ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ែន ចំរុង អត់​ច្បាស់​រឿង​មានកូន​ជាមួយ​អ្នក​នាង ភិន សុ​ដា​លី​ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ភិន សុ​ដា​លី​ស បាន​សម្រេចចិត្ត​បើក​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃ​ទី​២៥ កក្កដា នៅ​ទីស្នាក់ការ​ផលិតកម្ម​មហាហង្ស ស្ថិត​ក្បែរ​រង្វង់​មូល​ទួល​គោក រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ភិន សុ​ដា​លី​ស បាន​សម្រេចចិត្ត​បើក​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃ​ទី​២៥ កក្កដា នៅ​ទីស្នាក់ការ​ផលិតកម្ម​មហាហង្ស ស្ថិត​ក្បែរ​រង្វង់​មូល​ទួល​គោក រាជធានី​ភ្នំពេញ ។ ខ្លឹមសារ​នៃ​ការ​ធ្វើ​សន្និសីទកាសែត​ដែល​នាង​ប្រកាស​ធ្វើ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ នាង​បាន​សម្តែង​នូវ​ការ​តក់ស្លុត​ក្នុង​ចិត្ត​ គ្រាដែល​បានឮ​សម្ដី​លោក ប៉ែន ចំ​រ៉ុ​ង ឆ្លើយ​ប្រាប់​តុលាការ​ថា អត់​ច្បាស់​រឿង​មានកូន​ជាមួយ​នាង​ទៅ​វិញ ។ ការ​ធ្វើ​ស​ន្និ​សិ​ទ​កាសែត​របស់​ស្រស់​ស្រី​មានកូន​ក្នុង​ផ្ទៃ ជា​តំណក់ឈាម​លោក ប៉ែន ចំរុង ពិតជា​បាន​ទំលាយ​ចេញ​នូវ​ភាព​ស្ងាត់ស្ងៀម ខណៈ​ពេល​ដែល​មាន​បណ្ដឹង​លែងលះ​នៅ​តុលាការ ។ មូលហេតុ​នៃ​ការ​ឈាន​ដល់​ផ្លូវបំបែក ត្រូវ​បាន​បិទ​ជិត​ដោយ​ជំនួស​មក​វិញ តែ​ពាក្យ​ថា​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​តែ​ប៉ុណ្ណោះ ។

ក្នុង​សំលៀក​បំពាក់​រ៉ូ​ប​ពណ៌​ខ្មៅ​ត្រឹម​ក្បាលជង្គង់ ស្រី​ស្អាត ភិន សុ​ដា​លី​ស បាន​បង្ហាញ​ទឹកមុខ​រីករាយ​ស្រស់ថ្លា​ពេល​ផ្តល់​វត្តមាន​ជា​សាធារណៈ​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត ហាក់​មើលទៅ​អត់​មាន​បញ្ហា​អ្វី ។ ដា​លី​ស មើលទៅ​មិន​បាន​កើតទុក្ខ​ពី​អ្វី​ដែល​រុំ​ព័ទ្ធ​បេះដូង​នាង ក្នុង​ផ្លូវ​ស្នេហា​ជូរ​ចត់​រវាង​នាង​និង ប៉ែន ចំ​រ៉ុ​ង ជា​ពិធីការ​ទូរទស្សន៍ និង​ជា​តារាភាពយន្ត​ល្បីឈ្មោះ​នោះ​ឡើយ ថែម​ទាំង​បើក​កកាយ​យ៉ាង​លម្អិត ពី​កំហុស​ដែល​នាង​ខុសឆ្គង​ជាមួយ​ឪពុក​ម្តាយ និង​ខុស​ក្នុង​ការ​ជ្រើសរើស​ស្នេហា​តាម​ចិត្ត​ឯង ក្នុង​វ័យក្មេង​ស្ទាវ​បែប​នេះ ។

បញ្ជាក់​ប្រាប់​ក្រុម​អ្នកកាសែត និង​ទូរទស្សន៍​មក​ពី​គ្រប់​ស្ថាប័ន​ដោយ​ម្នាក់​ៗ​ចាំ​ត្រង​យក​ទិន្នន័យ ដើម្បី​ច្បិច​យក​មក​ចុះ​ផ្សាយ​នោះ ត្រូវ​បាន​ភិន សុ​ដា​លី​ស និយាយ​ថា នាង​បាន​ស​ម្រេ​ចិត្ត​មក​រស់នៅ​ផ្ទះសម្បែង ជាមួយ​លោកឪពុក​អ្នក​ម្តាយ​វិញ​ហើយ បន្ទាប់​ពី​មានការ​ពន្យល់​ណែនាំ​ពី​អ្នក​ផ្ទះ​ឲ្យ​គិត​ពី​ខ្លួនឯង​និង​កូន​ក្នុង​ផ្ទៃ នៅ​ម្នាក់ឯង​មិនកើត​ទេ ព្រោះ​នាង​ឧស្សាហ៍​មាន​ជំងឺ​រមូល​ក្រពើ ។

