ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមុទ្រ​ចិន​ខាងត្បូង ប្រមុខ​ការទូត​ចិន​គាំទ្រ​កម្ពុជា​ក្នុង​ការ​ជំរុញ​ឱ្យ​គោរព​តាម DOC

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក វ៉ាង យី អះអាង​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ថា ប្រទេស​ចិន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា

រាជធានី​ភ្នំពេញ  ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក វ៉ាង យី អះអាង​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ថា ប្រទេស​ចិន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ធ្វើ​ឱ្យ​គ្រប់​គ្នា​គោរព​ភាព​យុត្តិធម៌​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ។

លោក វ៉ាង យី បាន​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​កម្ពុជា លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន នៅ​ខាងក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ទីក្រុង​វៀងចន្ទន៍ រដ្ឋធានី​ប្រទេស​ឡាវ ។ លោក វ៉ាង យី ថ្លែង​ថា ប្រវត្តិសាស្ត្រ​ជា​សាក្សី នៃ​ជំហរ​ដ៏​ត្រឹមត្រូវ​របស់​កម្ពុជា​ដែល​រួមចំណែក​ដល់​សាមគ្គីភាព​របស់​អាស៊ាន ដល់​ការ​ថែរក្សា​តួនាទី​ចម្បង​របស់​អាស៊ាន​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន និង​អាស៊ាន ព្រមទាំង​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ។ យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​ខាងក្រៅ​បង្កចលាចល​ក្នុង​តំបន់ ដោយ​បង្ក​ការ​វឹកវរ​លើ​របស់​ដែល​ហៅ​ថា ការ​សម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង ។ ចិន​បដិសេធ​ការ​វិនិច្ឆ័យ​ដោយ​គ្មាន​មូលដ្ឋាន​របស់​តុលាការ​នោះ តាម​ការ​ផ្តួចផ្តើម​គំនិត​ជា​ឯកតោភាគី​របស់​ហ្វ៊ី​លី​ពី​ន ដោយ​ចាត់​ទុក​ការ​សម្រេច​នោះ​ជា មោឃៈ ។

ប្រមុខ​ការទូត​ចិន​អះអាង​ជា​ថ្មី​ថា ចិន​ត្រៀម​ធ្វើការ​ជាមួយ​កម្ពុជា និង​ប្រទេស​អាស៊ាន​ឯទៀត​ៗ ដើម្បី​អនុវត្ត​ដោយ​ពេញទំហឹង​សេចក្តីថ្លែងការណ៍​ស្តី​ពី​ក្រម​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​(DOC) ។ ទំនាស់​ត្រូវ​តែ​ដោះស្រាយ​ដោយ​សន្តិវិធី តាម​រយៈ​ការ​ចរចា រវាង​បណ្តា​ភាគី​ដែល​ទាក់ទិន​ដោយ​ផ្ទាល់​យោង​ទៅ​តាម DOC ។ ចិន​និង​អាស៊ាន​ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

ចំណែក​ប្រមុខ​ការទូត​កម្ពុជា លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន គូសបញ្ជាក់​ថា ទំនាស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ពុំ​មែន​ជា​បញ្ហា​រវាង​អាស៊ាន និង​ចិន​ឡើយ ហើយ​លោក​បន្ត​ថា ការ​សម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​លើ​សំណុំរឿង​នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​តំបន់ ។

ដោយ​ស្នើ​ដល់​បណ្តា​ភាគី​ទាក់ទិន ចៀសវាង​កុំឱ្យ​បង្កើន​ភាព​តានតឹង លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​សង្កត់ធ្ងន់​លើ​ការ​ចរចា និង​កិច្ច​សហប្រតិបត្តិការ ដែល​លោ​កថា​បម្រើ​ផលប្រយោជន៍​យូរអង្វែង​របស់​អាស៊ាន និង​របស់​គ្រប់​ប្រទេស​ក្នុង​តំបន់ ។

