ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរ​សមុទ្រ​កម្ពុជា​ជាប់​ជា​សមា​ជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​​សមុទ្រ​ស្អាត​បំផុត​​លើ​លោក

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​កម្ម​ការ​អន្តរ​ក្រសួង​ដើម្បី​ដាក់​បញ្ចូល​​ឆ្នេរ​សមុទ្រ​​កម្ពុជា ជា​សមា​ជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​​សាកល​លោក បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ថា ឆ្នេរ​សមុទ្រ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សមា​ជិក​ពេញ​សិទ្ធិ​​នៃ​​ក្លឹប​​ឆ្នេរ​សមុទ្រ​ដែល​​ស្អាត​បំផុត​​លើ​​សាកល​លោក ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​​ក្លឹប​កាល​ពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ​២០១១​នៅ​ទី​ក្រុង​​កាហ្សែស (Cargese) ប្រទេស​​​បារាំង ដោយ​បាន​បោះ​ឆ្នោត​សំរេច​គាំទ្រ​ដោយ

រាជធានីភ្នំពេញ ៖ គណៈ​កម្ម​ការ​អន្តរ​ក្រសួង​ដើម្បី​ដាក់​បញ្ចូល​​ឆ្នេរ​សមុទ្រ​​កម្ពុជា ជា​សមា​ជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​​សាកល​លោក បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ថា ឆ្នេរ​សមុទ្រ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សមា​ជិក​ពេញ​សិទ្ធិ​​នៃ​​ក្លឹប​​ឆ្នេរ​សមុទ្រ​ដែល​​ស្អាត​បំផុត​​លើ​​សាកល​លោក ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​​ក្លឹប​កាល​ពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ​២០១១​នៅ​ទី​ក្រុង​​កាហ្សែស (Cargese) ប្រទេស​​​បារាំង ដោយ​បាន​បោះ​ឆ្នោត​សំរេច​គាំទ្រ​ដោយ​សំឡេង​ជា​ឯក​ច្ឆន្ទ ។

លោក​អ៊ឹម ​ឈុន​លឹម ទេស​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​​ដែន​ដី​នគ​រូបនីយ​កម្ម​​ និង​សំណង់​ និង​​ជា​ប្រធាន​គណៈ​កម្ម​ការ​អន្តរ​​ក្រសួង​បាន​ឱ្យ​ដឹង​ថា ការ​សំរេច​ខាង​លើ​នេះ អាស្រ័យ​ដោយ​លក្ខណ​សម្បត្តិ​​របស់​ឆ្នេរ​សមុទ្រ​​កម្ពុជា​បាន​ឆ្លើយ​តប​គ្រប់​គ្រាន់​​រាល់​លក្ខ​ខណ្ឌ​​តំរូវ​ដោយ​ក្លឹប​​ និង​សំណុំ​ឯក​សារ​ប្រកប​ដោយ​គុណ​ភាព​​ពិសេស​គឺ​ភាព​វៃ​ឆ្លាត​របស់​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​​រដ្ឋា​ភិបាល​​ដែល​មាន​សម្តេច​​​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​ជា​ប្រមុខ​ដោយ​បាន​ស្នើ​​ដាក់​បញ្ចូល​​ឆ្នេរ​សមុទ្រ​​ទាំង​មូល​ដែល​​មាន​ប្រវែង​​៤៤០​គីឡូ​ម៉ែត្រ ​កាត់​ខេត្ត​៤ គឺ​កោះ​កុង ព្រះ​សីហនុ ​កំពត និង​កែប ក្រោម​ឈ្មោះ​រួម​ថា «ឆ្នេរ​សមុទ្រ​​កម្ពុជា» ។

