ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សាទរ​ការ​ពង្រីក​សេវាកម្ម​រថយន្តក្រុង​ទៅ​តាម​ខេត្ត ខណៈ​គម្រោង​មិន​ទាន់​ច្បាស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ពី​គម្រោង​ពង្រីក​សេវាកម្ម​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ដក្រុង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ត មាន​មតិ​សាធារណជន​ជា​ច្រើន ពិសេស​បណ្ដា​និស្សិត

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ពី​គម្រោង​ពង្រីក​សេវាកម្ម​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ដក្រុង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ត មាន​មតិ​សាធារណជន​ជា​ច្រើន ពិសេស​បណ្ដា​និស្សិត កម្មករ​-​កម្មការិនី និង​បុគ្គលិក​ទាំង​វិស័យ​រដ្ឋ និង​ឯកជន ដែល​មក​សិក្សា​និង​ធ្វើការ​នៅ​ភ្នំពេញ ក៏​ដូច​ជា​អ្នកដំណើរ បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ចង់​ឲ្យ​សេវាកម្ម​មួយ​នេះ​ដំណើរការ​ឲ្យ​បាន​ឆាប់ ព្រោះ​ពួក​គេ​យល់​ថា នឹង​អាច​ជួយ​សម្រាល​ដល់​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ច្រើន ទាំង​ការ​ចំណាយ និង​មិន​ខ្វះ​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៀត ជា​ពិសេស​នៅ​រដូវ​បុណ្យ​ទាន ដូច​ជា​ភ្ជុំបិណ្ឌ ឬ​ចូល​ឆ្នាំ​ជាដើម ។

បច្ចុប្បន្ន រាជរដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​ការ​ឡើងថ្លៃ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ពី​សំណាក់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ និង​តាក់ស៊ី​បាន​នៅឡើយ​ទេ ពិសេស​នៅ​រដូវ​បុណ្យ​ទាន​ម្ដងៗ តម្លៃ​ធ្វើ​ដំណើរ​ទាំង​រថយន្តក្រុង និង​តាក់ស៊ី តែងតែ​ឡើងថ្លៃ​ជា​ប្រចាំ បើ​ទោះបីជា​មានការ​អំពាវនាវ និង​ស្នើ​សុំ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​ក៏​ដោយ​។ ដូចនេះ នៅ​ពេល​គម្រោង​ពង្រីក​សេវាកម្ម​រថយន្ត ក្រុង​សាធារណៈ​របស់​រដ្ឋ​ដំណើរការ ប្រជាពលរដ្ឋ​ជឿ​ថា ការ​ដំឡើង​ថ្លៃ​នឹង​មិន​មាន​ទៀត​ទេ ឬ​យ៉ាង​ហោច​ណាស់ ក៏​ការ​ដំឡើង​ថ្លៃ​នោះ​មិន​ហួសហេតុ​ពេក​ដែរ ។

លោក សៀង រ​ដ្ឋា មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​តែងតែ​ធ្វើ​ដំណើរ​ទៅ​មក​ភ្នំពេញ​ជា​ញឹកញាប់ បាន​បញ្ចេញមតិ​ថា ប្រសិនជា​រាជរដ្ឋាភិបាល​ពង្រីក​សេវាកម្ម​រថយន្តក្រុង​ទៅ​តាម​បណ្ដា​ខេត្ត​មែន​នោះ វា​ពិតជា​ល្អ​ណាស់​សម្រាប់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​រូប​លោក​ផ្ទាល់ ។ លោក រ​ដ្ឋា និយាយ​ថា ៖ « បើសិនជា​រាជ​រដ្ឋា​ភិបាល​ពង្រីក​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​ពី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត និង​ពី​បណ្ដា​ខេត្ត​ទៅ​ភ្នំពេញ​នោះ ខ្ញុំ​នឹង​ជ្រើសរើស​យក​សេវាកម្ម​មួយ​នេះ​ធ្វើ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ឡើង​ចុះ​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ឬ​ពី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត ព្រោះ​ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ ខ្ញុំ​គិត​ថា រដ្ឋ​មិន​គិត​ពី​រឿង​លុយ​ជា​ធំ​ដូច​ឯកជន​នោះ​ទេ ហើយ​នៅ​រដូវ​បុណ្យ​ទាន ខ្ញុំ​ក៏​ជឿជាក់​ថា រដ្ឋ​មិន​ដំឡើង​ថ្លៃ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ដែរ​។ មួយវិញទៀត ការ​ជ្រើសរើស​យក​សេវាកម្ម​របស់​រដ្ឋ ក៏​អាច​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​យើង ដោយ​យើង​បាន​បង់ថ្លៃ​សេវា​ទៅ​រដ្ឋ ហើយ​រដ្ឋ​ក៏​យក​សេវា​នោះ​ទៅ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​ចាំបាច់ » ។

