ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​ជាទី​ផ្សារ​សក្តានុពល​ខ្ពស់ និង​ផ្លូវ​ចេញចូល​សម្រាប់​អង្ករ​ថៃ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ពាណិជ្ជករ​សិង្ហ​បុរី​កំពុង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​នាំ​ចូល​អង្ករ​ថៃ​កាន់តែ​ច្រើន រួម​ទាំង​ការ​នាំ​ចេញ​ឡើង​វិញ​ទៅ​កាន់​បណ្តា​ប្រទេស​ទី​៣ បើសិនជា​អង្ករ​ថៃ​នៅ​តែ​មានគុណ​ភាពល្អ តម្លៃ​មាន​ស្ថិរភាព

ប្រទេស​ថៃ ៖ ពាណិជ្ជករ​សិង្ហ​បុរី​កំពុង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​នាំ​ចូល​អង្ករ​ថៃ​កាន់តែ​ច្រើន រួម​ទាំង​ការ​នាំ​ចេញ​ឡើង​វិញ​ទៅ​កាន់​បណ្តា​ប្រទេស​ទី​៣ បើសិនជា​អង្ករ​ថៃ​នៅ​តែ​មានគុណ​ភាពល្អ តម្លៃ​មាន​ស្ថិរភាព ហើយ​រដ្ឋាភិបាល​ថៃ​មិន​បាន​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ធន​ណាមួយ​ដល់​កសិករ ។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn ។

បន្ទាប់​ពី​បាន​ដឹកនាំ​បេសកកម្ម​មួយ​ដើម្បី​លើកកម្ពស់​អង្ករ​ថៃ នៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​ស​ប្តា​ហ៍​នេះ លោកស្រី Apiradi បាន​និយាយ​ថា ប្រទេស​នេះ​អាច​នឹង​ក្លាយជា​ដៃគូ​យុទ្ធ​សាស្ត្រ ដែល​ជាទី​ផ្សារ​ធំ​សម្រាប់​អង្ករ Hom Mali (​ផ្កាម្លិះ​) និង​គ្រាប់ពូជ​ស្រូវ​របស់​ប្រទេស​ថៃ ។ អ្នក​ប្រើប្រាស់​ជនជាតិ​សិង្ហ​បុរី​បាន​ទិញ​ច្រើន ហើយ​ពួក​គេ​ចង់បាន​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ ដូច​ជា អង្ករសម្រូប អង្ករ​ក្រហម Riceberry និង​អង្ករ​មិន​ទាន់​កែ​ច្នៃ​របស់​ថៃ ។

លើស​ពី​នេះ​ទៀត ប្រទេស​សិង្ហ​បុរី គឺជា​មជ្ឈមណ្ឌល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​មួយ ដែល​អាច​ជួយ​ប្រទេស​ថៃ អាច​ចែកចាយ​អង្ករ​របស់​ខ្លួន​ទៅ​កាន់​បណ្តា​ប្រទេស​ទី​៣ ។
លោកស្រី​បន្ត​ថា ដោយសារ​ហេតុផល​ទាំង​អស់នេះ​ហើយ ទើប​ក្រសួង​នឹង​បន្ត​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​នេះ ។

ជា​រៀង​រាល់​ឆ្នាំ ប្រទេស​សិង្ហ​បុរី​បាន​នាំ​ចូល​អង្ករ​ប្រមាណ​៤២​ម៉ឺន​តោន​សម្រាប់​ការ​ប្រើប្រាស់​ក្នុងស្រុក ដែល​ក្នុង​នោះ​ប្រទេស​ថៃ​ជា​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​មួយ ដែល​បាន​នាំ​ចេញ​ប្រមាណ​១៣​ម៉ឺន​តោន​ទៅ​កាន់​ប្រទេស​នេះ​ជា​រៀង​រាល់​ឆ្នាំ ។ សិង្ហ​បុរី ក៏​មាន​ពាណិជ្ជករ​អន្ដរជាតិ​ជា​ច្រើន​ដែល​ដឹក​ជញ្ជូន​អង្ករ​ប្រមាណ​១០​លាន​តោន​ទៅ​កាន់​ប្រទេស​ជា​ច្រើន ភាគច្រើន​នៅ​ក្នុង​ទ្វីបអាហ្វ្រិក និង​មជ្ឈិម​ខាងកើត ។