រហូត​មក​ដល់​ពេល​នេះ រវាង​នាង និង​លោក ប៉ែន ចំ​រ៉ុ​ង ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ថា  មិន​អាច​ផ្សះផ្សា​ជានា​គ្នា​វិញ​បាន​តទៅ​ទៀត​ឡើយ​ស្រប​ពេល​ដែល​សាលក្រម​តុលាការ​បាន​ចេញ​ជា​ផ្លូវការ កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​នាង​បានកូន​ក្នុង​ផ្ទៃ ឯ​ចំ​រ៉ុ​ង​បាន​ឡាន​ដែល​បន្ត​បង់​រំលស់​តទៅ​ទៀត​ចុះ ។

ចំណែក​រឿង​កូន គឺ​នាង​មិន​ឲ្យ​ចំ​រ៉ុ​ង យក​ទៅ​មើលថែ បែប​ផ្តល់​ជា​អាហារកិច្ច​ឡើយ ពោល​គឺ​នាង​អាច​មើល​ម្នាក់ឯង មិន​ចាំបាច់​គាត់​មក​ផ្តល់​ជា​ប្រាក់​ចិញ្ចឹម​កូន ឬ​ចង់​មក​យក​កូន​ទៅ​ដើរ​លេង សួរសុខទុក្ខ​ម្តងម្កាល គឺ​គ្មាន​ជា​ដាច់ខាត ។

តារា​ស្រី​ដែល​មុន​នេះ​ប្រឆាំង​នឹង​ឪពុក​យ៉ាង​ដាច់អហង្កា រឿង​ស្នេហា​ស្មោះស្ម័គ្រ​នេះ​បាន​បញ្ជាក់​បន្ត​ថា នាង​ឆ្អែតចិត្ត​បំផុត​នៅ​ពេល​ទៅ​ដល់​តុលាការ​សម្របសម្រួល​លើក​ទី​១ គឺ​នាង​សុខចិត្ត​សម្របសម្រួល តែ​លោក ប៉ែន ចំ​រ៉ុ​ង គាត់​ប្រឆាំង​មិន​យល់​ស្រប​តាម ដែល​ហេតុផល​នេះ​ហើយ​ជា​អ្វី​ដែល​នាង​ចាប់ផ្តើម​គិត ជា​ចំណុច​អវិជ្ជមាន​ជា​បន្ត​ទៀត ។ កាន់តែ​ខ្លោចចិត្ត​ជាង​នេះ​ពេល​នៅ​មុខ​តុលាការ គេ​បាន​សួរ​ទៅ​លោក ចំ​រ៉ុ​ង ថា​កូន​ក្នុង​ផ្ទៃ​ប៉ុន្មាន​ខែ​ហើយ គាត់ (​ចំ​រ៉ុ​ង​) បែរជា​ឆ្លើយ​ថា អត់​ច្បាស់​ប៉ុន្មាន​ខែ​រួច​សួរ​ថា កូន​នេះ​ជា​កូន​របស់​លោក​ម៉េច​អត់​ច្បាស់​ហើយ​បែរជា​ឆ្លើយ​សង្កត់​ន័យ​ថា អត់​ច្បាស់​រឿង​មានកូន​ជាមួយ​លោក ចុះ​នាង​ពោះធំ​ជាមួយ​អ្នក​ណា?

ស្រី​ស្អាត ដា​លី​ស ថា នេះ​មាន​ន័យ​ថា គេ​ទម្លាក់​កំហុស​លើ​នាង​ថា ពិតជា​មាន​សហាយ​ទើប​អ្វី​ៗ​អត់​ច្បាស់​ទាំងអស់ ។ ចាប់តាំងពី​នាង​មានកូន​មក​ពពោះ​បី​ខែ ប៉ែន ចំ​រ៉ុ​ង ចាក​ចេញពី​នាង​បាត់ ជូន​នាង​ទៅ​ឆ្លុះ​អេកូ​បាន​តែ​ម្តង​គត់ ទើប​មិនបាច់​មាន​ឪ​ក៏​បាន ហើយ​កូនស្រី​របស់​នាង គឺ​កើតមក​ដាក់​ត្រកូល​ខាង​នាង​ជា​កំហិត ។ រយៈពេល​ជិត​មួយ​ឆ្នាំ ដែល​នាង​បាន​រួម​រស់នៅ​ជាមួយ​លោក ប៉ែន ចំ​រ៉ុ​ង គឺ​ពួក​យើង​បាន​ចំណាយពេល​រកស៊ី​ដូច​គ្នា ដោយ​ចំណូល​នាង​ពេល​ខ្លះ​លើស​លោក ប៉ែន ចំ​រ៉ុ​ង ពាក់កណ្តាល​ក៏​មាន ។ នៅ​ពេល​នេះ​ទៀត​នាង​មាន​អារម្មណ៍​ថា ដូច​ដាច់​កម្ម​ដាច់​ពៀរ ទើប​មិន​មាន​អារម្មណ៍​ពិបាកចិត្ត​អ្វី​ឡើយ បែក​ពី​គាត់ គឺ​ហាក់ដូចជា​ស្រឡះ​ខ្លួន​លែង​ពិបាក ។ អ្វី​ដែល​នាង​ស្តាយ គឺ​កំហុស​មិន​ស្តាប់​ឪពុក​ម្តាយ ដែល​ខំ​បញ្ចេញយោបល់ ដែល​នេះ​នាង​ចង់​ឲ្យ​យុវតី​មួយ​ចំនួន​ដែល​មានជីវិត​ដូច​នាង​គួរ​ពិចារណា បើ​អាច​គួរ​ចៀសវាង​ពី​បញ្ហា​នេះ​ឲ្យ​បាន ។