​លោក​ទេស​រដ្ឋ​មន្ត្រី​​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ជាប់​ជា​សមា​ជិក​ពេញ​សិទ្ធិ​នេះ ផ្តើ​ម​ចេញ​ពី​ការ​ទទួល​យក​បេក្ខ​ភាព​​របស់​ឆ្នេរ​សមុទ្រ​កម្ពុជា​ នា​ឱកាស​មហា​សន្និ​បាត​លើក​ទី​៦ របស់​ក្លឹប​ដែល​បាន​​ប្រព្រឹត្ត​ទៅ​​កាល​ពី​ថ្ងៃ​ទី​២៨ មេសា​ដល់​ថ្ងៃ​ទី​​២ ឧសភា ឆ្នាំ​២០១០ ​នៅ​ទី​ក្រុង​ហាឡុង ​ប្រទេស​វៀត​ណាម ដោយ​មហា​សន្និ​បាត​បាន​សំរេច​ទទួល​យក​បេក្ខ​ភាព​ឆ្នេរ​​ចំនួន​២​ក្នុង​ចំណោម​​ឆ្នេរ​ចំនួន​៣ ដែល​បាន​​ដាក់​សុំ​គឺ​មាន​ឆ្នេរ​សមុទ្រ​កកម្ពុជា ​ឆ្នេរ​សមុទ្រ Patmos របស់​ប្រទេស​​ក្រិច និង​ឆ្នេរ​សមុទ្រ Mackenzie របស់​ប្រទេស​កាណា​ដា ។

​លោក​ទេស​រដ្ឋ​មន្ត្រី​​បាន​បញ្ជាក់​ថា ​រដ្ឋា​ភិបាល​​បាន​សំរេច​បង្កើត​​គណៈកម្ម​ការ​អន្តរ​ក្រសួង​ដើម្បី​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជា ជា​សមា​ជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​​បំផុត​​លើ​សាកល​លោក​ ដោយ​មាន​រូប​​លោក​ផ្ទាល់​ជា​ប្រធាន លោក​ទេស​រដ្ឋ​មន្ត្រី ម៉ុក ម៉ារ៉េត ​រដ្ឋ​មន្ត្រី​ ក្រសួង​បរិ​ស្ថាន​​ ជា​អនុ​ប្រធាន និង​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ជា​អនុ​ប្រធាន​​អចិ​ន្ត្រៃយ៍ ។ គណៈ​កម្ម​ការ​អន្តរ​ក្រសួង​នេះ ​មាន​តួ​នាទី​សហ​ការ​ជា​មួយ​ក្រុម​ប្រឹក្សា​ភិបាល​ក្លឹប​ដើម្បី​ជំរុញ​ការ​ដាក់​បញ្ចូល​​ឆ្នេរ​សមុទ្រ​កម្ពុជា ជា​សមា​ជិក​ក្លឹប​ ត្រៀម​​​រៀប​ចំ​ទទួល​ដំណើរ​ទស្សន​កិច្ច​របស់​​ប្រតិ​ភូ​​ក្លឹប​ និង​រៀប​ចំ​សំណុំ​ឯក​សារ​ផ្លូវ​ការ​សំរាប់​ដាក់​​ជូន​ក្រុម​ប្រឹក្សា​ភិបាល​ក្លឹប​​សំរេច ។