លោក​បន្ត​ថា ចំពោះ​បញ្ហា​តម្លៃ បើសិនជា​រដ្ឋ​អាច​ដាក់​តម្លៃ​ឱ្យ​ទាប​ជាង​តម្លៃ​សំបុត្រ​របស់​ឯកជន​នោះ វា​ជា​ការ​ល្អ​ប្រសើរ​បំផុត ព្រោះ​រដ្ឋ​អាច​ជួយ​ដោះស្រាយ និង​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​កម្មករ កម្មការិនី ដែល​ត្រូវការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​ម្តងម្កាល ចំណាយ​កាន់តែ​តិច និង​អាច​សន្សំ​សំចៃ​បាន​ច្រើន ។

លោក គង់ ម៉ៅ អ្នកដំណើរ​ដែល​តែងតែ​ប្រើ​សេវាកម្ម​រថយន្តក្រុង​ក្រុមហ៊ុន​ឯកជន ក៏​បានឱ្យ​ដឹង​ដែរ​ថា លោក​ជា​អ្នកដំណើរ​តែងតែ​ចង់បាន​ការ​ចំណាយ​តិច ហើយ​បើសិនជា​គម្រោង​ពង្រីក​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​លេច​រូបរាង​ឡើង និង​មាន​ភាព​ប្រហាក់ប្រហែល​នឹង​សេវាកម្ម​រថយន្តក្រុង​របស់​ឯកជន ក៏​លោក​នៅ​តែ​ទទួលយក​សេវាកម្ម​រថយន្តក្រុង​របស់​រដ្ឋ​ដែរ ពីព្រោះ​អាច​ជួយ​រក​ចំណូល​ដល់​រដ្ឋ​ដោយ​គ្រាន់តែ​ជិះ​រថយន្តក្រុង ។ ទោះបី​យ៉ាងណា លោក​ថា បើសិនជា​មាន​តម្លៃ​ទាប វា​កាន់តែ​ល្អ​ថែម​ទៀត ព្រោះ​ចំណាយ​អស់​តិច និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​របស់​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខជា​លំដាប​ថែម​ទៀត ។

លោក ប៉ោ វុ​ទ្ធី អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ថោ​ង ស៊ី​ង បានឱ្យ​ដឹង​ថា ក្នុង​នាម​លោក​ជា​អ្នករក​ទទួលទាន​ខាង​វិស័យ​ដឹក​ជញ្ជូន​អ្នកដំណើរ លោក​គ្មាន​ការ​ភ័យ​ព្រួយ​រឿង​សេវាកម្ម​របស់​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​នោះ​ទេ តែ​ថែម​ទាំង​សប្បាយ​រីករាយ និង​សាទរ​ចំពោះ​សមិទ្ធផល​របស់​រដ្ឋ​ទៀត​ផង ដែល​អាច​បង្កើត​សេវាកម្ម​ដឹក​អ្នកដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត ។ លោក​ថា បើសិនជា​រដ្ឋ​ធ្វើ​បាន​នូវ​ការ​មិន​ឡើងថ្លៃ និង​គោរព​ទៅ​តាម​ក្រមសីលធម៌ មានការ​យោគយល់​ដល់​អ្នកដំណើរ​នោះ ក្នុង​នាម​ក្រុមហ៊ុន​ឯកជន ក៏​នឹង​អនុវត្ត​តាម​អ្វី​ដែល​រដ្ឋ​ចង់បាន​ផង​ដែរ ។

លោក​បន្ត​ថា ៖ « កន្លង​មក ក្រុមហ៊ុន​ថោ​ង​ស៊ី​ង បាន​អនុវត្ត​រួច​ទៅ​ហើយ​នូវ​គោលការណ៍ មិន​ដំឡើង​ថ្លៃ​សំបុត្រ​នៅ​ពេល​មានបុណ្យ​ទាន ដូច​ជា ចូល​ឆ្នាំ និង​ភ្ជុំបិណ្ឌ​ជាដើម​។ មិនតែប៉ុណ្ណោះ ពេល​ខ្លះ​យើង​ក៏​មិន​យក​កម្រៃ​ពី​អ្នកដំណើរ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ឬ​ថ្ងៃ​ភ្ជុំ ដើម្បី​អបអរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​យើង​។ តែ​យ៉ាងណា ការ​ភ្លាំងភ្លាត់​របស់​ក្រុមហ៊ុន​ក៏​តែងតែមាន ដូច​ជា​ការ​លក់​សំបុត្រ​លើស​ពី​តម្លៃ​កំណត់ ដោយ​ភ្នាក់ងារ​លក់​តាម​ទីតាំង​ផ្សេង​ៗ​ក្នុង​រាជធានី​ភ្នំពេញ ឬ​ខេត្ត​ផ្សេង​ៗ​ដែល​មិនមែន​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន
ផ្ទាល់ » ។

