ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉េត​ រ៉ា​ដា ល្បី​តាម​រយៈ​បទ​«មនុស្ស​ប្រុស​ហេង​ស៊យ»និង​បទ «ប្តី​ខ្ញុំ​ទេ​នាង»

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កញ្ញា​រ៉េត រ៉ា​ដា ក្នុង​វ័យ​២៣​ឆ្នាំ​ដ៏​ស្រស់​សោភាបាន​ក្លាយ​ជា​អ្នក​ចំរៀង​តាមរយៈការ​ប្រឡង​ក្នុង​កម្ម​វិធី​ស្ពាន​តារា​នៃ​ស្ថានីយ​ទូរ​ទស្សន៍​ CTN ជាប់​ចំណាត់​ថ្នាក់​លេខ​១​នា​ឆ្នាំ​២០០៨​ ហើយ​នៅ​ឆ្នាំ​២០០៩​នាង​បាន​​ថត​សំលេង​ចូល​ស៊ី​ឌី​ និង​សំដែង​​កាយ​វិការ​​ខារ៉ា​អូ​ខេ​ឱ្យ​ផលិត​កម្ម​ស្វាង​តារា​ និង​ច្រៀង​ជា​កិត្តិ​យស​តាម​​កម្ម​វិធី​​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​របស់​​ស្ថានីយ​ទូរ​ទស្សន៍​​នានា​ផង​ដែរ​។ តាម​រយៈ​ទឹក​ដម​សម្លេង​ពីរោះ​គួប​ផ្សំ​នឹង​រូប​សម្ផស្ស​ស្រស់​ស្អាត​ផង​នោះ​នៅ​ពេល​​កញ្ញា​រ៉ា​ដា​ឡើង​​ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​​តាម​ស្ថានីយ​ទូរ​ទស្សន៍​នានា​ម្តងៗ​គេ​​សង្កេត​ឃើញ​មាន​អ្នក​ទស្សនា​​ផ្ទាល់​​ទះ​ដៃ​សំដែង​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​កុះ​ករ ជា​ពិសេស​នោះ​យុវ​វ័យតែ​ម្តង​។ ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ​នៅ​ពេល​នាង​ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ថ្ងៃ​អាទិត្យ​​ក្នុង​កម្ម​វិធី​តន្ត្រី​យុ​វវ័យ​រីក​រាយ​ របស់​ស្ថានីយ​ទូរ​ទស្សន៍​​អប្សរា​ប៉ុស្តិ៍​លេខ​១១ តាម​រយៈ​បទ​«មនុស្ស​ប្រុស​ហេង​ស៊យ» និង«​បទ​ប្តី​ខ្ញុំ​ទេ​នាង​» ​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រិយ​មិត្ត​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះ​ករ​។

កញ្ញា​រ៉េត រ៉ា​ដា តារា​ថ្មី​ទើប​រះ​ឡើង​ក្នុង​រយៈ​ពេល​​២​ឆ្នាំ​មក​នេះ​ទទួល​ជោគ​ជ័យ​ជាបន្ត​បន្ទាប់​ ហើយ​ធ្លាប់​បាន​យុវ​វ័យ​ទទួល​ស្គាល់​តាម​រយៈ​បទខូច​ខ្លួ​​ន​កុំ​ខូច​ចិត្ត​ ហើយ​ក្នុង​ឆ្នាំ​២០១១​នេះ​កំពុង​ត្រៀម​​ចេញ​បទ​ថ្មីៗ​ជា​ច្រើន​ទៀត​ដូច​ជា​បទ​ ហេតុ​ផល​ចំលែក​ បទ​ឆូត​កាត​ទៅ​លេង​ស្រុក​ ជា​ដើម​។
កញ្ញា​រ៉េត រ៉ា​ដា និយាយ​ថា ថ្វី​បើ​សព្វ​ថ្ងៃ​នាង​ពុំ​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ពិភព​សិល្បៈ​យ៉ាង​ណា​ក្តី​ក៏​នាង​មាន​ចិត្ត​សប្បាយ​រីក​រាយ​ក្នុង​អាជីព​ដែរ​ ហើយ​កំពុង​តែ​កសាង​កេរ្តិ៍​ឈ្មោះ​​តាម​រយៈ​ការថត​សំលេង​ចូល​ស៊ី​ឌី​ និង​សម្តែង​ខារ៉ា​អូខេ​ និង​ឡើង​ច្រៀង​ជាកិត្តិ​យសក្នុង​​កម្ម​វិធី​ប្រគំ​តន្ត្រី​របស់​​ស្ថានីយ​ទូរ​ទស្សន៍​នានា​ស្ទើរ​រាល់​សប្តាហ៍​ ​។
កញ្ញា​រ៉េត រ៉ា​ដា ជា​អ្នក​រាជ​ធានី​​ភ្នំ​ពេញ​មាន​បង​ប្អូន​៧​នាក់​ ក្នុង​នោះ​ប្រុស​៣នាក់​ ចំណែករូប​​​នាង​ជា​កូន​ទី​៥​ក្នុង​គ្រួសារ ៕