ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​បណ្ដើរ​ម៉ូតូ ហៅ​សួរនាំ​ទើប​ដឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​២៨A ស្ថិត​ក្នុងភូមិ​ទ្រា​១

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​២៨A ស្ថិត​ក្នុងភូមិ​ទ្រា​១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

លោក ហួរ ម៉េ​ង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ជុំ សេរី​វុ​ធ ហៅ ឡា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​, ២-​ឈ្មោះ ចាន់ សុភា ហៅ អាណា​ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​បម្រើ​ការ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​នគរ​សំ​រិ​ទ្ធ ស្នាក់​នៅផ្ទះ​លេខ ២៨A ផ្លូវលំ ក្រុម​៣ ភូមិ​ទ្រា​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង ៣-​ឈ្មោះ រុន មុន្នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ។

លោក ហួរ ម៉េ​ង​វ៉ាង បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ កម្លាំង​របស់​លោក​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ រុន មុន្នី កំពុង​បណ្តើរ​ម៉ូតូ​ម៉ា​កនិច ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-3257 ដោយ​មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ ទើប​ដឹង​ថា ជា​ម៉ូតូ​ដែល​រូបគេ​ទើបតែ​ធ្វើ​សកម្មភាព​លួច​បាន ។ ក្រោយ​ពេលធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ម៉ូតូ​១​គ្រឿង​រួច​ហើយ កម្លាំង​របស់​លោក​ក៏​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្សពួក​ប្រុស​ស្រី​២​នាក់​ជា​បន្តបន្ទាប់​ទៀត ដោយ​ដកហូត​បាន​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1EF-2748 មួយ​គ្រឿង​ទៀត ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​៣​កញ្ចប់ (២​កញ្ចប់​ធំ និង​១​កញ្ចប់​តូច​) ជញ្ជីង​ថ្លឹង​មួយ ស្លាក​លេខ​ម៉ូតូ​ចំនួន​៥​បន្ទះ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ និង​ជួញដូរ​ថ្នាំ​ញៀន​ប្រុស​ស្រី​ទាំង​៣​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​យក​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