ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជៀស ស្រួច ទម្លាយ​រឿង​ធ្លាក់ខ្លួន​ពាក់ព័ន្ធ​នឹង​តារា​សម្ដែង​នាង សាត រស្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ត្រឡប់​ជា​ថ្មី​របស់​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​ដែល​ជា​តារា​សម្ដែង​ក្នុង​រឿង «​បេះដូង​អ្នក​ប្រដាល់​» លោក​ជៀស ស្រួច ដែល​មានឈ្មោះ​ក្នុង​សិល្បៈ​ថា ជៀស ស្រួច បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង

រាជធានី​ភ្នំពេញ ៖ ការ​ត្រឡប់​ជា​ថ្មី​របស់​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​ដែល​ជា​តារា​សម្ដែង​ក្នុង​រឿង «​បេះដូង​អ្នក​ប្រដាល់​» លោក​ជៀស ស្រួច ដែល​មានឈ្មោះ​ក្នុង​សិល្បៈ​ថា ជៀស ស្រួច បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​លោក​មក​លើក​នេះ មិន​ត្រឹមតែ​បង្ហាញខ្លួន​ក្នុង​សភាព​កម្សត់​គួរ​ឱ្យ​អាណិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ទម្លាយ​រឿងរ៉ាវ​របស់​ខ្លួន​ជាមួយ​អតីត​ភរិយា​ដែល​ជាតា​រា​ស្រី​ម្នាក់​កំពុង​មានឈ្មោះ​បោះ​សំឡេង​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ផង​ដែរ​។

ក្នុង​ប៉ុន្មាន​ថ្ងៃនេះ រឿងរ៉ាវ​កំសត់​របស់​កីឡាករ​ជៀស ស្រួច បាន​ជំរុញ​ឱ្យ​តារា​ប្រុស​-​ស្រី​និង​មហាជន​ផ្ដល់​ការ​អាណិតអាសូរ និង​រួម​គ្នា​អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​ណាមួយ​ដើម្បី​ជួយ​លោក​ដែល​កំពុង​មានទុក្ខ ។ លោក​បាន​បាត់​មុខ​ដោយ​យក​ការ​បណ្ដែត​ខ្សែជីវិត​នៅ​តាម​ជាយ​ដែន រហូត​ធ្លាក់ខ្លួន​ជា​កម្មករ​សំណង់ និង​អូស​រទេះ បន្ទាប់​ពី​អតីត​ភរិយា​​របស់​លោក​ធ្វើ​ឱ្យ​លោក​អាប់ឱន​កិត្តិយស​បាត់បង់​មុខមាត់ ព្រោះតែ​រឿង​ផិតក្បត់​។ លោក​បាន​ទម្លាយ​ថា ដោយសារ​ខូចចិត្ត​នឹង​អតីត​ភរិយា​រត់​ចោល​ហើយ​ទៅ​ស្រវា​យក​ប្រុស​អ្នកមាន ទើប​បណ្ដាល​ឱ្យ​លោក​ខូចចិត្ត​រហូត​សេង​ហាង​សាច់​គោ​អាំង​ចោល និង​ប្រើ​ជីវិត​គេច​ចេញពី​បញ្ហា​ដើម្បី​បញ្ចប់​ភាព​អាម៉ាស់ ។ ក្នុង​ពេល​ទម្លាយ​ឱ្យ​ដឹង​ពី​រឿង​ផិត​ក្បត់​នោះ អ្នក​ណា​ក៏​មានការ​ភ្ញាក់ផ្អើល​ដែរ ដោយសារ​តែ​លោក​បញ្ជាក់​ថា នារី​ជា​អតីត​ភរិយា​នោះ​ក្រោយ​ពី​បាន​សម្រេចចិត្ត​ចាក​ចេញពី​ជីវិត​លោក​ក៏​បាន​ក្លាយជា​តារា​សិល្បៈ ហើយ​កំពុង​តែ​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​សម្ដែង ។ បើ​ទោះជា​មានការ​ជជីក​សួរ​ម្ដង​ហើយ​ម្ដងទៀត ក៏​លោក​នៅ​តែ​ប្រកែក​មិន​ព្រម​ប្រាប់​ឱ្យ​ដឹង​ពី​ឈ្មោះ​អតីត​ភរិយា​របស់​លោក​ទេ ដោយសារ​តែ​ពេល​នេះ នាង​មាន​អ្នកមាន​ស្រឡាញ់​ពេញចិត្ត ហើយ​ជានា​រី​ឡូយឆាយ​ដែល​អាច​នឹង​ឱ្យ​លោក​ក្ដៅក្រហាយ​ប្រសិនបើ​លោក​ទម្លាយ​ពី​ឈ្មោះ​ចេញពី​មាត់ ។ ម្នាក់​ៗ​បាន​ត្រឹមតែ​ចោទសួរ​ថា អតីត​ភរិយា​នោះ​ជា​អ្នក​ណា​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​លោក និង​មនុស្ស​ពាក់ព័ន្ធ​របស់​លោក​បដិសេធ​មិន​ព្រម​ប្រាប់​ការ​ពិត​។

