ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ខែ ដើមឆ្នាំ២០២២នេះ ​កម្ពុជានាំចេញកសិផល​ទៅក្រៅប្រទេស ​សរុបជាង ១លាន ៨៣ម៉ឺនតោន ទៅ ៥២ប្រទេស​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងរយៈពេល ២ខែ ក្នុង​ឆ្នាំ២០២២នេះ កសិផលរបស់​កម្ពុជា ត្រូវបាននាំចេញទៅក្រៅប្រទេស បានចំនួន​សរុប ១ ៨៣៥ ៤៧៥,៧០…

ភ្នំពេញ៖ ក្នុងរយៈពេល ២ខែ ក្នុង​ឆ្នាំ២០២២នេះ កសិផលរបស់​កម្ពុជា ត្រូវបាននាំចេញទៅក្រៅប្រទេស បានចំនួន​សរុប ១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅ ៥២ប្រទេស គឺមានការកើនឡើងចំនួន ១៥៩ ៣៣១,៣៣ តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧ តោន។ នេះបើតាម​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន​។

លោក វេង សាខុន បានប្រកាសនៅថ្ងៃទី១ ខែមីនានេះថា កសិផលសំខាន់ៗ ដែលបាននាំចេញទៅក្រៅប្រទេស ក្នុងរយៈពេល ២ខែនេះ រួមមាន៖

១- ការនាំចេញអង្ករ៖

​-បរិមាណអង្ករនាំចេញមានចំនួន ១០៣ ០៥៨ តោន កើនឡើងចំនួន ២៦ ៨៣៦តោន (៣៥,២១%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន

-បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន (កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន (កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩ ៣៧០តោន(កើនឡើងចំនួន ៣ ១៤១តោន ស្មើនឹង ៥០,៤៣%) និងទិសដៅដទៃទៀតចំនួន១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន (ថយចុះចំនួន ២ ៥៧១តោន ស្មើនឹង -១៩,២៣%)

-ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន (៧៥,០២%) និងក្រុមហ៊ុន៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន (២៤,៩៨%)។

២- ការនាំចេញស្រូវ

បរិមាណនាំចេញស្រូវមានចំនួន ៦៥១ ១០១ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន) ដែលមានការកើនឡើងចំនួន ៩២ ០៦៨ តោន (១៦,៤៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។

៣- ការនាំចេញកសិផល ក្រៅពីស្រូវ-អង្ករ

បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើងចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧ តោន៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