បណ្តា​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​រួម​ប្រជុំ​គ្នា​នៅ​ក្រុង​វៀងចន្ទន៍ បាន​សង្កត់ធ្ងន់​លើ​ការ​អនុវត្ត​ដោយ​ពេញលេញ និង​មាន​ប្រសិទ្ធភាព សេចក្តីថ្លែងការណ៍ DOC ។ ក្នុង​សេចក្តី​ប្រកាស​រួម​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៥ ខែកក្កដា ក្រោយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ប្រមុខ​ការទូត​អាស៊ាន​ថ្លែង​ថា យើង​ទទូច​លើ​សារសំខាន់​នៃ​ការ​អនុវត្ត​ដោយ​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តីថ្លែងការណ៍ DOC ទាំងស្រុង ។ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ក៏​ស្នើ​ផង​ដែរ​ដល់​គ្រប់​ភាគី​ឱ្យធ្វើ​ការ​ដោយ​ឆាប់រហ័ស ដើម្បី​អនុម័ត​ឱ្យ​បាន​ឆាប់​ក្រម​ប្រតិបត្តិ​ដែល​មាន​ប្រសិទ្ធភាព​មួយ ។

ជា​ការ​កត់សម្គាល់ ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ដោយសារ​តែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បាន​បង្ហាញ​នូវ​ភាព​មិន​ចុះសម្រុង​គ្នា និង​បាន​ខ្វែងគំនិត​ជា​ថ្មី​ម្តងទៀត ។​តាម​ប្រភព​ព័ត៌មាន​បាន​ចោទ​ថា ក្រោម​គំនាប​របស់​ចិន​វេទិកា​អាស៊ាន​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឡាវ បាន​ធ្លាក់​ក្នុង​ស្ថានភាព​ទ័លច្រក​យ៉ាង​ខ្លាំង​នៅ​ថ្ងៃអាទិត្យ​ទី​២៤ ខែកក្កដា ។

ជំនួប​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ជា​ជំនួប​ដ៏​សំខាន់​ដំបូង​គេ​បង្អស់​មួយ ចាប់តាំងពី​តុលាការក្រុង​ឡា​អេ បាន​ចេញ​សេចក្តី​សម្រេចចិត្ត កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា​ថា សមុទ្រ​ចិន​ខាងត្បូង​មិនមែន​ជា​របស់​ចិន​តែ​ម្នាក់ឯង​ទេ ។

សមាជិក​ចំនួន​៤​ក្នុង​ចំណោម​១០​ប្រទេស​របស់​អាស៊ាន មាន​ជម្លោះ​ដោយ​ផ្ទាល់​ជាមួយ​ចិន​ក្នុង​ការ​ទាមទារ​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង និង​បាន​ចោទ​ចិន​ថា បាន​ប្រើ​សម្ព័ន្ធភាព​ទៅ​ចង​ប្រទេស​តូច​ៗ​ដូច​ជា​ឡាវ និង​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​និង​កម្ចី ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អាស៊ាន​មាន​ប្លុក មាន​បក្ស និង​បំបែក​ភាព​ស្រុះស្រួល​ត្រូវរ៉ូវ​គ្នា​ជា​ធ្លុង​មួយ​ជា​ប្រពៃណី​របស់​អាស៊ាន ។

កាលពី​ខែ​មុន ប្រភព​ការទូត​បាន​ចោទ​ចិន​ថា បាន​ដាក់​គំនាប​លើ​សមាជិក​អាស៊ាន​មួយ​ចំនួន ដើម្បី​កុំឱ្យ​អាស៊ាន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្នើ​ឡើង​ដោយ​ម៉ា​ឡេ​ស៊ី​បាន​នា​ជំនួប​លើក​នេះ ។ មុន​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ក៏​បាន​ប្រកាស​ជំនួយ​របស់​ចិន​ចំនួន​៦០០​លាន​ដុល្លារ​ដល់​កម្ពុជា ដោយ​មិន​មាន​ជាប់​លក្ខខណ្ឌ​អ្វី​ទាំងអស់ ។

កាលពី​ឆ្នាំ​២០១២​កន្លង​ទៅ ដោយ​ហេតុតែ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ឱ្យ​ជំនួប​កំពូល​អាស៊ាន​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ាន ដោយ​គ្មាន​ចេញ​សេចក្តីថ្លែងការណ៍​រួម ។

នៅ​ថ្ងៃ​ទី​២៥ កក្កដា តាម​គម្រោង លោក ច​ន ឃែ​រី រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ក៏​ត្រូវ​ចូលរួម​ក្នុង​ជំនួប​កំពូល​នៅ​ប្រទេស​ឡាវ​នេះ​ដែរ​។ លោក​បាន​សន្យា​ថា អា​មេ​រិ​ក​នឹង​ប្រឹង​ជំរុញ​អាស៊ាន​ឱ្យ​បន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​រក​ឱ្យ​ឃើញ​ជំហរ​រួម​គ្នា​ដែល​អាស៊ាន​ធ្លាប់តែ​មាន ៕