ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​លត់​សិង្ហ​បុរី​2-1​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​មិន​ដែល​ឈ្នះ​រយៈពេល​44​ឆ្នាំ​របស់​ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​បាន​ប៉ះ​គ្នា​ក្នុង​នាម​ប្រទេស និង​ប្រទេស ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ធ្លាប់​ឈ្នះ​ក្រុម​សិង្ហ​បុរី​តែ​ម្ដង​គត់​កាលពី​ឆ្នាំ​១៩៧២ ក្នុង​ព្រឹត្តិការណ៍​រំលឹក​ខួប​ក្រុង​ហ្សា​ការ​តា នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​បាន​ប៉ះ​គ្នា​ក្នុង​នាម​ប្រទេស និង​ប្រទេស ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ធ្លាប់​ឈ្នះ​ក្រុម​សិង្ហ​បុរី​តែ​ម្ដង​គត់​កាលពី​ឆ្នាំ​១៩៧២ ក្នុង​ព្រឹត្តិការណ៍​រំលឹក​ខួប​ក្រុង​ហ្សា​ការ​តា នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៤៤​ឆ្នាំ​ហើយ ដែល​កម្ពុជា​មិន​ធ្លាប់​ឈ្នះ​សោះ​សូ​ម្បី​តែ​ស្មើ​ក្រុម​តោ​មួយ​នេះ ។ អ៊ីចឹង​ហើយ​ទើប​ការ​យកឈ្នះ​ក្រុម​សិង្ហ​បុរី​២-១​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​Clear នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាលពី​យប់​ថ្ងៃ​ទី​២៨ កក្កដា ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រចាស់​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ក្រុមបាល់ទាត់​កម្ពុជា ធ្វើ​ឱ្យ​អ្នកគាំទ្រ​គ្រប់​ស្រទាប់វណ្ណៈ ជា​ពិសេស​អ្នក​ទៅ​ទស្សនា​ផ្ទាល់​ជាង​៥​ម៉ឺន​នាក់​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ។ ភ្លាម​ៗ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​ដល់​ការ​ហត់នឿយ​របស់​ក្រុមបាល់ទាត់​កម្ពុជា​ចំនួន​៣៣.០០០​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។

ការ​ប្រកួត​ដែល​ស្ថិត​នៅ​ក្រោម​តំណក់ទឹកភ្លៀង​មិន​ដាច់​គ្រាប់​នោះ គេ​សង្កេត​ឃើញ​នៅ​តែ​មាន​អ្នក​ទស្សនា​ច្រើន​ដែល​តាម​ព័ត៌មាន​ថា​មាន​រហូត​ដល់​ជាង​៥​ម៉ឺន​នាក់​មិន​ចាញ់​ការ​ប្រកួត​មុន​ៗ ទោះបី​មុន​ការ​ប្រកួត​មាន​កើតហេតុ​ចលាចល​វាយតប់​គ្នា​ក្នុង​ចំណោម​អ្នក​មក​ទស្សនា​ផ្ទាល់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ក្ដី ។ ក្រុម​អ្នក​បង្កហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិយា​កាស​ប្រកួត​បាល់ទាត់​នា​យប់​នោះ​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ ហើយ​ក៏​មានការ​ដោះស្រាយ​ឱ្យ​ស្ងប់ស្ងាត់​ផង​ដែរ ក្នុង​ពេល​ការ​ប្រកួត​ចាប់ផ្ដើម ។ អ៊ីចឹង​ហើយ​ទើប​អ្នក​ទស្សនា​នៅ​តែ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​អបអរសាទរ​នៅ​ពេល​ក្រុម​កម្ពុជា​រក​គ្រាប់​បាល់​បាន​មុន ហើយ​ចុង​ក្រោយ​ក៏​រកបាន​មួយ​គ្រាប់​បន្ថែម​ទៀត នៅ​ពេល​ក្រុម​សិង្ហ​បុរី​ប្រឹងរក​គ្រាប់​បាល់​បាន​១​គ្រាប់​តាម​ស្មើ​នៅ​តង់​ទី​១ ។ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះ គឺ​ក្រុម​កម្ពុជា​នៅ​សល់​គ្នា​តែ​១០​នាក់​ប៉ុណ្ណោះ​ក្នុង​តង់​ទី​២​ដោយសារ​ខ្សែ​ការពារ​ម្នាក់​ត្រូវ​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម​បណ្ដេញចេញ​ដោយសារ​ធ្វើ​ឱ្យ​មាន​កំហុស​ប៉ុន្តែ​នៅ​តែ​អាច​ទប់​ជាប់​ការ​វាយលុក​របស់​ក្រុម​ភ្ញៀវ​មិន​ឱ្យ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន ។

