ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែ​ល​កាត ជា​ក្រុមហ៊ុន​ឆ្នើម​មួយ​ដែល​គួរ​ឱ្យ​ចង់​បម្រើ​ការងារ​បំផុត​នៅ​អាស៊ី

7 ឆ្នាំ មុន

សែ​ល​កាត អបអរ​ការ​ឈ្នះ​ជ័យ​លា​ភី​ក្រុមហ៊ុន​ឆ្នើម​បំផុត​នៅ​អាស៊ី​លើក​ទី​៥ ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​វាយតម្លៃ​ពាណិជ្ជ​នាម​ក្រុមហ៊ុន សហគ្រាស​ឧស្សាហកម្ម

សែ​ល​កាត អបអរ​ការ​ឈ្នះ​ជ័យ​លា​ភី​ក្រុមហ៊ុន​ឆ្នើម​បំផុត​នៅ​អាស៊ី​លើក​ទី​៥ ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​វាយតម្លៃ​ពាណិជ្ជ​នាម​ក្រុមហ៊ុន សហគ្រាស​ឧស្សាហកម្ម World HRD Congress and Stars និង​ទទួលស្គាល់​ដោយ​សហព័ន្ធ​ពាណិជ្ជកម្ម​អាស៊ី Asian Confederation of Businesses ។

ការ​ឈ្នះ​ជ័យ​លា​ភី​របស់​សែ​ល​កាត​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​រង្វាន់​ប្រចាំឆ្នាំ​២០១៦​កាលពី​ថ្ងៃ​ទី​៤​សីហា ក្នុង​ចំណោម​បណ្ដា​ក្រុមហ៊ុន​ឆ្នើម​នៅ​អាស៊ី ជា​ជ័យ​លា​ភី​ដែល​ទទួល​បាន​រយៈពេល​៥​ឆ្នាំ​ជាប់​ៗ​គ្នា​ដែល​ខ្លួន​អាច​ធ្វើ​បាន​ក្នុង​តួនាទី​ជា​ក្រុមហ៊ុន​មួយ​នៅ​តំបន់​អាស៊ី ក៏​ដូច​ជា​ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​ការ​ប្រកាន់ខ្ជាប់​នូវ​ភាពល្អ​ឥត​ខ្ចោះ​ក្នុង​វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស​។ វា​ជា​សក្ខីភាព​ដែល​បញ្ជាក់​ពី ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​បង្កើត និង​រក្សា​បាន​នូវ​បរិយាកាស​ការងារ និង​វប្បធម៌ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ច​អភិវឌ្ឍ​ជំនាញ និង​ផ្ដល់​ឱកាស​រីក​ចម្រើន​សម្រាប់​ការងារ​ផង​ដែរ​។

ក្នុងឆ្នាំនេះ ក្រៅពី​ពានរង្វាន់​ខាងលើ សែ​ល​កាត ក៏​មាន​មោទនភាព​នាំ​យក​នូវ​ពានរង្វាន់​បន្ថែម​ទៀត​ពី​ក្នុង​ព្រឹត្តិការណ៍​ដ៏​នក្ខត្តឫក្ស​នេះ​មក​កាន់​មាតុប្រទេស​វិញ​ផង​ដែរ ។ នោះ​គឺ​ការ​ទទួលស្គាល់​សែ​ល​កាត ជា​ក្រុមហ៊ុន​ដែល​មាន​នាយកដ្ឋាន​ធនធានមនុស្ស​ប្រកបដោយ​ភាព​ច្នៃប្រឌិត ព្រមទាំង​ទទួលស្គាល់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​ប្រកបដោយ​លក្ខណៈ​ពិសេស​ដោយឡែក និង​ការ​ផ្សារ​ភ្ជាប់​គំនិត​ផ្ដួចផ្ដើម​ដែល​ផ្ដោត​សំខាន់​លើ​និយោជិត​។

អ្នកស្រី នី​គី អេ​ន​រី​គេ្វ​ស្ស នាយក​ប្រតិបត្តិ​ធនធានមនុស្ស ក្រុមហ៊ុន សែ​ល​កាត បាន​ថ្លែង​ថា​៖«​បុគ្គលិក​សែ​ល​កាត​មានការ​ពេញចិត្ត​ខ្ពស់​ចំពោះ​ការងារ ។ យើង​ក៏​បន្ត​ស្វែងរក​មធ្យោបាយ​អភិវឌ្ឍ​កែ​លម្អ​ដើម្បី​រួមចំណែក​ចំពោះ​សុខុមាលភាព និង​ការងារ​បុគ្គលិក​របស់​យើង តាម​រយៈ​ឱកាស​បណ្ដុះបណ្ដាល​ផ្សេង​ៗ​ដែល​អាច​ឲ្យ​ពួក​គាត់​ដុសខាត់​ជំនាញ ក៏​ដូច​ជា យកចិត្តទុកដាក់​ចំពោះ​បរិយាកាស​មួយ​ដែល​អាច​ឲ្យ​ពួក​គាត់​សិក្សា និង​អនុវត្ត​តួនាទី​ភាព ជា​អ្នកដឹកនាំ ការ​ទទួលខុសត្រូវ និង​ការងារ​ក្រុម ។ ក្រៅពី​នេះ យើង​បាន​គាំទ្រ និង​ធានា ចំពោះ​តុល្យភាព​ជីវិត​ការងារ​ដ៏​ប្រសើរ​ជាមួយ​សកម្មភាព​ទូទៅ​នានា​ដែល​ជា​ការ​លើកកម្ពស់ ការ​បំពេញការងារ​ដោយ​រីករាយ ។ កត្តា​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្ថាប័ន​ធំ​ៗ​ដូច​ជា​សែ​ល​កាត ជាដើម ដែល​មាន​និន្នាការ​ផ្ដោត​លើ​ឯកត្តជន និង​ផ្នែក​នានា​ដើម្បី​ធ្វើការ​ឲ្យ​ស៊ីសង្វាក់​គ្នា ហើយ​យើង​ក៏​ធានា​ថា យើង​មាន​ច្រក និង​មធ្យោបាយ​ជា​ច្រើន​សម្រាប់​ឲ្យ​បុគ្គលិក​យើង ធ្វើការ​រួម​គ្នា ផ្លាស់​ប្ដូរ​គំនិត​យោបល់ សហការ ដើម្បី​ឲ្យ​ស្គាល់គ្នា​កាន់តែ​ជិត​ស្និទ្ធ និង​បម្រើ​ការងារ​ដោយ​ភាព​រីករាយ ។​»