​លោក​ថោង ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និង​​ជា​អនុ​ប្រធាន​អចិ​ន្ត្រៃយ៍​គណៈ​កម្ម​ការ​អន្តរ​ក្រសួង​បាន​មាន​ប្រសាសន៍​ថា ក្លឹប​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​១៩៩៧ នៅ​ទី​ក្រុង​ប៊ែរ​​ឡាំង ប្រទេស​អា​ល្លឺ​ម៉ង់ (ជា ONG auprès des Nations Unies ដែល​ស្ថិត​​ក្រោម​​ការ​គាំទ្រ​​របស់​អង្គ​ការ​យូណេ​ស្កូ (UNESCO)) ក្នុង​​គោល​បំណង​សំខាន់ៗ​​ចំនួន​៣ រួម​មាន​ទី​១-សំរួល​​ការ​ដោះ​ដូរ​បទ​ពិសោធន៍​​​រវាង​សមា​ជិក លើ​បញ្ហា​បរិ​ស្ថាន សង្គម សេដ្ឋ​កិច្ច និង​ទេស​ចរណ៍​ និង​ធ្វើ​ការ​ចែក​រំលែក​អំពី​លទ្ធ​ផល​ស្រាវ​ជ្រាវ​ និង​សិក្សា​បែប​វិទ្យា​សាស្ត្រ​​នានា​ទាក់​ទង​នឹង​ការ​អភិ​វឌ្ឍ​ និង​ការ​អភិ​រក្ស​​ដោយ​ឈរ​លើ​គោល​ការណ៍​​និរន្តរ​ភាព​ដល់​សមា​ជិក ទី​២-ជំរុញ​ការ​ដោះ​​ដូរ​បទ​ពិសោធន៍ និង​ជំនាញ​រវាង​សមា​ជិក​លើ​ការ​ងារ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍ ​និង​ទី​៣-ជំរុញ​ឱ្យ​មាន​ការ​ភ្ជាប់​ទំនាក់​ទំនង​ និង​ផ្លាស់​ប្តូរ​រវាង​ប្រជា​ជន និង​ប្រជា​ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​​ជា​សមា​ជិក (លើ​ការ​ងារ​សង្គម វប្ប​ធម៌ កីឡា​។ល។) ។
បច្ចុ​ប្បន្ន​​ ក្លឹប​នេះ​មាន​ប្រទេស​សមា​ជិក​ចំនួន​២៤​ប្រទេស និង​១​តំបន់​ស្វយ័ត (ទ្វីប​អាហ្វ្រិក ចំនួន​៦​ប្រទេស ទ្វីប​អាមេ​រិក​ចំនួន​៧​ប្រទេស ទ្វីប​​អាស៊ីចំនួន​៥​ប្រទេស និង​ទ្វីប​អឺរ៉ុប​ចំនួន​៧​ប្រទេស) ​ដែល​ក្នុង​នោះ​រួម​មាន​​៣២​​ឆ្នេរ​ និង​មាន​ទី​ស្នាក់​ការ​អចិ​ន្ត្រៃយ៍​​​នៅ​ទី​ក្រុង​វ៉ាន (Vannes) ប្រទេស​បារាំង ។​ «ឆ្នេរ​​សមុទ្រ​កម្ពុជា» បាន​ក្លាយ​​ជា​សមា​ជិក​ទី​៣៣ របស់​ក្លឹប។