យ៉ាងណា​ក៏​ដោយ​រឿងរ៉ាវ​អាថ៌​កំបាំង​មិន​មាន​ទៀត​ទេ ដោយសារ​តែ​មាន ​Page ​ហ្វេ​ស​ប៊ុ​កមួយ​ទម្លាយ​ឱ្យ​ដឹង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ថា អតីត​ភរិយា​លោក​ជៀស ស្រួច គឺ​នាង​សាត រស្មី ដែល​ជា​តារា​សម្ដែង​កំពុង​ឡើង​កូដ​នៅ​ក្នុង​ពិភព​សិល្បៈ​។

លោក​ជៀស ស្រួច បាន​អះអាង​ថា លោក​ស្រឡាញ់​ពេញចិត្ត​អតីត​ភរិយា​លោក​ដោយសារ​តែ​ឃើញ​នាង​វ័យក្មេង ឆ្លាត និង​មានចិត្ត​ស្មោះ​ក្នុង​ពេល​លោក​ស្គាល់ ។ លោក​និង​នាង​បាន​រៀប​ការ​ជាមួយ​គ្នា​ចំនួន​២​លើក​ គឺ​មួយ​លើក​នៅ​ខេត្តបន្ទាយមានជ័យ និង​មួយ​លើក​ទៀត​នៅ​រាជធានី​ភ្នំពេញ ​តាម​រយៈ​ការ​រៀបចំ​ពិធី​កាត់​ចំណងដៃ ប៉ុន្តែ​មិនសូវ​ធំដុំ​ទេ ទើប​មិន​មាន​អ្នក​ស្គាល់​នាង​ច្រើន ។ បន្តបន្ទាប់​មក ដោយសារ​តែ​លោក​គឺជា​តារា​សម្ដែង​ដែល​លេចធ្លោ​នៅ​ក្នុង​ជំនាន់​នោះ នាង​ក៏​បាន​ស្គាល់​អ្នកមាន​ឥទ្ធិពល​នៅ​ក្នុង​ពិភព​សិល្បៈ ហើយ​ក្រោយមក​ដោយសារ​តែ​ប្រាក់​៣០០​ដុល្លារ នាង​អតីត​ភរិយា​លោក​ក៏​សុខចិត្ត​ចុះ​ចោល​លោក  និង​សុំ​លែងលះ​ធ្វើ​ឱ្យ​លោក​អាម៉ាស់មុខ ។ ក្រោយ​ការ​លែងលះ​លោក​នាង​បាន​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង ហើយដោយ​សារ​តែ​ភាព​ចំអក​ឡកឡាយ និង​មិន​អាច​ស៊ូទ្រាំ​នឹង​ភាព​អាម៉ាស់​បាន ទើប​លោក​សុខចិត្ត​បោះបង់​ការងារ និង​ឱកាស​នៅ​ភ្នំពេញ​ចោល​ទាំងអស់ ហើយ​ទៅ​ផ្សងព្រេង​នៅ​តាម​ព្រំដែន​។ ដោយសារ​លោក​អស់ជម្រើស​ ទើប​សម្រេចចិត្ត​លាតត្រដាង​ពី​ជីវិត​ធ្លាក់ខ្លួន​ជា​សាធារណៈ​របស់​ខ្លួន​ដោយ​លែង​ខ្មាស​អៀន ។ លោក​ថា ជីវិត​របស់​លោក​ក្រោយ​ពី​អតីត​ភរិយា​ផិតក្បត់​មិន​មាន​សល់​អ្វី​ទៀត​ទេ ដោយសារ​តែ​ក្នុង​ពេល​នោះ​លោក​បាន​ដាក់ចិត្ត​ស្រឡាញ់​នាង​ខ្លាំង ហើយ​មិន​នឹក​ស្មានថា ​ភរិយា​ដែល​លោក​រៀប​ការ​ពេញ​ច្បាប់​នៅ​ក្នុង​ពេល​នោះ​រស់នៅ​ជាមួយ​លោក​បាន​តែ​៦​ខែ ក៏​រក​ទ្រនំ​ថ្មី​ដោយសារ​តែ​ហេតុផល​ចង់បាន​ភាព​ល្បី និង​ឱកាស​រក​ប្រាក់។

