រាជធានីភ្នំពេញ ៖ មនុស្ស៣នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់គ្រាន់បើ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសាររថយន្តខ្នាតធំដឹកជ្រូកបុកគ្នាជាមួយម៉ូតូមួយគ្រឿង និងកិនមនុស្សបន្ថែមទៀត រួចហើយជ្រុលទៅធ្លាក់ស្នាមភ្លោះកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ មីនា ២០១១ លើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ហៅផ្លូវ១០១៩ ស្ថិតក្នុងភូមិបាយាម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រថយន្តដែលបង្កឱ្យមនុស្សស្លាប់ និងរបួសនេះម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-8493 ចំណែកម៉ូតូដែលរងការបុកម៉ាកឌ្រីម C125 ស៊េរី២០០៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1D-0037 ជិះគ្នា៣នាក់ ស្លាប់ទាំង៣នាក់។ ភាគីខាងរថយន្តក៏ជិះគ្នា៣នាក់ដែរ រងរបួសធ្ងន់គ្រាន់បើ ដោយក្នុងនោះ មានក្មេងប្រុសម្នាក់ខ្ទាតចេញពីរថយន្ត និង២នាក់ទៀត កៀបជាប់នៅក្នុងរថយន្ត ដោយសារតែរថយន្តនោះជ្រុលធ្លាក់ស្នាមភ្លោះទៅបុកដីទួលដាក់លូឈប់ង៉ក់ ដូចគេបង្ខំ ទើបមានការប៉ះទង្គិច និងកៀបជាប់មនុស្សបែបនេះ ។ អ្នកស្លាប់ និងអ្នករងរបួសមិនទាន់ត្រូវបានស្គាល់ឈ្មោះទេ ព្រោះប៉ូលិសធ្វើកំណត់ហេតុមិនទាន់ចប់ ៕




ចែករំលែកព័តមាននេះ