នាង​នៅ​ជាមួយ​លោក ចំ​រ៉ុ​ង ពេល​នោះ​ដូច​មានអី​បាំង​មុខ ឬ​មាន​គេ​ដាក់ស្នេហ៍ ដោយ ចំ​រ៉ុ​ង ឲ្យ​ធ្វើ​អ្វី គឺ​នាង​ហ៊ាន​ធ្វើ​ហ៊ាន​ប្រឆាំង ព្រោះតែ​ឆោត​ស្រឡាញ់​គេ​ជ្រុល ។ នាង​បើក​កម្មវិធី​ពេល​នេះ ក៏​ចង់​បង្ហាញ​ឲ្យ​គេ​ដឹង និង​សុំ​ទោស​សាធារណៈជន ដែល​នាង​ធ្វើ​ខុស​ហើយ កំហុស​កាន់តែ​ធ្ងន់ គឺ​ចង់​សុំ​ទោស​លោកឪពុក​អ្នក​ម្តាយ​ដែល​នាង​មិន​ជឿ ហើយ​បែរជា​នៅ​តែ​ស្រឡាញ់​យក​កូនស្រី​មក​មើលថែ​ទៀត ។ ចាប់ពី​ពេល​នេះ​តទៅ នាង​មាន​តែ​ខិតខំ​រស់នៅ​ឲ្យ​ល្អ ហើយ​ខំធ្វើការ​ជាមួយ​លោកប៉ា (​អិន សុ​ភិន​) ដើម្បី​ឆ្ពោះទៅ​រក​មាគ៌ា​ជីវិត​មួយ​ឡើង​វិញ​សា​ជា​ថ្មី ។

គួរ​បញ្ជាក់​ថា ភិន សុ​ដា​លី​ស បាន​ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​លោក ប៉ែន ចំ​រ៉ុ​ង ខណៈ​ឪពុក​ជំទាស់ ។ អំឡុង​ខែមេសា ឆ្នាំ​២០១៦​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ ភិន សុ​ដា​លី​ស និង ប៉ែន ចំ​រ៉ុ​ង ឲ្យ​ចូលខ្លួន​បំភ្លឺ​បណ្តឹង​លែងលះ​របស់ ប៉ែន ចំ​រ៉ុ​ង ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ។

យ៉ាងណា​សាលក្រម​តុលាការ​បាន​សម្រេច​ចេញ​ជា​ផ្លូវការ ដោយ​ពួក​គេ​មិន​អាច​ផ្សះផ្សារ​បាន ហើយ​រស់នៅ​ផ្សេង​គ្នា ម្នាក់​បានកូន ម្នាក់​បាន​រថយន្ត ។ នាង ភិន សុ​ដា​លី​ស នឹង​សម្រាលកូន​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៦​នេះ ដោយ​លោក អិន សុ​ភិន នៅ​តែ​ជួយ​លើកទឹកចិត្ត​ដល់​កូន​កំពុង​ជួប​វិបត្តិ ហើយ​ថែម​ទាំង​ផ្តល់​តួនាទី​ជានា​យក​ប្រតិបត្តិ ដល់​កូនស្រី​ដោយ​រំពឹង​ថា នាង​នឹង​មានការ​ងារ​ច្បាស់លាស់​អាច​បន្លប់​ទុក្ខ និង​មាន​ប្រភព​ចំណូល​មួយ​សមរម្យ ។

ក្រៅពី​នេះ​លោក​ក៏​នឹង​ឲ្យ​កូនស្រី​ចូល​សម្តែង​ភាពយន្ត​វិញ ក្រោយ​រឹង​ដៃ​រឹង​ជើង ព្រោះ​នាង​យល់​ដឹង​ច្រើន​ពី​ការ​សម្តែង​សិល្បៈ និង​ជា​ចំណូលចិត្ត​របស់​នាង​តាំងពី​ដើម​មក ៕