ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​គ្មាន​ការងារ​ធ្វើ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​អប់រំ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​សហព័ន្ធ​ឧស្សាហកម្ម​ថៃ (FTI) បានឱ្យ​ដឹង​ថា ភាព​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ កាន់តែ​កើនឡើង​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​មកនេះ ដែល​ឆ្លុះ​បញ្ចាំង​ពី​កង្វះ​នៃ​ការ​វិនិយោគ​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ

ប្រទេស​ថៃ ៖ យោង​តាម​សហព័ន្ធ​ឧស្សាហកម្ម​ថៃ (FTI) បានឱ្យ​ដឹង​ថា ភាព​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ កាន់តែ​កើនឡើង​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​មកនេះ ដែល​ឆ្លុះ​បញ្ចាំង​ពី​កង្វះ​នៃ​ការ​វិនិយោគ​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ ខណៈ​ឧស្សាហកម្ម​ភាគច្រើន​នៅ​តែ​ខ្វះ​កម្មករ​ដដែល ហើយ​វា​ក៏​បាន​បង្ហាញ​ពី​ភាព​បរាជ័យ​នៃ​វិស័យ​អប់រំ​របស់​ប្រទេស​ទៀត​ផង ។

យ៉ាងណាមិញ បើ​ទោះជា​អត្រា​អត់​ការងារ​ធ្វើ​បាន​កើនឡើង​កាលពី​ខែ​មុន​១,២%​ក្តី ក៏​អាជីវកម្ម​ផ្សេង​ៗ​ហាក់ដូចជា​គ្មាន​បញ្ហា​អ្វី​កើតឡើង​ទេ ដោយសារ​តែ​ឧស្សាហកម្ម​ភាគច្រើន​បាន​រក្សា​កម្រិត​កម្មករ​របស់​ខ្លួន ។ អត្រា​គ្មាន​ការងារ​ដ៏​ខ្ពស់​នេះ គឺជា​លទ្ធផល​នៃ​ចំនួន​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា ដែល​មិន​អាច​រក​ការងារ​ធ្វើ​បាន ព្រោះតែ​គ្មាន​ការ​វិនិយោគ​ថ្មី​ៗ ហើយ​និស្សិត​មួយ​ចំនួន​ទៀត​គ្មាន​គ្រប់​តម្រូវការ​របស់​ក្រុមហ៊ុន ឬ​ឧស្សាហកម្ម​ផ្សេង​ៗ ។

លោក Chen Namchaisiri ប្រធាន FTI បាន​និយាយ​ថា ឧស្សាហកម្ម​ភាគច្រើន​មិន​បាន​បញ្ឈប់​កម្មករ​ឡើយ ហើយ​ឧស្សាហកម្ម​ខ្លះ​ទៀត នៅ​តែ​ជ្រើសរើស​កម្មករ​បរទេស និង​ត្រូវការ​ពលករ​ជំនាញ ។

លោក​បន្ថែម​ទៀត​ថា ការ​បញ្ឈប់​ការងារ​ពី​ឧស្សាហកម្ម​រថយន្ត​នា​ពេល​ថ្មី​ៗ​នេះ ជា​លទ្ធផល​នៃ​កិច្ចសន្យាការងារ​ផុតកំណត់ តែ​មិនមែន​មក​ពី​កត្តា​កំណើន​ពាណិជ្ជកម្ម​យឺត​នោះ​ទេ ។

លោក​លើក​ឡើង​ថា និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្មី​ៗ​បាន​ប្រឈម​មុខ​នឹង​ភាព​លំបាក​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ ដោយសារ​តែ​ជំនាញ​ពួក​គេ​មិន​ត្រូវ​តាម​តម្រូវការ​របស់​ក្រុមហ៊ុន ឬ​ឧស្សាហកម្ម ហើយ​បញ្ហា​នេះ​កើត​ភាគច្រើន​តែ​ចំពោះ​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តែ​ប៉ុណ្ណោះ ។

ទន្ទឹម​នឹង​នេះ លោក Chen ថ្លែង​ថា​អត្រាកំណើន​ភាព​អត់​ការងារ​ធ្វើ​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​បរាជ័យ​នៃ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ថៃ ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យ​សម​ស្រប​ទៅ​តាម​តម្រូវការ​នៃ​កំណើន​ឧស្សាហកម្ម​។ ការ​ផ្តោត​ទៅ​លើ​តែ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​របស់​រដ្ឋាភិបាល​ថៃ វា​គួរតែ​អភិវឌ្ឍន៍​លើ​ប្រព័ន្ធ​អប់រំ​ជំនួស​វិញ ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ដល់​សិស្ស​-​និស្សិត ក៏​ដូច​ជា​បង្កើន​គុណភាព​សាលា​វិជ្ជាជីវៈ​ផង​ដែរ ។

