទេស ​នាយទាហាន​​​ជាន់ខ្ពស់​​ខាង​ផ្នែក​​ស៊ើប​ការណ៍​​ម្នាក់ត្រូវ​​គេបាញ់​ស្លាប់ ។ ​ក៏ប៉ុន្តែ​​នា​ពេល​នេះ​​គឺ​​រលក​នៃការ​តវ៉ា​ប្រឆាំង​​ប្រធានា​ធិប​តី​​លោកអាលី​​អាប់​​ដាល់​ឡាហ៍ ​សាឡេហ៍ ដែល​កាន់​អំណាច​ចាប់តាំង​ពី​​​៣២​ឆ្នាំមក​ហើយ ​​ជា​រឿង​ធ្វើ​​​ឱ្យ​ក្រុង​វ៉ា​ស៊ីន​​តោន​មានការ​ព្រួយបារម្ភ។​
ទោះបី​ជា​មានការ​ប្រមូល​ផ្តុំ​​​មនុស្ស​​​ពុំធ្លាប់​​មាន​ពី​​មុន​មករបស់​ពួក​ប្រឆាំង​​​ដែលនា​ថ្ងៃទី​៤ មីនា ​មានដល់​​​១០០.០០០​នាក់នៅ​ទីក្រុង​​សា​ណា​អា ដើម្បី​​ទាមទារ​​ឱ្យ​​លោក​​ចាកចេញ​ពី​អំណាច​​​​ក៏​ដោយ ​ក៏​លោក​សាឡេហ៍​​ បានបដិសេធ​​​កាលពី​ចុង​​សប្តាហ៍​​កន្លង​មក​​​​នេះ​ពុំ​​ព្រម​ចាកចេញ​​មុន​ដាច់​​អាណត្តិ​​របស់​លោក​ក្នុងឆ្នាំ​​២០១៣​ដែរ ៕