ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​ពេក ! ស្ត្រី​ទើប​សម្រាលកូន​បាន​៤​ខែ​ខាំ​អណ្តាត​ខ្លួនឯង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ទើប​សម្រាលកូន​បាន​៤​ខែ​ម្នាក់​បាន​ខាំ​អណ្តាត​ខ្លួនឯង​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​ប្តី​និង​អ្នក​ជិតខាង​ចង​អង្រឹង​សែង​ជិត​១០​គីឡូម៉ែត្រ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ទើប​សម្រាលកូន​បាន​៤​ខែ​ម្នាក់​បាន​ខាំ​អណ្តាត​ខ្លួនឯង​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​ប្តី​និង​អ្នក​ជិតខាង​ចង​អង្រឹង​សែង​ជិត​១០​គីឡូម៉ែត្រ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​សាងសង់​ឃ្លាំង​ស្តុក​អង្ករ ស្ថិត​ក្នុងភូមិ​អ​ន្ស​រ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ដែល​ខាំ​អណ្តាត​ខ្លួនឯង​ប៉ុនប៉ង​សម្លាប់​ខ្លួន​នេះ​មានឈ្មោះ ង៉ូ​យ សោភា  អាយុ​២៥​ឆ្នាំ មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​ក្នុង ឃុំ​អង្គ​ព្រះ​ស្រែ ស្រុក​រមាស​ហែក ខេត្តព្រៃវែង ។ ចំណែក​ប្តី​របស់​នាង​មានឈ្មោះ​ធឿ​ន ធី អាយុ​៣១​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល មានកូន​៣​នាក់ ។

ប្រភព​ព័ត៌មាន​ពី​បងប្អូន​ជីដូនមួយ​របស់​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​នោះ​បាន​មក​ធ្វើការ​សំណង់​តាំងពី​ប្រពន្ធ​ឆ្លងទន្លេ​បាន​ជិត​មួយ​ខែ​ម្ល៉េះ តែ​មិន​ដែល​ទៅ​ផ្ទះ​ទេ បែរជា​លួច​សម្ងំ​មាន​ស្រី​ថ្មី​នៅ​ភ្នំពេញ ។ បន្ទាប់​មក​ក៏​បែកធ្លាយ​រឿង​នេះ​ដល់​ប្រពន្ធ ដឹង​ថា​ប្តី​មាន​ស្រី​ជិត​ចូល​រោងការ​ទៀត​ផង ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​កូនប្រុស​ដែល​ទើបនឹង​សម្រាល​បាន​៤​ខែ​នោះ​មក​ភ្នំពេញ មក​ជួប​ប្តី​ជាមួយ​អ្នក​ជិតខាង​ដែល​គេ​មក​លេង​ប្តី​របស់​គេ​ធ្វើការ​ជាមួយ​គ្នា ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ស្ត្រី​ជា​ប្រពន្ធ​មក​ភ្នំពេញ​លើក​នេះ​មាន​បំណង​មក​នាំ​ប្តី​ទៅ​ស្រុក​កំណើត​វិញ ប៉ុន្តែ​បុរស​ជា​ប្តី​មិន​ព្រម​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ជាមួយ​ប្រពន្ធ​ទេ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ខឹង​រហូត​រឹង​ថ្គាម​ខាំ​អណ្តាត​ខ្លួនឯង ។ ភ្លាម​ៗ​នោះ​អ្នក​ជិតខាង និង​បុរស​ជា​ប្តី​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ជា​ច្រើន​ដង តែ​មិន​មាន​រថយន្ត​សង្គ្រោះ​ទៅ​ដឹក​យក​មក​ព្យាបាល​ឡើយ ទើប​អ្នក​ជិតខាង និង​បុរស​ជា​ប្តី​បាន​សម្រេចចិត្ត​ចង​អង្រឹង​សែង​ដើរ​ចម្ងាយ​ជិត​១០​គីឡូម៉ែត្រ ទាំង​ភ័យ​ស្លន់ស្លោ ហើយ​បុរស​ជា​ប្តី​ដើរ​បណ្តើរ​ទូរស័ព្ទ​បណ្តើរ និង​លូកដៃ​ឲ្យ​ប្រពន្ធ​ខាំ​បណ្ដើរ ព្រោះ​ខ្លាច​ប្រពន្ធ​ខាំ​អណ្តាត​ស្លាប់ ។ ដោយសារ​តែ​ភ័យ​ខ្លាំង​ពេក បាន​នាំ​គ្នា​សែង​ហួស​មណ្ឌល​សុខភាព​សំរោង​ក្រោម​បន្តិច ទើប​ត្រឡប់​ក្រោយ​ចូល​ឲ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ ។

