ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី មុន​ទៅ​អូ​ឡាំ​ពិ​ក​ថ្ងៃនេះ ទម្លាយ​ព័ត៌មាន​ភ្ជាប់ពាក្យ​ជាមួយ​សង្សារ​មន្ត្រីរាជការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៨ កក្កដា​នេះ កីឡាការិនី​ ស៊ន សៀវ​ម៉ី និង​អត្ត​ព​លិ​ក​កម្ពុជា​៥​រូប​ទៀត ​នឹង​ចេញដំណើរ​ទៅ​កាន់​ប្រទេស​ប្រេ​ស៊ី​ល​ដើម្បី​ចូលរួម​ប្រកួត​អូ​ឡាំ​ពិ​ក ។ ទោះបី​យ៉ាងណា ដំណើរ​ចាកចេញ​របស់​នាង​ក្នុងថ្ងៃនេះ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៨ កក្កដា​នេះ កីឡាការិនី​ ស៊ន សៀវ​ម៉ី និង​អត្ត​ព​លិ​ក​កម្ពុជា​៥​រូប​ទៀត ​នឹង​ចេញដំណើរ​ទៅ​កាន់​ប្រទេស​ប្រេ​ស៊ី​ល​ដើម្បី​ចូលរួម​ប្រកួត​អូ​ឡាំ​ពិ​ក ។ ទោះបី​យ៉ាងណា ដំណើរ​ចាកចេញ​របស់​នាង​ក្នុងថ្ងៃនេះ​ត្រូវ​គេ​មើលឃើញ​ថា​ មានការ​ចាប់អារម្មណ៍​តិច​ជាង​ដំណឹង​ស្នេហា​របស់​នាង​បន្ទាប់​ពី​នាង​ប្រកាស​ថា​ក្រោយ​ពេល​បញ្ចប់​​ការ​ប្រកួត​អូ​ឡាំ​ពិ​ក នាង​នឹង​ពិចារណា​ភ្ជាប់ពាក្យ​ជាមួយ​សង្សារ​ឈ្មោះ​ណាយ ជា​មន្ត្រីរាជការ​ដែល​នាង​បាន​ស្គាល់​រយៈពេល​យូរ​មក​ហើយ​។

ចាត់ទុកជា​រឿង​ភ្ញាក់ផ្អើល​ផង​ដែរ​ដែល ស៊ន សៀវ​ម៉ី លែង​លាក់លៀម​រឿងរ៉ាវ​ស្នេហា​រវាង​នាង និង​បុរស​ឈ្មោះ​ណាយ ដោយ​នាង​ថែម​ទាំង​បន្លុយ​ពាក្យ​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​​ស្នេហា​ថា បាន​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​មាន​ភាព​ច្បាស់លាស់​ទៀត​ផង ដែល​មាន​ន័យ​ថា ក្រៅពី​ត្រូវរ៉ូវ​គ្នា​ហើយ គឺ​ចាស់ទុំ​ទាំង​សងខាង​សុទ្ធតែ​បានដឹង​ឮ​ផង​ដែរ ។ កាលពីមុន​គេ​តែង​បារម្ភ​ថា នារី​ដែល​ពូកែ​ក្បាច់គុន​ ហើយ​មាន​រូបរាង​ខ្ពស់​ដូច​នាង​ពិតជា​ពិបាក​រក​គូស្នេហ៍ ប៉ុន្តែ​ពេល​នេះ​គឺ​បាន​បង្ហាញ​ច្បាស់​ហើយ​ថា ម្ចាស់​ចិត្ត​របស់​នាង​មិន​ត្រឹមតែ​មាន​រូប​សង្ហា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កូនចៅ​អ្នក​គ្រាន់បើ និង​មានមុខ​ងារ​ជា​មន្ត្រីរាជការ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​គួរសម និង​មានមុខមាត់​នៅ​ក្នុង​សង្គម​នោះ​ផង ។

ទោះបី​យ៉ាងណា នៅ​មិន​ទាន់​ទម្លាយ​ថា​ គូស្នេហ៍​របស់​នាង​អាយុ​ប៉ុន្មាន និង​មាន​តួនាទី​អ្វី​នៅ​ក្នុង​ស្ថាប័ន​ណា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​មានការ​បញ្ជាក់​ថា ​គេ​ឈ្មោះ​ណាយ និង​ជា​បុរស​ដែល​តាម​ស្រឡាញ់​ ស៊ន សៀវ​ម៉ី អស់​រយៈពេល​ជា​យូរ​មក​ហើយ ​ទម្រាំ​តែ​ស្នេហា​មួយ​នេះ​ត្រូវ​បាន​បើកចំហ​ជា​សាធារណៈ ។ បុរស​នោះ​ធ្លាប់​ទាំង​បាន​ចេញចូល​ផ្ទះ​នាង និង​ធ្វើ​ជា​អង្គរក្ស​របស់​នាង​ម្ដងម្កាល​ធ្វើ​ឱ្យ​មានការ​កត់សម្គាល់​ផង​ដែរ បើ​ទោះជា​រាល់ពេល​បណ្ដើរគ្នា​ត្រូវ​អ្នកខ្លះ​មើលឃើញ​ថា ​នាង​ខ្ពស់ស្រឡះ​ដាច់​ខ្លាំង​ជាង​គូស្នេហ៍​របស់​ខ្លួន ។ រវាង​នាង និង​បុរស​ឈ្មោះ​ណាយ ត្រូវ​បាន​គេ​អះអាង​ថា មានការ​យល់ចិត្ត​គ្នា​ខ្លាំង  បើ​កុំ​តែ​ជាប់​ភារៈ​ត្រូវ​ហ្វឹកហាត់​នៅ​កូរ៉េ និង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ប្រេស៊ី​ស នៅ​ចុងខែ​កក្កដា​នេះ កុំ​អី​ទំនាក់ទំនង​ស្នេហ៍​រវាង​នាង និង​បុរស​ឈ្មោះ​ណាយ ប្រហែល​អាច​លេច​ចេញ​ផ្លែផ្កា​តាម​គន្លង​ប្រពៃណី​យូរយារ​ណាស់​មក​ហើយ ។ ចំណង​ស្នេហ៍​រវាង​នាង និង​មន្ត្រីរាជការ​រូប​នេះ ក៏​ត្រូវ​គេ​មើលឃើញ​ថា​ នឹង​ក្លាយជា​រឿង​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ខ្លាំង​ដូច​គ្នា​នឹង​ពេល​ដែល​បងស្រី​របស់​នាង គឺ​ស៊ន ដា​វី​ន និង​កីឡាករ វ៉​ន វី​វ៉ា បើកចំហ​ស្នេហា​ជាមួយ​គ្នា​។

