ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំ​ហាត់ប្រាណ​5​ប្រភេទ​ជួយ​ឱ្យសុខភាព​បេះដូង​បាន​ល្អ​ប្រសើរ

7 ឆ្នាំ មុន

គ្រាន់តែ​ចង់​ធ្វើ​ឱ្យ​សុខភាព​បេះដូង​បាន​ល្អ​ប្រសើរ លោក​អ្នក​មិន​ចាំបាច់​ក្លាយ​ខ្លួន​ជា​អត្ត​ព​លិ​ក​ម្នាក់​នោះ​ទេ ។ ការ​ហាត់ប្រាណ​ត្រឹម​កម្រិត​មធ្យម​ពិតជា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​និង​ជំងឺ​ផ្សេង​ៗ​ទៀត​បាន​យ៉ាងច្រើន​។

គ្រាន់តែ​ចង់​ធ្វើ​ឱ្យ​សុខភាព​បេះដូង​បាន​ល្អ​ប្រសើរ លោក​អ្នក​មិន​ចាំបាច់​ក្លាយ​ខ្លួន​ជា​អត្ត​ព​លិ​ក​ម្នាក់​នោះ​ទេ ។ ការ​ហាត់ប្រាណ​ត្រឹម​កម្រិត​មធ្យម​ពិតជា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​និង​ជំងឺ​ផ្សេង​ៗ​ទៀត​បាន​យ៉ាងច្រើន​។ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ប្រភេទ​ណាមួយ​និង​កម្រិត​ណាមួយ​គឺ​សុទ្ធតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ទូទៅ។ ខាងក្រោម​នេះ ជា​លំ​ហាត់ប្រាណ​៥​ប្រភេទ​ដែល​អ្នកជំនាញ​អះអាង​ថា ផ្តល់​អត្ថប្រយោជន៍​ដល់​បេះដូង ៖

១-​ដើរ​ញាប់​យ៉ាងតិច​២២​នាទី​ក្នុង​មួយ​ថ្ងៃ​ ៖ ពិត​ណាស់ មនុស្សលោក​កើតមក​ត្រូវ​តែ​ចេះ​ដើរ ។ មិន​ថា​ជា​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ឬ​នៅ​កន្លែង​ណាមួយ​ទេ ការ​ដើរ​ញាប់​ក្នុង​ដំណើរ​ប្រញាប់ប្រញាល់​គឺជា​មធ្យោបាយ​ពី​ធម្មជាតិ​មួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​រាង​កាយ ។ ចូរ​ជ្រើស​យក​ស្បែកជើង​សមរម្យ​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រអប់ជើង​របស់​អ្នក ។ បើ​ទោះ​ណា​មាន​មតិ​ខ្លះ​យល់​ថា ការ​ដើរ​របៀប​លំហែ​ប្រសើរ​ជាង​ការ​អង្គុយ​មួយ​កន្លែង​ក្តី ប៉ុន្តែ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​ពិសេស​ធ្វើ​ឱ្យ​រាង​កាយ​មាន​សកម្ម​ភាព​មធ្យម អ្នក​គួរ​ដើរ​ឱ្យ​បាន​លឿន ។

២-​រត់​យ៉ាងតិច​១៥​នាទី ៥​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ ៖ បើ​ទោះ​ណា​វា​ពិបាក​ជាង​ការ​ដើរ ប៉ុន្តែ​ការ​រត់​គឺជា​សកម្មភាព​រាង​កាយ​ផ្តល់​ប្រយោជន៍​ដល់​បេះដូង​មួយ​ផ្សេង​ទៀត​ដែល​គ្រប់​រាង​កាយ​មនុស្ស​ទទួលយក​បាន ។ បន្ថែម​ពីលើ​នេះ​ទៀត វា​ជា​មធ្យោបាយ​ល្អ​មួយ​ជួយ​ដុត​បំផ្លាញ​កាឡូរី​(​បើ​អ្នកមាន​ជាង​៧០​គីឡូក្រាម​រត់​ចម្ងាយ​១​គីឡូម៉ែត្រ​កន្លះ​អាច​ដុត​បំផ្លាញ​កាឡូរី​បាន​១០០)​។  ចូរ​ដើរ​ញាប់​សិន​ហើយ​បន្ទាប់​មក​រត់​១​ទៅ​២​នាទី​រៀង​រាល់​ការ​ដើរ​ញាប់​៥​នាទី (​សម្រាប់​អ្នក​ទើប​ចាប់ផ្តើម​រត់​ដំបូង​) ។ នៅ​ពេល​ស៊ាំ​នឹង​ការ​ហត់​ហើយ អ្នក​អាច​បង្កើន​នាទី​រត់​រហូត​មិន​ចាំបាច់​ឈប់​ដើរ ។

៣- ហែល​ទឹក ៖ អាង​ហែល​ទឹក​អាច​ជាទី​កន្លែង​ដ៏​ល្អ​មួយ​ជួយ​ដល់​សុខភាព​អ្នក ។ វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​សុខភាព​បេះដូង​បាន​ល្អ​ទេ តែ​ថែម​ទាំង​ជួយ​ឱ្យ​ចង្វាក់បេះដូង​ដើរ​ទៀង​ទាត់​​ទៀត​ផង ។ បន្ថែម​ពី​នេះ​ទៀត ជួយ​កែ​លំអ​កម្លាំង​សាច់ដុំ ហើយ​វា​រឹតតែ​ល្អ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​សន្លាក់​មិន​អាច​ហាត់ប្រាណ​រត់​ឬ​ដើរ​បាន ។

៤-​ជិះ​កង់ ៖ វា​ជា​ប្រភេទ​លំ​ហាត់ប្រាណ​ដែល​អ្នក​អាច​ធ្វើ​លើ​ផ្លូវថ្នល់ ឬ​នៅ​ក្នុង​ក្លិប ។ ក្រៅពី​ផ្តល់​អត្ថប្រយោជន៍​ដល់​បេះដូង ជិះ​កង់​មិន​បាន​ផ្តល់​ផល​អាក្រក់​ដល់​សន្លាក់​នោះ​ទេ។ វា​ជា​លំ​ហាត់ប្រាណ​សមរម្យ​សម្រាប់​អ្នក​មិនសូវ​មាន​ពេលទំនេរ​ដ្បិត​ការ​ជិះ​កង់​ចេញពី​កន្លែងធ្វើការ​មក​ផ្ទះ​អាច​ចាត់ទុកជា​ការ​ហាត់ប្រាណ​បាន ។

៥-​ធ្វើ​លំ​ហាត់ប្រាណ​អ៊ែ​រ៉ូ​បិ​ក ៖ លំ​ហាត់ប្រាណ​នេះ​(​ភាគច្រើន​សម្រាប់​មនុស្ស​ស្រី​)​ក្រៅពី​ជួយ​ធ្វើ​ឱ្យ​សុខភាព​បេះដូង​របស់​អ្នក​បាន​ល្អ​ប្រសើរ វា​ក៏​អាច​ជួយ​ឱ្យ​សាច់ដុំ​មាន​កម្លាំង​មាំមួន​ផង​ដែរ ។ ប៉ុន្តែ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា លំ​ហាត់​មួយ​ណា​សមរម្យ​នឹង​អាយុ លក្ខខណ្ឌ​សុខភាព​រាង​កាយ​របស់​អ្នក ៕