ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រិត​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ទឹកប្រាក់​ប្រមាណ​19,2​ប៊ី​លាន​ដុល្លារ​នៅ​ចុងឆ្នាំ​2014

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​លទ្ធផល​អង្កេត​វិនិយោគ​ផ្ទាល់​បរទេស​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា កម្រិត​នៃ​វិនិយោគ​ផ្ទាល់​បរទេស​ត្រូវ​បាន​ប៉ាន់ស្មាន​មាន​ទឹកប្រាក់​ប្រមាណ​១៩,២​ប៊ី​លាន​ដុល្លារ​នៅ​ចុង​ឆាំ្ន​២០១៤ ដែល​នាំមុខ​ដោយ​វិស័យ

រាជធានី​ភ្នំពេញ ៖ តាម​លទ្ធផល​អង្កេត​វិនិយោគ​ផ្ទាល់​បរទេស​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា កម្រិត​នៃ​វិនិយោគ​ផ្ទាល់​បរទេស​ត្រូវ​បាន​ប៉ាន់ស្មាន​មាន​ទឹកប្រាក់​ប្រមាណ​១៩,២​ប៊ី​លាន​ដុល្លារ​នៅ​ចុង​ឆាំ្ន​២០១៤ ដែល​នាំមុខ​ដោយ​វិស័យ​កម្មន្តសាល​២៤% វិស័យ​អចលនទ្រព្យ​១៥% កសិកម្ម​១៤% វិស័យ​ហិរញ្ញវត្ថុ​១២% វិស័យ​ថាមពល​១១% និង​វិស័យ​សេវាកម្ម​ស្នាក់​នៅ​និង​ម្ហូបអាហារ​១១% ។  នេះ​បើ​តាម​កា​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​អង្កេត​វិនិយោគ​ផ្ទាល់​បរទេស​ឆ្នាំ​២០១៤ ជា​សមិទ្ធផល​ដំបូង​រួម​គ្នា​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួងផែនការ ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ម្សិលមិញ​នេះ លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បើ​ពិនិត្យ​មើល​ប្រភព​នៃ​ការ​វិនិយោគ​ផ្ទាល់​បទេស​នៅ​កម្ពុជា ប្រទេស​មក​ពី​តំបន់​អាស៊ី​មាន​ទំហំ​វិនិយោគ​ជិត​៩០%​នៃ​ការ​វិនិយោគ​ផ្ទាល់​បរទេស​សរុប ។

លោក​ជំទាវ​មាន​ប្រសាសន៍​ថា ៖ « ប្រទេស ចិន រាប់​បញ្ចូល​ទាំង​ចិនដីគោក តៃវ៉ាន់ ហុងកុង និង​ម៉ា​កាវ គឺ​មានការ​វិនិយោគ​ធំ​ជាងគេ​ដែល មាន​សមាមាត្រ​ប្រមាណ​៤៤%​នៃ​ការ​វិនិយោគផ្ទាល់​បរទេស​សរុប​នៅ​ចុងឆ្នាំ​២០១៤ »​។

យ៉ាងណា​ក៏​ដោយ ប្រទេស​វិនិយោគ​ធំ​២​ជា​សមាជិក​អាស៊ាន​ដែល​មាន​សមាមាត្រ​២២% ក្នុង​នោះ ឡាវ និង​មី​យ៉ា​ន់​ម៉ា ពុំ​មានការ​វិនិយោគ​នៅ​ក្នុង​កម្ពុជា​ឡើយ ហើយ​ការ​វិនិ​យោគ​ផ្ទាល់​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ហ្វី​លី​ពី​ន និង​ព្រុយ​ណេ គឺ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ។ រីឯ​ប្រទេស​វិនិយោគ​សំខាន់​ក្នុង​សមាគម​អាស៊ាន​រួម​មាន វៀតណាម ម៉ា​ឡេ​ស៊ី ថៃ និង​សិង្ហ​បុរី​។ ចំណែក​កូរ៉េ និង​ជប៉ុន ជា​ប្រទេស​វិនិយោគ​ច្រើន​ជាងគេ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី​ផ្សេង​ទៀត ។ ដោយឡែក ប្រទេស​នៅ​អឺរ៉ុប​មាន​ទំហំ​វិនិយោគ​ប្រមាណ​៧%​ នៃ​ការ​វិនិយោគ​ផ្ទាល់​បរទេស​សរុប ក្នុង​នោះ សហភាព​អឺរ៉ុប​មាន​សមាមាត្រ​៨៦%​នៃ​ទំហំ​ទឹកប្រាក់​វិនិយោគ​របស់​ប្រទេស​អឺរ៉ុប​ទាំងមូល ។ នេះ​បើ​តាម​លោក​ជំទាវ​ទេសាភិបាល​រង​បាន​បញ្ជាក់ ។