លោក មាន ចាន់​យ៉ា​ដា អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ មិន​បាន​និយាយ​អ្វី​ច្រើន​ទាក់ទង​នឹង​ការ​ពង្រីក​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​ទៅ​តាម​បណ្ដា​ខេត្ត​នោះ​ទេ ដោយ​គ្រាន់​និយាយ​ថា វា​គ្រាន់តែ​ជា​ការ​គិតគូរ​របស់​សាលា​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ត្រង់​ថា ផែនការ​នឹង​អនុវត្ត​ពេល​ណា លោក​ពុំ​ទាន់​ច្បាស់​នៅឡើយ ។ លោក​និយាយ​ថា ៖ « វា​នៅ​ពេល​យូរ​ទៀត ដែល​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​សិក្សា និង​ពិគ្រោះ​យោបល់​នៅឡើយ ពីព្រោះ​សាលា​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល​ទាំងមូល​ចង់ឱ្យ​ពលរដ្ឋ​មាន​ភាពល្អ​ប្រសើរ​ក្នុង​ការ​ធ្វើ​ដំណើរការ ដោយសារ​តែ​នៅ​ពេល​បុណ្យ​ទាន ប្រជាពលរដ្ឋ​ពិតជា​មាន​ផល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ពី​តម្លៃ​ឡើងថ្លៃ ឬ​កង្វះ​មធ្យោបាយ​ដឹក​អ្នកដំណើរ​ជាដើម »  ។

គួរ​រំឭក​ថា នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ច​ពិភាក្សា​ស្តី​ពី​ការ​សិក្សា​រៀបចំ​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​ពង្រីក​សមត្ថភាព​សេវា​ដឹក​ជញ្ជូន​សាធា​រណៈ​​ដោយ​រថយន្តក្រុង ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន (JICA) កាលពី​ថ្ងៃ​ទី​២១ កក្កដា កន្លង​មក មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា តាម​ការ​គ្រោងទុក កម្ពុជា​នឹង​ទទួល​រថយន្តក្រុង​ពី​អង្គការ JICA ប្រទេស​ជប៉ុន​ជំហាន​ទី​១ ចំនួន​៣០​គ្រឿង​នៅ​ដើមឆ្នាំ​២០១៧ និង​ជំហាន​ទី​២ ចំនួន​៥០​គ្រឿង​បន្ថែម​ទៀត​នៅ​ពាក់​កណ្តាល​​ឆ្នាំ​២០១៨ គឺ​សរុប​ចំនួន​៨០​គ្រឿង ដើម្បី​បម្រើ​ឲ្យ​សេវា​ដឹក​ជញ្ជូន​សាធារណៈ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ក្រុង​ឲ្យ​បាន​ប្រសើរ ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ដំណើរការ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​ចាប់ពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៤ រហូត​មក​ដល់​ពេល​នេះ រាជធានី​ភ្នំពេញ​មាន​សេវា​ដឹក​ជញ្ជូន​រថយន្តក្រុង​សាធារណៈ​ចំនួន​៣​ខ្សែ​គឺ​៖

ខ្សែ​ទី​១-​ចេញពី​គីឡូម៉ែត្រ​លេខ​៩ ផ្សារ​ព្រែក​ព្នៅ ឆ្ពោះទៅ​បឹង​ឈូក ផ្លូវជាតិ​លេខ​១ មាន​ចំណត​៦៧​កន្លែង ។
ខ្សែ​ទី​២-​ចេញពី​ផ្សារ​រាត្រី​ទៅ​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល មាន​ចំណត​៦៨​កន្លែង ។
ខ្សែ​ទី​៣-​ចេញពី​ផ្សារ​រាត្រី​ឆ្ពោះទៅ​រង្វង់​មូល​ចោម​ចៅ មាន​ចំណត​៤៨​កន្លែង ៕