ខណៈ​ពេល​ទៅ​ដល់​មណ្ឌល​សុខភាព គ្រូពេទ្យ​បាន​សួរនាំ​ថា មានរឿង​អី​ពិតប្រាកដ​បានជា​អ្នកជម្ងឺ​ខាំ​អណ្តាត​ជាប់​បែប​នេះ ត្រូវ​បាន​អ្នក​ជិតខាង​ប្រាប់​ថា សង្ស័យ​ទាស់ចំណី ព្រោះ​ស្ត្រី​រូប​នេះ​ទើបតែ​សម្រាលកូន​បាន​៤​ខែ​បាន​ហូប​សម្លម្ជូរ​ដើម​ចេក តែ​ភ្លាម​ៗ​នោះ​មាន​អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ថា មាន​អ្នក​ទើបនឹង​សម្រាលកូន​ដូច​គ្នា​ហូប​សម្ល​នឹង​ដែរ តែ​មិនឃើញ​មាន​ទាស់ចំណី​ទេ ក៏​ត្រូវ​បាន​អ្នក​ជិតខាង​ប្រាប់​គ្រូពេទ្យ​ថា សង្ស័យ​តែ​ស្ត្រី​រូប​នេះ​ខឹង​ប្តី​មាន​ស្រី​ថ្មី ហើយ​មាន​បំណង​ចូល​រោងការ​ទៀត​ផង ធ្វើ​ឲ្យ​ស្ត្រី​រូប​នោះ​ខឹង​ចិត្ត​រហូត​រឹង​ថ្គាម​ខាំ​អណ្តាត​សន្លប់​បែប​នេះ​តែ​ម្តង ។ បន្ទាប់​ពី​គ្រូពេទ្យ​ធ្វើការ​ព្យាបាល ស្ថានភាព​ស្ត្រី​ខាងលើ​បាន​ធូរស្រាល​វិញ​ហើយ ។

ជាមួយ​គ្នា​នោះ​ដែរ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កើតហេតុ​ខាងលើ​ត្អូញត្អែរ​ថា នៅ​ភូមិសាស្ត្រ​ដែល​ពួក​គាត់​រស់នៅ​ខាងលើ​នេះ ពេល​ដែល​មាន​ជម្ងឺ​ត្រូវការ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ គឺ​មិន​ដែល​មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​រដ្ឋ និង​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ណាមួយ​ទៅ​ដឹក​យក​ទៅ​ព្យាបាល​ទេ ទោះបីជា​ខំប្រឹង​ទូរស័ព្ទ​ចូល​លេខ​រថយន្ត​សង្គ្រោះ​ជា​ច្រើន​ដង​យ៉ាងណា​ក៏​បាន​មិន​ត្រឹមតែ​ឲ្យ​ទូរស័ព្ទ​ទៅ​ខាង​នេះ​ទៅ​ខាង​ណោះ​ចុង​ក្រោយ​រង់ចាំ​បន្តិច​គឺ​បាត់​ឈឹង​តែ​ម្តង ។

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជួយ​សម្រួល​ដល់​ពួក​គាត់​ដែល​រស់នៅ​តំបន់​ជាយក្រុង​ឲ្យ​មាន​រថយន្ត​សង្គ្រោះ​ទៅ​ជួយ​សង្គ្រោះ​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​កំពុង​តែ​ជួប​ឧបសគ្គ​នៅ​ចំពោះ​មុខជា​ញឹកញាប់​ណាស់ ពិសេស​នៅ​ពេល​យប់ ៕