លោកស្រី Apiradi បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​មតិ​ពី​ឈ្មួញ​សិង្ហ​បុរី លោកស្រី​បាន​រក​ឃើញ​ថា ពួក​គេ​ចង់ឱ្យ​រដ្ឋាភិបាល​ថៃ​ធានា​ឱ្យ​បាន​នូវ​អង្ករ​ដែល​មានគុណ​ភាពល្អ​សម្រាប់​នាំ​ចេញ និង​មិន​វិល​ត្រឡប់​ទៅ​កាន់​គម្រោង​ឧបត្ថម្ភ​ធន ដែល​នឹង​ធ្វើ​ឱ្យ​ខូច​យន្តការ​ទីផ្សារ និង​ធ្វើ​ឱ្យ​អង្ករ​ពិបាក​លក់  ។ លោកស្រី​និយាយ​ថា ៖ «​ក្រសួង​របស់​លោកស្រី នឹង​សហការ​ជាមួយ​អ្នក​នាំ​ចេញ​ដើម្បី​ជំរុញ​ការ​លក់​អង្ករ​ថៃ​នៅ​ប្រទេស​សិង្ហ​បុរី ដោយ​ផ្តោត​លើ​អង្ករ Hom Mali និង​គ្រាប់​ពូជស្រូវ និង​ផលិតផល​បន្ថែម​តម្លៃ​ដែល​ធ្វើ​ពី​អង្ករ » ។

នៅ​ក្នុង​ការ​ព្យាយាម​ដើម្បី​បង្កើន​តម្លៃ​នៃ​ការ​នាំ​ចេញ​អង្ករ​នេះ រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​ដើម្បី​ជំរុញ​អង្ករ​នៅ​ក្នុង​ទីផ្សារ​នានា ។ ប្រទេស​សិង្ហ​បុរី គឺជា​ទីផ្សារ​គោលដៅ​សម្រាប់​បង្កើន​ការ​លក់​អង្ករ​របស់​ថៃ ដែល​វា​ជា​អាហារ​ចម្បង​នៅ​ទីនោះ ។

ក្នុងអំឡុងពេល​បេសកកម្ម​នេះ លោកស្រី Apiradi បាន​ជួប​ជាមួយ​ឈ្មួញ​អង្ករ​សំខាន់​៧​នាក់​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​លោកស្រី​ក៏​បាន​វាស់​ស្ទង់​ពាណិជ្ជករ​ទំនើប និង​ភោជនីយដ្ឋាន​នៅ​ក្នុង​ប្រទេស​នេះ​ទៅ​លើ​លទ្ធភាព​ក្នុង​ការ​លក់​អង្ករ​ថៃ ។

ក្រៅពី​អង្ករ Hom Mali ប្រទេស​ថៃ​កំពុង​តែ​លើកកម្ពស់​ប្រភេទ​អង្ករ​ផ្សេង​ទៀត​ដូច​ជា Riceberry អង្ករ Sung Yod (​ដែល​ជា​ផលិតផល​ការ​បង្ហាញ​ភូមិសាស្ត្រ​) និង​អង្ករ​សម្រូប​​សរីរាង្គ​។

ផលិតផល​ធ្វើ​ពី​អង្ករ ក៏​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ច្រើន​ដែរ​ដូច​ជា អង្ករ​ឆ្អិន​សម្រាប់​មនុស្ស​ចាស់​, អង្ករ​បន្ថែម​វីតាមីន​សម្រាប់​កុមារ​, គ្រឿងសម្អាង​, អាហារ​សម្រន់ និង​អាហារ​បំប៉ន។

កាលពី​ឆ្នាំ​២០១៤ ប្រទេស​ថៃ​បាន​នាំ​ចេញ​អង្ករ​ចំនួន​១៦២.៩៧៧​តោន​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ដែល​មាន​តម្លៃ​៤,៣​ប៊ី​លាន​បាត ។ បរិមាណ​នេះ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​១២៨.៩៤១​​តោន ស្មើនឹង​តម្លៃ​៣,៦៣​ប៊ី​លាន​បាត​កាលពី​ឆ្នាំ​មុន ។ ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ទំហំ​នៃ​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​៧,៩% ដែល​មាន​ចំនួន​៥១.១៩៤​តោន ខណៈ​ដែល​តម្លៃ​បាន​ធ្លាក់​ចុះ​១១% ស្មើនឹង​ចំនួន​១,៣៤​ប៊ី​លាន​បាត ។

ប្រទេស​ថៃ​ត្រូវ​គេ​រំពឹង​ថា នឹង​នាំ​ចេញ​អង្ករ​ប្រមាណ​១៣​ម៉ឺន​តោន​ទៅ​ប្រទេស​សិង្ហ​បុរី ក្នុងឆ្នាំនេះ ។

