ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ចំណាយ​36​លាន​ដុល្លារ​រុករក​រុក្ខជាតិ​ប្រស់​ជីវិត​ក្នុង​រឿង​រាមកេរ្តិ៍

7 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អាជ្ញាធរ​រដ្ឋ Uttarakhand ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា បាន​ចំណាយ​ប្រាក់​ចំនួន​២៥០​លាន​រូពី ឬ​ប្រហែល​៣៦​លាន​ដុល្លារ ដើម្បី​រុករក​រុក្ខជាតិ​ឱសថ​បុរាណ «Sanjeevani Booti»

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អាជ្ញាធរ​រដ្ឋ Uttarakhand ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា បាន​ចំណាយ​ប្រាក់​ចំនួន​២៥០​លាន​រូពី ឬ​ប្រហែល​៣៦​លាន​ដុល្លារ ដើម្បី​រុករក​រុក្ខជាតិ​ឱសថ​បុរាណ «Sanjeevani Booti» នៅ​លើ​កំពូលភ្នំ​ហិមាល័យ ដែល​ជឿ​ថា អាច​ជួយ​ប្រស់​ជីវិត​មនុស្ស​ឱ្យ​រស់​ឡើង​វិញ​បាន​ដូច​ក្នុង​រឿង​រាមកេរ្តិ៍​ដែល​ជួយ​ជីវិត​ព្រះ​ល​ក្ម្ស​ណ៍​ជា​អនុជ​របស់​ព្រះ​រាម ។

រុក្ខជាតិ​ជា​ច្រើន​ប្រភេទ​នៅ​លើ​ភ្នំ​ហិមាល័យ មានគុណ​សម្បត្តិ​ជា​ឱសថ ប៉ុន្តែ​មាន​ភស្តុ​តាង​មិន​គ្រប់គ្រាន់​ថា តើ​រុក្ខជាតិ Sanjeevani Booti នៅ​មាន​ឬ​អត់ ព្រោះ​កន្លង​មក​បណ្តា​អ្នកប្រាជ្ញ និង​អ្នក​ស្រាវជ្រាវ​បរាជ័យ​ក្នុង​ការ​រក​ឃើញ​វា​អស់​រយៈពេល​រាប់រយ​ឆ្នាំ​មក​ហើយ ។

លោក Surendra Singh Negi រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៃ​រដ្ឋ Uttarakhand ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ ថា «​ការ​ស្វែងរក​រុក្ខជាតិ​ឱសថ Sanjeevani Booti នឹង​ចាប់ផ្តើម​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ យើង​ត្រូវ​សាកល្បង ហើយ​វា​មិន​សាបសូន្យ​ទេ ប្រសិនបើ​យើង​ព្យាយាម​នឹង​រក​ឃើញ​ជាក់​ជា​មិន​ខាន ។

ការ​ស្វែងរក​នឹង​ផ្តោត​ខ្លាំង​នៅ​លើ​ភ្នំ Dronagiri ជា​សាខា​មួយ​របស់​ភ្នំ​ហិមាល័យ ក្បែរ​ព្រំដែន​ប្រទេស​ចិន គឺជា​ប្រភព​ដែល​បាន​បញ្ជាក់​ទុក​ក្នុង​រឿង​រាមកេរ្តិ៍ ។ គម្រោងការ​នេះ​រដ្ឋ Uttarakhand នឹង​ប្រើ​ប្រាក់​ដំណាក់កាល​ដំបូង​ចំនួន​២៥០​លាន​រូពី ឬ​៣៦​លាន​ដុល្លារ ហើយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ខែសីហា ខណៈ​ពេល​រដ្ឋា​ភិបាល​​ក្រុង​ញូ​វ​ដេ​លី បដិសេធ​គាំទ្រ​លើ​គម្រោងការ​នេះ​» ។

ក្នុង​រឿង​រាមកេរ្តិ៍​និទាន​ថា ឱសថ «Sanjeevani Booti» មានគុណ​សម្បត្តិ​ជួយ​អ្នក​បាត់បង់​ជីវិត​ឱ្យ​ដឹងខ្លួន​ឡើង​វិញ​បាន ។ វា​ដុះ​នៅ​ទីទួល​ខ្ពស់​នៃ​កំពូលភ្នំ​ហិមាល័យ ហើយ​មាន​ចាំង​ពន្លឺ​នៅ​ទី​ងងឹត ។ ក្នុង​រឿង «​រាមកេរ្តិ៍​» និទាន​ថា ហនុមាន​បាន​ទទួល​តួនាទី​ពី​ព្រះ​រាម​ឱ្យទៅ​រក​រុក្ខជាតិ​បុរាណ​ប្រភេទ​នេះ ក្រោយ​ពី​គ្រូពេទ្យ​បុរាណ​ប្រាប់​ថា វា​នឹង​ជួយ​ព្យាបាល​ព្រះ​ល​ក្ម្ស​ណ៍ ដែល​រកកល់នឹង​បាត់បង់​ជីវិត​ឱ្យ​ដឹងខ្លួន​វិញ ប៉ុន្តែ​ហនុមាន​មិន​ស្គាល់​រុក្ខជាតិ​នេះ ទើប​គាស់​ភ្នំ​ទាំងមូល រួច​លី​យក​ទៅ​ព្យាបាល​ព្រះ​ល​ក្ម្ស​ណ៍​ក្នុង​ពេល​ធ្វើសង្គ្រាម​ជាមួយ​សត្រូវ​ក្នុង​សមរភូមិ​ដែល​បច្ចុប្បន្ន​ជា​ប្រទេស​ស្រី​លង្កា ៕