ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្លាយ​វិទ្យុ​សកម្ម​នៅ​ហ្វូ​គូ​សីុ​ម៉ា​បំពុល​ទឹក​សមុទ្រ​គួរ​ឱ្យ​បារម្ភ

15 ឆ្នាំ មុន

ប្រទេស​ជប៉ុន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៦ មីនា ថា បាន​វាស់​កំរិត​អ៊ីយ៉ូត​វិទ្យុ​សកម្ម​ក្នុង​ទឹក​សមុទ្រ​ថា​ មាន​កំរិត​ដល់​ទៅ​១.២​៥០​ដង​ខ្ពស់​ជាង​កំរិត​ធម្មតា​នៅ​សមុទ្រ​ជិត​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា​ដែល​រង​ការ​ខូច​ខាត​ដោយ​ការ​រញ្ជួយ​ដី​ដោយ​ពង្រឹង​ការ​ភ័យ​ខ្លាច​ពី​ការ​ធ្លាយ​វិទ្យុ​សកម្ម​នេះ​ពី​រេ​អាក់​ទ័រ​ណា​មួយ​ ឬ​រេ​អាក់​ទ័រ​ជា​ច្រើន​ទៀត​នៅ​ក្នុង​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​នេះ​។
កំរិត​ខ្ពស់​នៃ​ការ​បំពុល​វិទ្យុ​សកម្ម​នោះ​ធ្វើ​ឱ្យ​ធ្ងន់​ធ្ងរ​ដល់​គ្រោះ​ថ្នាក់​នៃ​ការ​បំពុល​វិទ្យុ​សកម្ម​ដល់​អាហារ​តាម​រយៈ​ផលិត​ផល​សមុទ្រ​ទាំង​ឡាយ​ដែល​ប្រើ​ប្រាស់​ខ្លាំង​បំផុត​នៅ​ជប៉ុន​។
កាល​ពី​ថ្ងៃ​ទី​២៥ មីនា កន្លង​មក​នេះ​អគ្គ​លេខា​ធិការ​អ.ស.ប​ លោក​បាន គី​មូន បាន​ស្នើ​ដល់​សហ​រដ្ឋ​អាមេរិក​ឱ្យ​ទាញ​យក​មេ​រៀន​នៃ​វិបត្តិ​នុយ​ក្លេ​អ៊ែរ​ដែល​កំពុង​កើត​មាន​​នៅ​ភាគ​ឥសាន​
ជប៉ុន​។ ប៉ុន្មាន​ម៉ោង​មុន​នេះ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ណា​អូ​តូ​កាន បាន​ទទួល​ស្គាល់​ថា សភាព​ការណ៍​នៅតែ​​ពុំ​អាច​ព្យាករណ៍​ទុក​បាន​នៅ​ហ្វូ​គូ​ស៊ីម៉ា​ដាយ​អ៊ីជី​។​
យោង​តាម​ក្រុម​ហ៊ុន TEPCO ដែល​ធ្វើ​អាជីវ​កម្ម​លើ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែ​នៅ​ហ្វូគូ​ស៊ីម៉ា​ថា ការ​ងារ​នៅ​តែ​បន្ត​ក្នុង​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​នោះ​កាល​ពី​ថ្ងៃ​ទី​២៦ មីនា ក៏​ប៉ុន្តែ​ការ​ងារ​ទាំង​នោះ​​ត្រូវ​មាន​ការ​យឺត​យ៉ាវ​មក​ពី​ការ​រក​ឃើញ​​ថ្លុក​វិទ្យុ​សកម្ម​ក្នុង​រេ​អាក់​ទ័រ​៣​ក្នុង​ចំណោម​រេ​អាក់​ទ័រ​ទាំង​៦របស់​មជ្ឈ​មណ្ឌល​ហ្វូគូ​សីុ​ម៉ា​។ អ្នក​បច្ចេក​ទេស​៣​នាក់​ត្រូវ​រង​ការ​ឆេះ​រលាក​ក្រោយ​ពី​ពួក​គេ​ចូល​ទៅ​កាន់​រេ​អាក់​ទ័រ​ទី​៣ ដែល​មាន​កំរិត​វិទ្យុ​សកម្ម​ដល់​ទៅ​១០.០០០​ខ្ពស់​ជាង​កំរិត​វិទ្យុ​សកម្ម​​ធម្មតា​នៅ​កន្លែង​នោះ​។ សរុប​មនុស្ស​ជិត​៧០០​នាក់​បាន​ចូល​ធ្វើ​ការ​ក្នុង​មជ្ឈ​មណ្ឌល​ដើម្បី​ប៉ុន​ប៉ង​ធ្វើ​ឱ្យ​រេ​អាក់​ទ័រ​ទាំងឡាយ​​មាន​ស្ថេរភាព​វិញ​ក្រោយ​ពី​ពុំ​សំរេចបាន​​ជោគ​ជ័យ​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​​មក​។ ការ​រក​ឃើញ​ថ្លុក​វិទ្យុ​សកម្ម​នោះ​ចាំ​បាច់​ត្រូវ​ជម្លៀស​មនុស្ស​ចេញ​ដោយ​ឆាប់​រហ័ស​បំផុត​។
ក្រុម​ហ៊ុន​ TEPCO ដែល​កំពុង​ត​ភ្លើង​ពី​ខាង​ក្រៅ​ដល់​រេ​អាក់​ទ័រ​ទាំង​ឡាយ​យល់​ថា ប្រតិបត្តិ​ការ​នឹង​មាន​រយៈ​ពេល​យ៉ាង​តិច​១​ខែ​ទៀត ៕