នៅ​ក្នុង​ការ​ប្រកួត​នេះ កីឡាករ​ឆ្នើម​របស់​កម្ពុជា​ចាន់ វឌ្ឍនាកា ដែល​ជា​Man of the match​ទទួល​បាន​ប្រាក់​១.០០០​ដុល្លារ​ពី​ណា​ហ្គា​វើ​ល ជា​អ្នករក​គ្រាប់​បាល់​ឱ្យ​ក្រុម
កម្ពុជា​នាំមុខ​ក្រុម​ភ្ញៀវ​មុន​តាម​រយៈ​ការ​ទាត់​បាល់​ហ្វ្រី​ឃី​ក​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​ចូល​ទី​គូប្រកួត​យ៉ាង​ស្អាត​នៅ​នាទី​ទី​១៩ បន្ទាប់​ពី​ខ្សែការពារ​សិង្ហ​បុរី​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​សុះ ស៊ូ​ហា​ណា ដួល ។ ប៉ុន្តែ​៤​នាទី​ក្រោយមក ប្រធាន​ក្រុម​សិង្ហ​បុរី Khairul Armi បាន​តែ​តបាល់​បញ្ចូល​ទី​ក្រុម​កម្ពុជា​វិញ ធ្វើ​ឱ្យ​ការ​ប្រកួត​កាន់តែ​មាន​សភាព​តានតឹង​នៅ​លើ​ទីលាន​។

ជា​ភ័ព្វសំណាង​របស់​ក្រុម​កម្ពុជា​មុន​ពេល​អាជ្ញាកណ្តាល​ជនជាតិ​វៀតណាម លោក​Hoang Anh Tuan ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​តង់​ទី​១ ខ្សែបម្រើ ទិ​ត្យ ឌី​ណា បាន​ទាត់​បាល់​បញ្ចូល​ទី​គូប្រកួត​ធ្វើ​ឱ្យ​ក្រុម​កម្ពុជា​នាំមុខ​ក្រុម​សិង្ហ​បុរី​ក្នុង​លទ្ធផល ២-១ ។ គ្រាប់​បាល់​មាស​ដែល​ជួយ​ឱ្យ​ក្រុម​កម្ពុជា​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នេះ​បាន​មក​ពី​កីឡាករ ចាន់ វឌ្ឍនាកា​ប្រើ​បច្ចេកទេស​បណ្ដើរ​បាល់​ឆ្លងកាត់​ខ្សែការពារ​ដ៏​ក្រាស់​របស់​ក្រុម​ភ្ញៀវ ហើយ​បញ្ជូន​បាល់​យ៉ាង​ស្អាត​ឱ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី​តែ​ម្ដង​។

គ្រូបង្វឹក​ក្រុម​កម្ពុជា លោក Lee Tae Hoon សប្បាយចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន ឡើយ​បន្ទាប់​ពី​ការ​រៀបចំ​ទម្រង់​លេង​របស់​លោក​លើក​នេះ ធ្វើ​ឱ្យ​ក្រុម​គោព្រៃ​កម្ពុជា​ដណ្ដើម​បាន​ជោគជ័យ​តាម​ការ​ចង់បាន ។ ជា​ពិសេស​នៅ​ពេល​ដែល​លោក​សម្រេចចិត្ត​ដក​កីឡាករ ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​៨៤ ដោយ​ដាក់​ជំនួស​កីឡាករ ប្រាក់ មុន្នី​ឧត្តម ដើម្បី​ទប់​កុំឱ្យ​ក្រុម​តោ​សិង្ហ​បុរី​មានឱកាស​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​មុន​ការ​ប្រកួត​ត្រូវ​បញ្ចប់​។

ផ្អែក​តាម​ប្រវត្តិ​ប៉ះ​គ្នា នេះ​ជា​ជំនួប​លើក​ទី​១៧​រវាង​ក្រុម​ទាំង​ពីរ​កម្ពុជា​-​សិង្ហ​បុរី​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ។ ការ​ប៉ះ​គ្នា​កន្លង​មក កម្ពុជា​ធ្លាប់​ឈ្នះ​តែ​១​លើក​គត់​ក្នុង​លទ្ធផល​៣-០ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​១៩៧២ ក្នុង​ព្រឹត្តិការណ៍​រំលឹក​ខួប​ក្រុង​ហ្សា​ការ​តា នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​ឈ្នះ​លើក​នេះ ចាត់ទុកជា​ការ​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ចាស់ បន្ទាប់​ពី​ក្រុម​កម្ពុជា​ប៉ះ​ក្រុម​សិង្ហ​បុរី​គ្រប់​លើក​គឺ​ឱកាស​ស្មើ​ក៏​មិន​មាន​ផង ៕