ស៊ន សៀវ​ម៉ី បាន​អះអាង​ថា រវាង​នាង និង​បុរស​គូស្នេហ៍​ គឺ​ពិតជា​បាន​យល់​គ្នា​កាន់តែ​ច្រើន​នា​ពេល​ចុង​ក្រោយ ប៉ុន្តែ​នាង​មិន​ទាន់​ប្រាកដ​ពី​ចំណង​ស្នេហ៍​ដែល​នាង​ចាប់ផ្ដើម​ក្លាហាន​ទម្លាយ​បន្តិច​ម្ដង​ៗ​នា​ពេល​នេះ នឹង​រុញ​នាង​ឱ្យ​ទទួល​បាន​ផ្លែផ្កា​រហូត​ដល់​មង្គលការ​នៅឡើយ​ទេ ដោយសារ​តែ​ពេលវេលា​នៅ​វែង​ឆ្ងាយ​ទៀត​។ នាង​បញ្ជាក់​ថា ដរាប​ណា​​ទំនាក់ទំនង​មិន​ទាន់​ឈាន​ដល់​ពិធី​ភ្ជាប់ពាក្យ ឬ​មង្គលការ គឺ​ចំណង​ស្នេហ៍​នៅ​តែ​ចាត់​ទុក​ថា ​ផុយ​ស្រួយ​នៅឡើយ​ ដោយសារ​តែ​ពេលវេលា​ គឺជា​អ្នក​ធ្វើ​ឱ្យ​បរិយាកាស​ស្នេហា​ប្រែប្រួល ។ យ៉ាងណាមិញ បើ​មិន​គិតដល់​អនាគត​នាង​ទទួលស្គាល់​ថា រវាង​នាង និង​បុរស​គូស្នេហ៍​គឺ​ពិតជា​មាន​ទំនាក់ទំនង​ល្អូកល្អិន ​និង​ច្បាស់លាស់​ជាមួយ​គ្នា​មិន​ខុស​ពី​គូស្នេហ៍​ដែល​មាន​ចាស់ទុំ​ដឹង​ឮ ។ អ៊ីចឹង​ហើយ​ទើប​នាង​ប្រកាស​ពី​គម្រោង​ភ្ជាប់ពាក្យ​ជាមួយ​លោកណាយ​ក្នុង​ពេល​ឆាប់​ៗ​នៅ​ពេល​ដែល​នាង​បញ្ចប់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​។ បើ​ទោះជា​មិន​ច្បាស់​ពី​ពេលវេលា​ភ្ជាប់ពាក្យ ប៉ុន្តែ​នាង​ថា​ នឹង​កើតឡើង​ឆាប់​ៗ​ បន្ទាប់​ពី​នាង​ត្រឡប់​ពី​ប្រទេស​ប្រេ​ស៊ី​ល​វិញ ។

នាង​បាន​បញ្ជាក់​ថា រវាង​នាង និង​សង្សារ​បាន​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​មិន​ក្រោម​៥​ឆ្នាំ​នោះ​ឡើយ ដោយ​ឪពុក​ម្ដាយ​របស់​នាង និង​សង្សារ​សុទ្ធតែ​ស្គាល់គ្នា​ច្បាស់​។ នាង​ថា រូប​នាង និង​សង្សារ​នឹង​អាច​រៀប​ការ​ឆាប់​ៗ​ បន្ទាប់​ពី​បាន​ភ្ជាប់ពាក្យ ដោយសារ​តែ​នាង​ក៏​បាន​យល់​ថា រូប​នាង​មាន​វ័យ​ក៏​ច្រើន​ហើយ​ដែរ​។

ការ​ប្រកាស​របស់​នាង​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​យ៉ាងច្រើន ហើយ​ក៏​មាន​អ្នក​អបអរសាទរ​ច្រើន​ដែរ នៅ​ពេល​ដែល​មាន​ព័ត៌មាន​ថា​ នាង​មាន​គូស្នេហ៍​មិន​ខុស​ពី​នារី​ទាំងពួង បើ​ទោះជា​នាង​មាន​រូបរាង​ខ្ពស់​ដែល​កាលពីមុន​មានការ​ប៉ាន់​ស្មានថា​ បុរស​ភាគច្រើន​នឹង​មិន​ហ៊ាន​រៀប​ការ​ជាមួយ​នាង​នោះ ។ គិត​មក​ដល់​ពេល​នេះ ស៊ន សៀវ​ម៉ី មាន​អាយុ​២២​ឆ្នាំ ដោយ​នាង​នឹង​ត្រូវ​ឡើង​ទៅ​កាន់​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា នេះ អម​ដោយ​កីឡាករ​កីឡាការិនី​៥​រូប​ទៀត​៕