ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​តាម​ប្រមាញ់​ពួក​អ្នកចូលរួម​ធ្វើ​រដ្ឋប្រហារ​រហូត​ដល់​ក្នុង​ព្រៃ និង​នៅ​ឯ​បរទេស

7 ឆ្នាំ មុន

បណ្តា​កងឯកភាព​នៃ​កងកម្លាំង​ពិសេស​តួ​ក​គី គាំទ្រ​ដោយ​ឧទ្ធម្ភាគចក្រ បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក និង​កង​ម៉ា​រី​ន កាលពី​ថ្ងៃ​ទី​២៦ កក្កដា បើក​ធ្វើ​ប្រតិបត្តិការ​តាម​ប្រមាញ់​អ្នក​ធ្វើ​រដ្ឋប្រហារ​មួយ​ក្រុម​ដែល​រត់គេច​ខ្លួន

បណ្តា​កងឯកភាព​នៃ​កងកម្លាំង​ពិសេស​តួ​ក​គី គាំទ្រ​ដោយ​ឧទ្ធម្ភាគចក្រ បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក និង​កង​ម៉ា​រី​ន កាលពី​ថ្ងៃ​ទី​២៦ កក្កដា បើក​ធ្វើ​ប្រតិបត្តិការ​តាម​ប្រមាញ់​អ្នក​ធ្វើ​រដ្ឋប្រហារ​មួយ​ក្រុម​ដែល​រត់គេច​ខ្លួន ដែល​ក្រុម​នេះ​ជា​អ្នក​តាម​រក​ចាប់ ឬ​សម្លាប់​ប្រធានាធិបតី​លោក​រី​ស៊ី​ប តៃ​យី​ប​អ័​ដូ​ហ្គា​ន ក្នុង​ពេល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ។

បណ្តា​អ្នក​ទទួលខុសត្រូវ​តួ​ក​គី​រាយការណ៍​ថា សមាជិក​កងកម្លាំង​សន្តិសុខ​ដល់​ទៅ​១.០០០​នាក់​ត្រូវ​បាន​ប្រើ​តាម​ប្រមាញ់​រក​ទាហាន​១១​នាក់ នៅ​តាម​តំបន់​ភ្នំ​ព័ទ្ធ​ជុំវិញ​ទីក្រុង​កម្សាន្ត​មាត់សមុទ្រ MARMARIS ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ជា​កន្លែង​ប្រធានាធិបតី​ទៅ​សម្រាក​វិស្សមកាល​នា​យប់​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច ។ ទាហាន​ទាំង​១១​នាក់​នេះ ស្ថិត​ក្នុង​កង​កុំម៉ង់ដូ​មួយ​ដែល​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​មក​វាយប្រហារ​សណ្ឋាគារ​ជា​កន្លែង​ស្នាក់​របស់​លោក​អ័​រ​ដូ​ហ្គា​ន ពេល​លោក​ទើប​ចាក​ចេញពី​ទីនោះ រួច​ជិះ​យន្តហោះ​មួយ​គ្រឿង​មក​កាន់​ក្រុង​អីុ​ស្តង់​ប៊ុល ។ សមាជិក​៧​នាក់​ទៀត​របស់​កង​កុំ​ម៉​​ង់​ដូ​នេះ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ កក្កដា នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​របស់​ប៉ូលិស ។

ទន្ទឹម​នឹង​នេះ​ការ​ដាក់ទោស​នៅ​បន្ត​ក្នុង​ប្រទេស​ដោយ​នា​ថ្ងៃ​ទី​២៦ កក្កដា ផ្នែក​ដឹកនាំ​កិច្ចការ​សាសនា​បាន​ដក​តំណែង​មន្ត្រី​៦២០​នាក់​ទៀត ក្នុង​នោះ​មាន​អ្នក​ប្រដៅ​សាសនា និង​បណ្តា​គ្រូបង្រៀន​នៃ​សាលា​កូរ​អាន ។

រដ្ឋមន្ត្រី​ការ​បរទេស​តួ​ក​គី​លោក MEVLUT CAVUSOGLU ថ្លែង​ថា ឯកអគ្គរដ្ឋទូត​តួ​ក​គី​២​រូប​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រុង​អង់កា​រ៉ា​ត្រូវ​ដកហូត​តំណែង ។ ចំណែក​អតីត​អភិ​បាល​ក្រុង​អីុ​ស្តង់​ប៊ុល លោក HUSEYIN AVNI MULLU ត្រូវ​ចាប់ខ្លួន ហើយ​ផ្ទះ​របស់​លោក​ត្រូវ​គេ​លុក​ចូល​ឆែកឆេរ ។

រហូត​មក​ទល់​ពេល​នេះ ក្រោយ​បរាជ័យ​នៃ​រដ្ឋប្រហារ ទាហាន ប៉ូលិស ចៅក្រម និង​មន្ត្រី​រដ្ឋការ ជាង​៦០.០០០​នាក់​ត្រូវ​ចាប់ខ្លួន ដកហូត​ការងារ ឬ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​។ ១​ភាគ​៣​នៃ​ឧត្តមសេនីយ៍​តួ​ក​គី​ទាំង​៣៦០​រូប ត្រូវ​ចាប់ខ្លួន​តាំងពី​ថ្ងៃ​ទី​១៥ កក្កដា មក ហើយ​ជាង​១០០​នាក់​ទទួល​ការ​ចោទប្រកាន់​រួច​ហើយ ។

ឧត្តមសេនីយ៍​តួ​ក​គី​២​រូប​ស្ថិត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​ចាប់ខ្លួន​នៅ​ក្រុង​ឌូ​បៃ គឺ​ឧត្តមសេនីយ៍ CAHIT BAKIR មេបញ្ជាការ​ម្នាក់​នៃ​កងទ័ព​ដែល​បម្រើ​ការ​ក្នុង​ផ្ទៃ​កងកម្លាំង​សន្តិសុខ​អន្តរជាតិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ឧត្តមសេនីយ៍ SENER TOPUC ។

សភា​តួ​ក​គី​បាន​បង្កើត​នា​ថ្ងៃ​ទី​២៦ កក្កដា នូវ​គណៈកម្មការ​មួយ​គាំទ្រ​ដោយ​គ្រប់​គណបក្ស​នយោបាយ​ទទួល​បន្ទុក​ស៊ើបអង្កេត​លើ​ការ​ធ្វើ​រដ្ឋប្រហារ និង​តើ​ចលនា​របស់​លោក GULEN ចូល​ជ្រៀតជ្រែក​បែប​ណា​ក្នុង​បណ្តា​ស្ថាប័ន ហើយ​ធ្វើ​រដ្ឋប្រហារ​នេះ ។ រដ្ឋមន្ត្រី​យុត្តិធម៌​លោក BEKIR BOZDAG ក្នុង​ឱកាស​នៃ​កិច្ច​ពិភាក្សា​ជាមួយ​គណៈកម្មការ​នេះ​ថ្លែង​ថា បច្ចុប្បន្ន​មានការ​ដាក់​ពាក្យ​ចោទប្រកាន់​នានា រួច​ព័ត៌មាន និង​ឯកសារ​ជា​ច្រើន​ត្រូវ​បាន​ប្រមូល ៕