ការ​ប្រគល់​ជ័យ​លា​ភី​ក្រុមហ៊ុន​ឆ្នើម​នៅ​អាស៊ី 2016 ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​Pan Pacific ផ្សារ​ទំនើប Marina Square ប្រទេស​សិង្ហ​បុរី ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ពាណិជ្ជកម្ម​ជាន់ខ្ពស់​រាប់រយ​នាក់​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។ មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ដ៏​មហោឡារិក​នេះ លោក ជរ សុ​ជាតិ ប្រធាន​គ្រប់គ្រង​ផ្នែក​សេវាកម្ម​បុគ្គលិក លោក ចាន់ វិបុល ប្រធាន​ផ្នែក​ជ្រើសរើស បុគ្គលិក និង​អ្នកស្រី ម៉ា​រី​ណា ពី​ខា​ទី​វ៉ា ប្រធាន​គម្រោង​ពិសេស បាន​ចូលរួម​ទទួល​ពានរង្វាន់ ដ៏​មហា​កិត្តិយស​នេះ​ក្នុង​តំណាង​ក្រុមហ៊ុន​សែ​ល​កាត ។

អ្នកស្រី នី​គី អេ​ន​រី​គេ្វ​ស្ស នាយក​ប្រតិបត្តិ​ធនធានមនុស្ស ក្រុមហ៊ុន សែ​ល​កាត ក៏​បាន​ថ្លែង​ពី​ចំណាប់អារម្មណ៍​ដោយ​ក្ដី​រំភើប​ថា ៖«​ការ​នាំ​យក​នូវ​ពានរង្វាន់​លើក​ទី​៥​នេះ​មក​កាន់​មាតុប្រទេស​យើង ដែល​ជា​និមិត្តរូប​នៃ​ការ​ទទួលស្គាល់​រយៈពេល​៥​ឆ្នាំ​ជាប់​ៗ​គ្នា​ក្នុង​នាម​ក្រុមហ៊ុន​មួយ​ក្នុង​តំបន់​ដែល​បុគ្គលិក​ប្រាថ្នា​ចង់​បម្រើ​ការងារ គឺជា​មហា​កិត្តិយស​ដ៏​ថ្លៃថ្លា​មួយ​សម្រាប់​យើង ។ យើង​ក៏​មាន​មោទនភាព​ដែល​អាច​រក្សា​បាន​នូវ​ស្ដង់ដារ​លំដាប់​អន្តរជាតិ​សម្រាប់​កន្លែង​ការងារ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។ ជ័យជម្នះ​នេះ កាន់តែ​ជំរុញ​ឲ្យ​យើង​ខិតខំ​ប្រឹងប្រែង​ធ្វើ​បន្ថែម​ទៀត​ឲ្យ​កាន់តែ​ប្រសើរ ហើយ​យើង​នឹង​អាច​ធ្វើ​បាន​។ យើង​ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ផង​ដែរ ចំពោះ​ម្ចាស់​ភាគហ៊ុន អ្នកឧកញ៉ា គិត​ម៉េ​ង ឯកឧត្តម​ឧកញ៉ា គិត ធាង និង​នាយក​ប្រតិបត្តិ​របស់​យើង​គឺ​លោក អៀន វ៉ា​ត់​សុ​ន ចំពោះ​កិច្ច​គាំទ្រ​ឥត​ឈប់​ឈរ​ក្នុង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍ​ធនធានមនុស្ស​របស់​យើងខ្ញុំ ។​»

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន សែ​ល​កាត ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ខ្មែរ​សុទ្ធសាធ និង​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​ផង​ដែរ​។ ក្រុមហ៊ុន សែ​ល​កាត បាន​សម្ពោធ​ដំណើរការ​នៅ​ឆ្នាំ​១៩៩៨ ហើយ​បាន​ក្លាយជា​ក្រុមហ៊ុន​ស្ដង់ដារ​មួយ​នៅ​កម្ពុជា​ដែល​ផ្ដល់​នូវ​គុណភាព អត្ថប្រយោជន៍ និង សេវាកម្ម​ឈានមុខ​គេ និង​បន្ត​យកចិត្តទុកដាក់​ក្នុង​កិច្ច​អភិវឌ្ឍ​មធ្យោបាយ​ថ្មី​ៗ​ដើម្បី​គាំទ្រ និង​លើកកម្ពស់​មធ្យោបាយ​ទំនាក់ទំនង​របស់​អតិថិជន​ខ្លួន​ផង​ដែរ ។ ស្ថិត​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​មួយ​ដែល​តែង​មានការ​ប្រែប្រួល សែ​ល​កាត នៅ​តែ​ប្តេជ្ញា​ធ្វើ​អ្វី​ៗ​ដើម្បី​កម្ពុជា និង​ប្រជាជន​កម្ពុជា ៕