ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​​លោកគ្រូបង្រៀនម្នាក់ មិន​សរសើរគាត់​មិនបាន​

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោកគ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​តា​នូ​មួយ​រូប​ក្រៅពី​ម៉ោង​បង្រៀន​សិស្ស គាត់​ឆ្លៀត​ដាំ​ដំណាំ​បន្លែ ត្រសក់​ម្រះ ជា​លក្ខណៈ​គ្រួសារ​លើ​ផ្ទៃដី​កន្លះ​ហិ​កតា ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ខេត្តស្វាយរៀង ៖ លោកគ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​តា​នូ​មួយ​រូប​ ក្រៅពី​ម៉ោង​បង្រៀន​សិស្ស គាត់​ឆ្លៀត​ដាំ​ដំណាំ​បន្លែ ត្រសក់​ម្រះ ជា​លក្ខណៈ​គ្រួសារ​លើ​ផ្ទៃដី​កន្លះ​ហិ​កតា ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

លោកគ្រូ​រូប​នេះ​ឈ្មោះ ហែ ថាំ អាយុ​៣៩​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​៥​នាក់​ស្រី​៣​នាក់ ។ លោកគ្រូ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ បានឱ្យ​ដឹង​ថា ក្រៅពី​បង្រៀន​សិស្ស លោកគ្រូ​បាន​ឆ្លៀត​ដាំ​បន្លែបង្ការ​ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ គឺ​នៅ​ក្រៅ​ម៉ោង​ពេល​ល្ងាច និង​ក្រោក​ឡើង​ពី​ព្រលឹម រៀបចំ​ដី និង​ប្រព័ន្ធ​ទឹក​ទុក​ឲ្យ​ប្រពន្ធ​នៅ​ថែទាំ ហើយ​នៅ​ថ្ងៃ​សៅរ៍​និង​អាទិត្យ​ឆ្លៀត​ធ្វើ​គ្រែ​ឫស្សី​លក់​ផង​ដែរ ។

លោកគ្រូ​បាន​បន្ត​ទៀត​ថា ផ្ទៃដី​ទំហំ​កន្លះ​ហិ​កតា​នេះ គឺ​ដាំ​ដំណាំ​វិល​ជុំ​ក្នុង​រដូវប្រាំង លោក​ដាំ​ស្ពៃ​ដាំ​ត្រសក់ផ្អរ ។ នៅ​រដូវវស្សា គឺ​ដាំ​ត្រសក់ផ្អរ ដាំ​ម្រះ ហើយ​ការ​ដាំ​ដំណាំ​នេះ​ទៀត​សោត​គឺ​រៀន​តាម​កម្មវិធី​កសិកម្ម ទូរទស្សន៍​បាយ័ន​ហើយ​បាន​មក​ពិសោធ​ខ្លួនឯង​ផ្ទាល់ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ត្រឹមត្រូវ​តាម​លក្ខណ​បច្ចេកទេស​ទេ ។ លោកគ្រូ​បាន​បន្ត​ថា ការ​ដាំ​ដំណាំ​នេះ​លោក​ប្រើប្រាស់​ជីធម្មជាតិ និង​មិន​ប្រើប្រាស់​ជីគីមី​ឡើយ ។ លទ្ធផល​ពិសោធន៍ ដំណាំ​ត្រសក់ផ្អរ គឺ​ដាំ​រយៈពេល​៣៥​ថ្ងៃ​បាន​ផ្លែ រយៈពេល​៤០​ថ្ងៃ បេះ​ត្រសក់​លក់​បាន​ចំនួន​៧​តោន ហើយ​ក្នុង​១​គីឡូក្រាម​តម្លៃ​ពី​៨០០​រៀល​ទៅ​១​ពាន់​រៀល ក៏​ប៉ុន្តែ​ពិបាក​រក​ទីផ្សារ មាន​ឈ្មួញ​ជា​ជនជាតិ​វៀតណាម​មក​ទិញ​ត្រសក់​គាត់​ទៅ​ប្រទេស​វៀតណាម​ដែរ ដោយ​ឲ្យ​តម្លៃ​ថោក​បើ​មាន​ច្រើន​ឈ្មួញ​យួន​ទម្លាក់​ថ្លៃ ។

លោកគ្រូ​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​រក​ទីផ្សារ​ឲ្យ​ប្រជា​កសិករ​មាន​ទីផ្សារ​ទូលំទូលាយ​ជាង​នេះ ដោយ​ត្រសក់​គាត់​អាច​ប្រមូល​ផល​ចាប់ពី​អាយុ​៣៥​ថ្ងៃ​ដល់​អាយុ​៥០​ថ្ងៃ ហើយ​ពេល​នេះ​ត្រសក់​មាន​អាយុ​៤០​ថ្ងៃ​ហើយ ។ លោកគ្រូ​បាន​បន្ត​ទៀត​ថា នៅ​ស្រុក​ស្វាយ​ជ្រំ​នេះ​មាន​ប្រជា​កសិករ​ដាំ​ដំណាំ​បន្លែ​ច្រើន​គ្រួសារ ឃុំ​ខ្លះ​គឺ​មាន​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​រៀបចំ​សហគមន៍​កសិករ និង​មាន​បង្រៀន​បច្ចេកទេស​ក៏​ប៉ុន្តែ​នៅ​ភូមិ​ថ្មី​នេះ មិនឃើញ​មន្ត្រី​មន្ទីរ​កសិកម្ម​មក​បង្រៀន​ទេ ។

លោកគ្រូ​បាន​អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ មេត្តា​ចុះ​មក​បង្រៀន​បច្ចេកទេស ផ្តល់​គ្រាប់ពូជ​ដល់​កសិករ ផ្តល់​ជំនាញ​ផលិត​ជីធម្មជាតិ និង​ផលិត​ថ្នាំ​ការពារ​សត្វល្អិត ​ដើម្បី​ការពារ​ដំណាំ និង​ដើម្បី​សុវត្ថិភាព​សុខុមាលភាព​អ្នក​ទទួលទាន ៕