លោក Ho Siang Ow ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Wee Tiong ដែល​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អង្ករ​ធំ​មួយ​របស់​សិង្ហ​បុរី បានឱ្យ​ដឹង​ថា ពាណិជ្ជករ​ចង់​ឲ្យ​អង្ករ​របស់​ថៃ​មាន​ស្ថិរ​ភាព​​គុណភាព និង​តម្លៃ ។ ដូច្នេះ ពួក​គេ​អាច​បន្ត​ការ​លក់​នៅ​លើ​ទីផ្សារ​ក្នុងស្រុក ព្រមទាំង​ប្រទេស​ដទៃ​ទៀត ។ លោក​និយាយ​ថា ៖ « ខណៈ​ដែល​មី​យ៉ា​ន់​ម៉ា និង​វៀត​ណាម​មាន​អង្ករ​ក្រអូប ហើយ​តម្លៃ​មានការ​ប្រកួតប្រជែង​ខ្លាំង ប្រសិនបើ​តម្លៃ​អង្ករ​របស់​ថៃ​ឡើង​ចុះ ហើយ​គុណភាព​របស់​វា​គ្មាន​ស្ថិរភាព ឈ្មួញ​ប្រហែលជា​មិន​អាច​លក់​វា​នៅ​ក្នុង​ពេល​អនាគត​បាន​ទេ ។ លើស​ពី​នេះ​ទៀត ប្រទេស​ថៃ​មិន​គួរ​ឧបត្ថម្ភ​ធន​តម្លៃ​អង្ករ ដែល​ជា​ការ​រំខាន​ដល់​តម្លៃ​ទីផ្សារ និង​បណ្តាល​ឲ្យ​ផលិតផល​មានគុណ​ភាព​ទាប ដោយសារ​កសិករ​ព្រួយបារម្ភ​ជាមួយនឹង​ទិន្នផល » ។

លោក​បន្ថែម​ថា ជនជាតិ​សិង្ហ​បុរី​ចង់បាន​អាហារ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ​។ អង្ករ​ថៃ​អាច​បម្រើ​តម្រូវការ​នោះ​បាន ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​ផលិតផល​ថ្មី​អាច​ប្រើ​ពេល​យូរ និង​គុណភាព​ចាំបាច់​ត្រូវ​រក្សា​ឲ្យ​បាន ។

លោក Charoen Laothamatas ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ បាន​ថ្លែង​ថា ប្រទេស​សិង្ហ​បុរី គឺជា​ទីផ្សារ​សក្តានុពល​ខ្ពស់​ជាងគេ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ដែល​មានគុណ​ភាព​ខ្ពស់ ដោយសារ​ការ​ទិញ​របស់​ពលរដ្ឋ​សិង្ហ​បុរី​មាន​កម្រិត​ខ្ពស់ ខណៈ​មាន​ឈ្មួញ​ទំនើប​ជាង​៣០​នាក់​ជួយ​ចែកចាយ​អង្ករ​ថៃ​ដល់​អ្នក​ប្រើប្រាស់ ។ លោក​និយាយ​ថា ៖ «​ក្រុមហ៊ុននាំចេញ​ត្រូវការ​ជំរុញ​អង្ករ​ថៃ ក្រោម​ការ​ជឿ​ទុកចិត្ត​លើ​ម៉ាក​អង្ករ​ជា​ច្រើន​របស់​អ្នក​ប្រើប្រាស់ » ។

លោក Chookiat Ophaswongse ប្រធានកិត្តិយស​នៃ​សមាគម​នេះ បានឱ្យ​ដឹង​ថា ក្រុមហ៊ុននាំចេញ​បាន​ប្រមើល​មើលឃើញ​ថា អាស៊ី​មានការ​កើនឡើង​នៃ​ទីផ្សារ​យ៉ាង​សកម្ម ខណៈ​ដែល​ការ​ទិញ​របស់​អតិថិជន​កើនឡើង នៅ​ពេល​ដែល​ពួក​គេ​បាន​ចាត់​ទុក​អង្ករ​ជា​អាហារ​ដ៏​ចម្បង​មួយ ។

លោក​បន្ថែម​ទៀត​ថា ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ​ទៅ​កាន់​ទីផ្សារ​អាស៊ី អាច​នឹង​កើនឡើង​ពី​២០% នៃ​បរិមាណ​នាំ​ចេញ​សរុប ក្នុង​ចន្លោះ​ពី​៩​លាន​តោន ទៅ​១០​លាន​តោន រហូត​ដល់​៣០% នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

បច្ចុប្បន្ន​នេះ អាហ្វ្រិក​គឺជា​ទីផ្សារ​នាំ​ចេញ​អង្ករ​ដ៏​ចម្បង​សម្រាប់​ប្រទេស​ថៃ ។

លោក Chookiat បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បន្ត​ការ​លើកកម្ពស់​អង្ករ​នៅ​បណ្តា​ប្រទេស​អាស៊ី អឺរ៉ុប និង​បណ្តា​ប្រទេស​នៅ​មជ្ឈិម​បូព៌​៌ា ខណៈ​មានការ​ធានា​ឱ្យ​មាន​ស្ថិរភាព​តម្លៃ​អង្ករ និង​គុណភាព​ល្អ​នៃ​ផលិតកម្ម ៕