ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា​-​ចិន គាំទ្រ​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា និង​ចិន បាន​គាំទ្រ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា ជាមួយ​លោក យូ ហ្សេ​ង​សេង

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា និង​ចិន បាន​គាំទ្រ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា ជាមួយ​លោក យូ ហ្សេ​ង​សេង (Yu Zhengsheng) ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស​ចិន​រួច​មក និង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ចាង តឺ​ជាំ​ង (Zhang Dejiang) ប្រធាន​សភា​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស ពេល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន ។

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នេះ ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំង​ពីរ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​គាំទ្រ​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ចិន ទាំង​វិស័យ​នយោបាយ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និង​កិច្ច​សហប្រតិបត្តិការ​ដទៃ​ទៀត សំដៅ​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​។

សម្តេច ហេង សំ​រិ​ន បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ជម្រាប​ដល់​ភាគី​ចិន ដោយ​បាន​គូស​បញ្ជាក់ ​ថា កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ថេរ ជា​មធ្យម​ក្នុង​រង្វង់ ៧% ក្នុង​១​ឆ្នាំ​។ ឆ្នាំ​២០១៦ នេះ សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៧,១% អត្រា​នៃ​ភាព​ក្រីក្រ នឹង​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ក្រោម ១៣% កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​ទូទៅ ត្រូវ​បាន​លើកកម្ពស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

សម្តេច​បន្ត​ថា ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​នេះ មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​រួមចំណែក​ដ៏​ធំធេង​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​របស់​ប្រទេស​ចិន ទាំង​ហិរញ្ញ​ទាន​ឥត​សំណង និង​កម្ចី​សម្បទាន​នោះ​ទេ​។ ក្នុង​នាម​រដ្ឋសភា​សម្តេច​បាន​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី ស៊ី ជិន​ពីង នូវ​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​សេដ្ឋកិច្ច​សូត្រ និង​ការ​បង្កើត​ធនាគារ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដែល​ជា​នយោបាយ​ត​ភ្ជាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​។ ទាំងនេះ​មិន​ត្រឹមតែ​បាន​រួមចំណែក​ដល់​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធានា​បាន​នូវ​ការ​អភិវឌ្ឍ និង​វិបុលភាព​ទាំងអស់​គ្នា​សម្រាប់​បណ្តា​ប្រទេស​តាម​បណ្តោយ​​ខ្សែក្រវាត់​វិ​ថី​សូត្រ រួម​ទាំង​កម្ពុជ​ផង​ដែរ​។

ចំណែក​លោក ចាង តឺ​ជាំ​ង ប្រធាន​សភា​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន​បាន​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​តាម​រយៈ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​។ លោក​បាន​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​។ ទោះបី​មិន​ធ្លាប់​អញ្ជើញ​មក​ទស្សនា​​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​ក៏​ដោយ ប៉ុន្តែ​លោក​ប្រធាន​សភា​បានដឹង​ពី​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​របស់​កម្ពុជា​។

ឆ្លើយ​តប​ការ​អញ្ជើញ​របស់​សម្តេច ហេង សំ​រិ​ន លោក ចាង តឺ​ជាំ​ង នឹង​រក​ពេលវេលា​សម​ស្រប​ណាមួយ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​។