ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​ខ្មែរ​​១០នាក់ ​ដែលគេច​​ពីគ្រាប់​កាំភ្លើង​​ទាហានសៀម​​បានត្រឡប់​​​ចូល​ផ្ទះ​​វិញអស់ហើយ

15 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ​ ៖ ​ប្រជាពលរដ្ឋ​ខ្មែរ​​​១០​នាក់ ​ដែលបាត់ខ្លួន​ក្រោយ​​​ការ​រត់គេច​​​ពី​ការ​បាញ់រះ​របស់ទាហាន​​​​​ព្រំដែន​​សៀមកាលពីថ្ងៃ​ពុធ ទី​​៩ មីនា កន្លង​មកនេះ បានវិលត្រឡប់​​មក​ដល់​លំនៅឋាន​​ដោយសុវត្ថិភាព​​វិញអស់ហើយ ។ ​បើ​តាម​​​អ្នកយក​ព័ត៌មានកោះសន្តិភាព​​​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ​ក៏បា​ន​បញ្ជាក់​​ឱ្យដឹង​នៅ​​រសៀល​ថ្ងៃសុក្រ ទី​​១១ មីនា នេះដែរ​ថា បុរស​ម្នាក់​​ដែលទាហាន​​​សៀមបាញ់​បាក់ភ្លៅ​​របួសធ្ងន់ ​និង​បាន​​ចាប់ខ្លួនបញ្ជូនទៅ​​ទឹកដីសៀមនោះ មិន​ទាន់​ដឹង​​ដំណឹង​យ៉ាងណា​នោះ​នៅឡើយ​ទេ ។​

នៅពេល​ទាក់ទង​តាមទូរស័ព្ទ​​ដើម្បីសុំ​សេច​ក្តីអត្ថាធិប្បាយ​​​​​ជុំវិញព័ត៌​មាន​​​នេះ​ អភិបាល​ស្រុក​​​បន្ទាយ​អំពិល​​​ លោក​ចាប ហាត បានបង្វែរ​​សំណួរ​​​ឱ្យទៅ​​សួរ​លោក​​​អធិការ​​ស្រុកវិញ ។ ចំណែក​​​លោកហុង ​ចម្រើន ​​អធិការ​​ស្រុក​បន្ទាយ​​អំពិល ​ខេត្ត​ឧត្តរ​មានជ័យ ​មិនអាច​ទាក់ទង​​​​បាន​ទេ នៅ​​​រសៀល​ថ្ងៃសុក្រ​នេះ ដោយទូរស័ព្ទ​​របស់​លោក​​ភ្ជាប់​បាន​​ហើយ ប៉ុន្តែប្រព័ន្ធ​​​​ទូរស័ព្ទ​​​ពិ​បាក​​ឆ្លើយ​ឆ្លង ។​

គួររំលឹក​ថា ​កាលពីវេលាម៉ោង​​​​៤​និង​​៣០នាទី​រសៀលថ្ងៃពុធ ទី​​៩ មីនា ​កន្លងមក​នេះ នៅ​ចំណុច​​​ជប់អង្គញ់​ក្នុង​ទឹកដីឃុំគោក​មន ស្រុក​បន្ទាយ​​អំពិល​​ទាហានឈុត​ខ្មៅ​សៀម ​បានធ្វើការ​បាញ់រះ​ទៅលើ​ប្រជា​ពលរដ្ឋខ្មែរ ​បណ្តាល​ឱ្យ​​មនុស្ស​ម្នា​​ក់​របួសធ្ងន់​​​ក្រោយ​​មក​ត្រូវ​ចាប់ខ្លួន និង​បាត់​ខ្លួន​​ម្នាក់ ហើយ​​មនុស្ស​​​១១​នាក់​ទៀត ​ក្នុង​នោះ​ក៏​​មានរបួសស្រាល​​ម្នាក់​បាន​រត់​រួចមក​ដល់​​​ភូមិ​វិញ ។​

ពលរដ្ឋខ្មែរ​​​ឈ្មោះឈឿន ញូង ភេទ​ប្រុស ​អាយុ​​​៣៨​ឆ្នាំ ​បានរង​របួស​​​បាក់ភ្លៅ ​ហើយ​ត្រូវ​​ទាហាន​​​ឈុតខ្មៅ​​សៀមចាប់​ខ្លួន ចំណែក​​​អ្នក​របួស​​​ស្រាល​ឈ្មោះ​ហៀច ​ភេទប្រុស អាយុ​​២៧​ឆ្នាំ ​ត្រូវបានគេ​បញ្ជូនទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​​បង្អែក​​​ស្រុកមង្គលបុរី ​​ខេត្ត​បន្ទាយ​មានជ័យ​ ។ រីឯ​​ប្រជា​ពលរដ្ឋ​​​១០​នាក់​ផ្សេង​ទៀត ​បានរត់​គេច​ខ្លួន​​រួចពីការបាញ់​​​​សម្លាប់​ដោយ​​កាំភ្លើង​​​ពីក្រុម​​ទា​ហានសៀម​​​ ៕​