លោក Chen បាន​លើក​ឡើង​ដូច្នេះ​ថា ៖ « សាលា​វិជ្ជាជីវៈ​ថៃ ត្រូវ​តែ​មានការ​ផ្លាស់​ប្តូរ​។ សហព័ន្ធ​បាន​ជំរុញ​ឱ្យ​សាលា​វិជ្ជាជីវៈ​ទាំងអស់ សហការ​ជាមួយ​សាលា​វិជ្ជាជីវៈ​អន្តរជាតិ ដើម្បី​កែ​លម្អ​មុខ​ជំនាញ និង​គុណភាព​របស់​ខ្លួន ។ ដូចនេះ អាណាព្យាបាល​កាន់តែ​ច្រើន​នឹង​បញ្ជូន​កូន​របស់​ពួក​គេ​ឱ្យមក​សិក្សា​នៅ​សាលា​វិជ្ជាជីវៈ ដែល​អាច​ធានា​បាន​ពី​ឱកាស​ការងារ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា » ។

FTI បាន​សហការ​ជាមួយ​សាលា​វិជ្ជាជីវៈ​បរទេស​មួយ​ចំនួន​ដើម្បី​លើកកម្ពស់​អាជីព​ការងារ​ច្បាស់លាស់ ។ បណ្តា​ប្រទេស​គោលដៅ​មួយ​ចំនួន ជាមួយនឹង​បទ​ពិសោធន៍​ក្នុង​ការ​បណ្តុះបណ្តាល​និស្សិត​បញ្ចប់​ការ​សិក្សា​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ រួម​មាន ប្រទេស​ជប៉ុន អូ​ទ្រី​ស និង​អា​ល្លឺ​ម៉​ង់ ។

យោង​តាម​ការិយាល័យ​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​ការ​អភិវឌ្ឍ​សង្គម បានឱ្យ​ដឹង​ថា ភាព​អត់​ការងារ​ធ្វើ​បាន​បន្ត​កើនឡើង​ពី​មធ្យមភាគ​នៃ​០,៦%-០,៩% ពីរ​បី​ឆ្នាំ​មុន ទៅ ១,២%​កាលពី​ខែ​មុន ។

ជាង​នេះ​ទៀត ជិត​១​ភាគ​៣(២៧%) នៃ​សិស្ស​ចំនួន​២៧​ម៉ឺន​នាក់​ដែល​បាន បញ្ចប់ ការ​សិក្សា​កាលពី​ឆ្នាំ​មុន មិន​អាច​ស្វែងរក​ការងារ​ធ្វើ​បាន​ឡើយ ខណៈ​ឧស្សាហកម្ម​មួយ​ចំនួន​នៅ​តែ​ទាមទារ​ជួល​កម្មករ​ជំនាញ ភាគច្រើន​មក​ពីសា​លា​វិជ្ជា ជីវៈ ។ ការិយាល័យ​នៃ​គណៈកម្មាធិការ​ឧត្តម​សិក្សា​បាន​រាយការណ៍​ថា ច្រើន​ជាង​ពាក់កណ្តាល នៃ​ចំនួន​សិស្ស​បញ្ចប់​ការ​សិក្សា២៧​ម៉ឺន​នាក់​បាន​ជ្រើសរើស​ជំនាញ​វិទ្យាសាស្ត្រ សង្គម មនុស្ស និង​វិទ្យាសាស្ត្រ​ការ​អប់រំដែល​មុខ​ជំនាញ​ទាំង​អស់នេះ​មិនសូវ មាន​តម្រូវការ​ឡើយ​នៅ​តាម​ឧស្សាហកម្ម​នានា ។

លោក Bhumindr Harinsut អនុប្រធាន​សភាពាណិជ្ជកម្ម​ថៃ មាន​ប្រសាសន៍​ថា កំណើន​ភាព​គ្មាន​ការងារ​ធ្វើ ជា​លទ្ធផល​នៃ​ការ​បរាជ័យ​ក្នុង​ការ​ពង្រីក​អាជីវកម្ម ឬ​មិន​អាច​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ ស្រប​ពេល​កំណើនសេដ្ឋកិច្ច​ទាប ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​សញ្ញា​នៃ​ការ​បញ្ឈប់​ពី​ការងារ​នោះ​ទេ ។

លោក Bhumindr បន្ថែម​ថា ៧០%-៨០%​នៃ​និស្សិត​បញ្ចប់​ការ​សិក្សា មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ឧស្សាហកម្ម និង​អាជីវកម្ម​ផ្សេង​ៗ​បាន​ទេ ។ ហេតុនេះ​ហើយ​បានជា​អត្រា​ភាព​អត់​ការងារ​ធ្វើ​កើនឡើង​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ ។

អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Suvit Maesincee ទទួលស្គាល់​ថា ការ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​នៃ​ម៉ូ​ដែល «Thailand 4.0» អាច​នឹង​ធ្វើ​ឱ្យ​មាន​ភាព​អត់​ការងារ​ធ្វើ​ក្នុង​ចំណោម​កម្មករ​គ្មាន​ជំនាញ ។ រដ្ឋាភិបាល​នឹង​ព្យាយាម​កាត់​បន្ថយ​បញ្ហា​នេះ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​ក្នុង​ប្រទេស ៕