លោក​​រដ្ឋ​មន្ត្រី​​ ថោង ខុន បាន​បន្ត​​ថា ​ជា​ការ​ពិត​ ការ​​ជាប់​ជា​សមា​ជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកល​លោក​នេះ នឹង​ផ្តល់​​ផល​ប្រយោជន៍​​ជា​ច្រើន​​ដល់​កម្ពុជា​ មាន​ជាអាទិ៍​ ទី​១-ចូល​រួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​​ទេស​ចរណ៍​​ប្រកប​ដោយ​និរន្តរ​ភាព និង​ការ​ទទួល​ខុស​ត្រូវ​នៅ​តំបន់​ឆ្នេរ ដោយ​កម្ពុជា​នឹង​អាច​ដក​ស្រង់​បទ​ពិសោធន៍​​ល្អៗ​ក្នុង​ការ​អនុ​វត្ត (Best Practices) ក៏​ដូច​ជា​ទទួល​ជំនាញ​បច្ចេក​ទេស (Expertise) ក្នុង​ការ​គ្រប់​គ្រង​​តំបន់​ឆ្នេរ​ពី​ឆ្នេរ​ជា​សមា​ជិក​ដទៃ​ទៀត ពិសេស​លើ​ការ​អភិ​វឌ្ឍ និង​ការ​អភិ​​រក្ស​តំបន់​ឆ្នេរ ព្រម​ទាំង​ការ​បង្កើន​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​នៅ​តំបន់​ឆ្នេរ​​សមុទ្រ តាម​រយៈ​ការ​អភិ​វឌ្ឍ​វិស័យ​ទេស​ចរណ៍​ជា​ដើម ។ល។ ទី២-បង្កើន​​កំលាំង​ផ្សព្វ​ផ្សាយ​សក្តានុ​ពល​ទេស​ចរណ៍​តំបន់​ឆ្នេរ​សមុទ្រ​​កម្ពុជា​ ដោយ​យើង​នឹង​មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​ផ្លូវ​ការ​របស់​ក្លឹប «ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកល​លោក» ដែល​នឹង​ចូល​រួម​​គាំទ្រ​ដល់​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ទេសចរណ៍ «កម្ពុជាៈ ព្រះរាជា​ណា​ចក្រ​អច្ឆរិយៈ» និង​ជួយ​​លើក​ស្ទួយ​កិត្យា​នុ​ភាព​​ឆ្នេរ​​សមុទ្រ​កម្ពុជា នៅ​លើ​ឆាក​អន្តរ​ជាតិ (ដោយ​អាច​ភ្ជាប់​​ទៅ​នឹង​វ៉េប​សាយ​របស់​ក្លឹប www.world-bays.com)​ ពិសេស​ចូល​រួម​គាំទ្រ​​​គោល​នយោ​បាយ​ពង្រីក​គោល​ដៅ​ទេស​ចរណ៍​ឱ្យ​មាន​ភាព​សំបូរ​បែប​ ពី​តំបន់​ទេស​ចរណ៍​វប្ប​ធម៌​ (សៀម​រាប-អង្គរ) ​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ផង​ដែរ ។ ​ទី​៣-​ក្លឹប​បាន​ទទួល​ស្គាល់​ឈ្មោះ​ «ឆ្នេរ​សមុទ្រ​កម្ពុជា» (Cambodia Bay-La Baie du Cambodge) ជា​ផ្លូវ​ការ ​​ដែល​នេះ​នឹង​ផ្តល់​អំណោយ​​​ផល​ល្អ​សំរាប់​តំបន់​ឆ្នេរ​​សមុទ្រ​កម្ពុជា​លើ​​ឆាក​អន្តរ​ជាតិ ដែល​ជា​ទូទៅ​ត្រូវ​បាន​ស្គាល់​​ថា ស្ថិត​នៅ​តំបន់​ឈូង​សមុទ្រ​ថៃ (Gulf of Thailand) ។

