ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រកាសនឹងដាក់បណ្តាសា​អ្នកដឹកនាំ​ប្រទេស បើយកពន្ធលើដីស្រែ​ចម្ការរបស់កសិករ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នឹងដាក់​បណ្តាសាចំពោះ​អ្នកដឹកនាំ​ប្រទេសក្រោយៗ បើ​យកពន្ធលើដីស្រែចម្ការរបស់ប្រជាកសិករ ព្រោះ​ក្នុងពេលសម្តេច ដឹកនាំប្រទេស…

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នឹងដាក់​បណ្តាសាចំពោះ​អ្នកដឹកនាំ​ប្រទេសក្រោយៗ បើ​យកពន្ធលើដីស្រែចម្ការរបស់ប្រជាកសិករ ព្រោះ​ក្នុងពេលសម្តេច ដឹកនាំប្រទេស ពេលមុន ពេលនេះ និងទៅថ្ងៃខាងមុខ នឹងមិនមានយកពន្ធ​លើដីស្រែចម្ការរបស់ប្រជាកសិករឡើយ​។

ថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ​សុខា នៅ​ជ្រោយចង្វារ សម្តេចតេជោ បានលើកឡើងទៀតថា សម្តេចមិនដែលប្រកាសយកពន្ធពីដីកសិកម្ម ស្រែចម្ការ​នោះទេ​។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំកិច្ចការងារនេះ តាំងពី​ឆ្នាំ១៩៧៩មក ហើយបើគណបក្ស បន្តដឹកនាំតទៅទៀត ពន្ធដីស្រែ​ចម្ការ​កសិកម្មរបស់ប្រជាពលរដ្ឋ នៅតែមិនយក។

សម្តេចបញ្ជាក់ថា «បើសិនមេដឹកនាំជាន់ក្រោយ យកពន្ធដីស្រែ បើសិនវិញ្ញាណខ្ញុំដឹង ខ្ញុំនឹងបណ្តាសា ពីព្រោះថា នេះជានយោបាយរបស់ខ្ញុំ តាំងពីដើមមក គឺមិនយកពន្ធដីស្រែ ដីកសិកម្ម ចម្ការពីកសិករនោះទេ។ អីញ្ចឹង នៅតាំងពី​ដើមមក មិនបានយកពន្ធនោះទេ ដែលមកដល់ពេលនេះ ៤៣ឆ្នាំហើយ នៅតែមិនយក។ បើខ្ញុំនៅរស់ ១០០ឆ្នាំទៀត ក៏មិនយកពន្ធដែរ។ ប៉ុន្តែបើថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យកពន្ធដីស្រែចម្ការកសិករ នោះវិញ្ញាណខ្ញុំ នឹងដាក់បណ្តាសាជាមិនខាន»។

សម្តេចបន្ថែមថា «កសិករត្រូវការជំនួយពីរដ្ឋ មិនមែនត្រូវការនូវការយកពន្ធពីពួក​គាត់នោះទេ។ យើងត្រូវការ​វិនិយោគឲ្យពួកគាត់ ដូចជា ប្រឡាយទឹក និងការវិនិយោគដទៃ ដើម្បី​ធ្វើឲ្យគាត់។ មិនមែនជាពេលវេលា​ត្រូវយកទេ ហើយមិនអាចក្លាយជាអ្នកមាននោះទេ យើងត្រូវរុញគាត់ឲ្យក្លាយ​ជាអ្នកមាន ជាការល្អ»។

ពាក់ព័ន្ធនឹងយកពន្ធលើដីស្រែនេះ សម្តេចតេជោ បានលើកឡើងទៀតថា តាំងពីសម័យអនានិគមនិយមបារាំង បានយកពន្ធលើដីស្រែរបស់ប្រជាពលរដ្ឋខ្មែរយើង ដែលមានរឿងមួយ គឺ «ភូមិតិរច្ឆាន» កើតឡើងដោយសារ​តែរឿងបារាំង​ យកពន្ធដីស្រែនោះឯង​។

សម្តេចតេជោ ហ៊ុន សែន បន្ត​ថា «ខ្ញុំដឹកនាំមិនយកពន្ធពីប្រជាជននោះទេ គឺតាំងពីប្រជាជន តាំងពី ៦ ឬ៧លាននាក់ រហូតដល់ប្រជាជនឡើងដល់ជិត ១៧លាននាក់ ដែលពេលខ្លះ ខ្វះដី រហូត​ដល់ដណ្តើមដីព្រៃទៀត​»៕ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