ជាមួយនឹង​ការ​ទម្លាយ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង ដោយសារ​តែ​នាង​សាត រស្មី គឺជា​តារា​ល្បីឈ្មោះ​ដែល​បាន​ប្រកាស​ខ្លួន​ថា​ មិន​ធ្លាប់​មាន​ប្ដី និង​មិន​ធ្លាប់​ពាក់ព័ន្ធ​អ្នក​ណា​នា​ពេល​កន្លង​មក ។ នាង​រមែង​ថា ​ខ្លួន​គ្រាន់តែ​មាន​ព័ត៌មាន​ថា​ មាន​ឧកញ៉ា​នេះ​ពាក់ព័ន្ធ អ្នកមាន​នោះ​ពាក់ព័ន្ធ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​បេះដូង​របស់​នាង​គឺ​មិន​មាន​បុរស​ណា​ឡើយ ហើយ​ក៏​មិន​ទាន់​គិតគូរ​រឿង​គូជីវិត​ដែរ ។ ការ​លាតត្រដាង​របស់​ជៀស ស្រួច ធ្វើ​ឱ្យ​នាង​សាត រស្មី ដែល​ធ្លាប់​ទទួល​បានការ​សរសើរ​ថា​ជាតា​រា​ទំនេរ​បេះដូង និង​ជានា​រី​ស្អាតស្អំ​ក្នុង​រឿង​ស្នេហា​រង​ការ​រិះគន់​ផង​ដែរ ។ ជា​ពិសេស​នៅ​ពេល​ដែល​មានការ​ទម្លាយ​ថា នាង​ហ៊ាន​ដល់​ថ្នាក់​បោះបង់​ស្វាមី​កម្សត់កម្រ​នៅ​ពេល​មានឱកាស​រកបាន​បុរស​មានទ្រព្យ និង​អាច​ជួយ​ឱ្យ​នាង​បាន​ល្បី​នៅ​ក្នុង​ពិភព​សិល្បៈ​នោះ ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ អ្នក​នាង​សាត រស្មី បាន​ឆ្លើយ​តប​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ថា រឿងរ៉ាវ​បែក​បាក់​នេះ​កើតឡើង​ដោយសារ​តែ​អតីត​ស្វាមី
នាង​គឺ​លោក​ជៀស ស្រួច ក្រោយ​ពី​រៀប​ការ​ជា​មួយ​នាង​រួច​បាន​ប្រែប្រួល​ចរិត​ដើម​អស់ មិន​គិត​ខំ​ប្រឹង​ធ្វើការ​ងារ​រក​ប្រាក់​ជួយ​គ្រួសារ​ទេ គិតតែ​ពី​ដើរ​បាត់​ៗ​និង​លេងល្បែង​ទៀត​ផង ពេល​មក​ដល់​ផ្ទះ​វិញ​រករឿង​វាយដំ​នាង​ទៀត ។ ដោយសារ​មិន​អាច​ស៊ូទ្រាំ​បាន​នាង​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​លែងលះ​តាម​ច្បាប់ ហើយ​តុលា​ការ​បាន​ចេញ​ដីកា​កោះហៅ​ចំនួន​៣​ដង​ប៉ុន្តែ​អតីត​ស្វាមី​នាង​មិន​ព្រម​ចូលខ្លួន​ទើប​តុលាការ​ចេញ​ដីកា​សម្រេច​ឱ្យ​លែងលះ​គ្នា​តែ​ម្ដង​៕