​លើ​សពី​នេះ​ទៅ​ទៀត ​ដើម្បី​ជំរុញ​ដំណើរ​ការ​គ្រប់​គ្រង និង​អភិ​វឌ្ឍន៍​​ឆ្នេរ​សមុទ្រ​​កម្ពុជា​ឱ្យ​បាន​ល្អ​​ស្អាត​ស័ក្តិ​សម​ជា​សមា​ជិក​នៃ​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​​បំផុត​លើ​សាកល​លោក គណៈ​កម្ម​ការ​អន្តរ​​ក្រសួង នឹង​បន្ត​អនុ​វត្ត​ផែន​ការ​សកម្ម​ភាព​របស់​ខ្លួន​ ដោយ​ក្នុង​នោះ​​ផ្តោត​​ជា​សំខាន់​​​លើ​ចំណុច​​ចំនួន​៤ ដូច​ខាង​ក្រោម ៖
១-​ការ​រៀប​ចំ​ឱ្យ​មាន​ជា​ឆ្នេរ​​គំរូ​មួយ (អាច​យក​ឆ្នេរ​អូរ​ត្រេះ សំរាប់​ការ​អនុ​វត្ត​ជំហាន​ដំបូង)​ សំដៅ​រៀប​ចំ​ប្លង់​មេ​​សំរាប់​ការ​អភិ​វឌ្ឍ រួម​មាន​ទាំង​ប្លង់​នគរូប​នីយ​កម្ម ប្រព័ន្ធ​ដឹក​ជញ្ជូន និង​សេវា​​កម្ម​បំរើ​ដល់​វិស័យ​​ទេស​ចរណ៍​នានា ដើម្បី​ធានា​ឱ្យ​បាន​អនាម័យ សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​​ល្អ ជា​គំរូ​សំរាប់​ការ​អនុ​វត្ត​នៅតាម​ឆ្នេរ​ដទៃ​ទៀត។
២-ជំរុញ​​ការ​អនុ​វត្ត​សេច​ក្តី​​សំរេចរបស់​រាជ​រដ្ឋា​ភិបាល​​ស្តី​ពី​ការ​បង្កើត​​ក្រុម​ ឆ្មាំ​ឆ្នេរ​សមុទ្រ​កម្ពុជា ដោយ​​ចាប់​ផ្តើម​​រៀប​ចំ​ជ្រើស​រើស​ឆ្មាំ​ឆ្នេរ​សមុទ្រ​​​ក្នុង​​ក្រប​ខណ្ឌ​​កិច្ច​សន្យា​​ការ​ងារ ឬ​សេវា​ឯក​ជន​ ហើយ​ស្ថិត​នៅ​​ក្រោម​ការ​គ្រប់​គ្រង​របស់​អាជ្ញា​ធរ​ខេត្ត​តំបន់​​ឆ្នេរ​សមុទ្រ រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​​ចំណេះ​ដឹង និង​ជំនាញ​ចាំ​បាច់​នានា​ដល់​ក្រុម​ឆ្មាំ​ឆ្នេរ​សមុទ្រ (ក្រសួង​ទេសចរណ៍​បាន​​និង​កំពុង​រៀប​ចំ Curriculum សំរាប់​វគ្គ​បណ្តុះ​បណ្តាល​ឆ្មាំ​ឆ្នេរ​សមុទ្រ ដោយ​សហ​ការ​ជា​មួយ​ជំនាញ​ការ​អូស្ត្រាលី និង​បារាំង) មុន​នឹង​ឈាន​ទៅ​​​បំពាក់​សំភារ​ចាំ​បាច់​មួយ​ចំនួន​សំរាប់​បំពេញ​ការ​ងារ​ដល់​ក្រុម​ឆ្មាំ​​ឆ្នេរ​សមុទ្រ ។
៣-​ជំរុញ​ឱ្យ​មាន​កន្លែង​ផ្ទុក​សំណល់​រឹង និង​មធ្យោ​បាយ​គ្រប​គ្រង​សំណល់​រាវ ព្រ​មទាំង​អប់រំ​​ឱ្យ​ប្រជា​ពល​​រដ្ឋ​ អាជីវ​ករ និង​ទេស​ចរ​ចូលរួម​ក្នុង​ការ​សំអាត​ឆ្នេរ​សមុទ្រ និង​ដាក់​ចេញ​​នូវ​វិធាន​ការ​​​ដ៏​មា​នប្រសិទ្ធ​ភាព​ដើម្បី​សំអាត​​ឆ្នេរ​សមុទ្រ​​កម្ពុជា ។
៤-​បង្កើន​យុទ្ធ​នា​ការ និង​យន្ត​ការ​នានា​ដើម្បី​ការ​ពារ និង​អភិ​រ​ក្ស​ធន​ធាន​កម្រ​ ក្នុង​នោះ យើង​បាន​​និង​កំពុង​សហ​ការ​​ជា​មួយ​អង្គ​ការ Acting for Life រៀប​ចំ​អនុ​វត្ត​គំរោង​អភិ​រក្ស​​ផ្កា​ថ្ម និង​គំរោង​ដទៃ​ទៀត ។

គួរ​បញ្ជាក់​​ថា យោង​តាម​លិខិត​របស់​លោក​ប្រធាន​ក្លឹប​​ ការ​ចូល​​ជា​សមា​ជិក​ពេញ​សិទ្ធិ​របស់​ឆ្នេរ​សមុទ្រ​កម្ពុជា នឹង​ត្រូវ​​ប្រកាស​ជា​ផ្លូវ​ការ​នា​ឱកាស​មហា​សន្និ​បាត​​លើក​ទី​៧ របស់​ក្លឹប​​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ​ខែ​ឧសភា ឆ្នាំ​២០១១ ខាង​មុខ​​នៅ​ប្រទេស​​សេណេ​​ហ្គាល់ ហើយ​ពេល​នោះ​​ក៏​មាន​ការ​ប្រគល់​វិញ្ញា​បន​បត្រ​ទទួល​ស្គាល់​​កម្ពុជា​​ជា​សមា​ជិក​ផង​ដែរ៕