លោក ជំទាវ ហង់ លី​ណា អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​បច្ចេកទេស​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ និង​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រឹក្សា​យោបល់​អំពី​លក្ខណៈ​បច្ចេកទេស​ជា​ច្រើន ដូច​ជា លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ជ្រើសរើស​សហគ្រាស​គំរូ ពិភាក្សា​លើ​ខ្លឹមសារ​ទស្សនៈ​ផ្សេង​ៗ វិធីសាស្ត្រ​អង្កេត ការ​កែ​ច្នៃ​ទិន្នន័យ និង​ការ​វិភាគ​ទិន្នន័យ ជាដើម ដោយ​មានការ​ចូលរួម​ពី​អ្នកជំនាញ​ស្ថិតិ​អន្តរជាតិ​របស់​លេខាធិការដ្ឋាន​អាស៊ាន ។

លោក​ជំទាវ​ថ្លែង​ថា ៖ « តាម​ផែនការ​ដំបូង ការ​អង្កេត​គ្រោង​ជ្រើសរើស​សហគ្រាស​តែ​១០០​ប៉ុណ្ណោះ ប៉ុន្តែ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​សម្រេច​អង្កេត​លើស​រហូត​ដល់​១២៤​សហ​គ្រាស និង​បាន​ចាប់ផ្តើម​ចុះ​អង្កេត​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ក្នុង​កំឡុង​ពី​ខែកញ្ញា​ឆ្នាំ​២០១៥ រហូត​ដល់​ខែមករា ឆ្នាំ​២០១៦​។ ក្នុង​ដំណើរការ​អង្កេត​បាន​បង្ហាញ​ថា មាន​​សហគ្រាស​៤៥​បាន​ឆ្លើយ​តប​ពេញលេញ ៧២​ឆ្លើយ​តប​ផ្នែក​ខ្លះ និង​៧​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន » ។

នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ លោក ច័ន្ទ សុផល បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ​ទៅ​លើ​លទ្ធផល​នៃ​ការ​អង្កេត​នេះ និង​កាន់តែ​មាន​ភាព​ច្បាស់លាស់​បន្ថែម​ទៀត ។ លោក​ថា ៖ « នៅ​កម្ពុជា​មិន​អាច​សំអាង​តែ​ទៅ​លើ​ទិន្នន័យ​នៃ​ការ​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​បាន​ទេ ព្រោះ​ការ​អនុវត្ត​ជាក់ស្តែង​នៃ​គម្រោង​នីមួយ​ៗ​អាច​មានការ​ប្រែប្រួល​ច្រើន ហើយ​ប្រសិនបើ​រំពឹង​តែ​របាយការណ៍​ក្រុមហ៊ុន ក៏​មិន​បាន​គ្រប់​ជ្រុងជ្រោយ​ដែរ ។ ការ​អង្កេត​នេះ​បើ​តាម​ខ្ញុំ​យល់ មិន​ត្រឹមតែ​អង្កេត​មួយ​មុខ​ទេ គឺ​មានការ​ប៉ាន់ស្មាន​តាម​ប្រភព​ផ្សេង​ៗ​បួន ឬ​ប្រាំ​ជ្រុង​បញ្ចូល​គ្នា ធ្វើ​ឱ្យ​តួលេខ​នេះ យើង​យក​ទៅ​ប្រើ​ការ​បាន អាច​វិភាគ​បាន​ច្រើន​ថា ប្រភព​ទុន​មក​ពី​ប្រទេស​ណា​ច្រើន​ជាងគេ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​មានការ​ប្រែប្រួល​យ៉ាងម៉េច ហើយ​មាន​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ផ្សេង​ៗ ព្រោះ​គេ​ត្រូវ​ដឹង​អំពី​បរិបទ​ឬ បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ក្នុង​ការ​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ » ។

លទ្ធផល​អង្កេត​វិនិយោគ​ផ្ទាល់​បរទេស​នេះ គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូល​។ លទ្ធផល​នេះ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ចងក្រង​ស្ថិតិ​ជញ្ជីងទូទាត់ និង​ស្ថានភាព​វិនិយោគ​អន្តរជាតិ​របស់​កម្ពុជា និង​ជា​ធាតុ​ចូល​ដ៏​សំខាន់​មួយ​ក្នុង​ការ​កំណត់​នូវ​គោលនយោបាយ​សេដ្ឋកិច្ច ការ​រៀបចំ​ផែនការអភិវឌ្ឍន៍​យុទ្ធសាស្ត្រ និង​ការ​សិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​បញ្ហា​សកលភាវូបនីយកម្ម ។ លើស​ពី​នេះ ការ​ធ្វើ​អង្កេត​នេះ​បាន​ផ្តល់​នូវ​ឱកាស​ដ៏​ល្អ​ដល់​មន្ត្រី​ជំនាញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​មន្ត្រី​ជំនាញ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ដើម្បី​កសាង​សមត្ថភាព​ធនធានមនុស្ស និង​ផ្តល់​នូវ​កិច្ច​សហ​ប្រ​តិ​-​ប​ត្តិ​ការ​ការ​យ៉ាង​ជិត​ស្និទ្ធ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាក់​ស្តែង និង​ចែករំលែក​ចំណេះដឹង​គ្នា​វិញ​ទៅ​មក​ផង​ដែរ ៕