ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ University of Eastern Finland បានបង្ហាញថា បង្កើនការទទួលទានត្រីសម្បូរខ្លាញ់គឺជួយបង្កើនកម្រិតលីប៉ូប្រូតេអុីនដង់ស៊ីតេខ្ពស់ ដែលគេស្គាល់ថាជាកូឡេស្តេរ៉ូលល្អ (HDL) កាន់តែខ្ពស់ ។
ជាយូរមកហើយ ការទទួលទានត្រីត្រូវគេជឿថា ផ្តល់ផលល្អដល់សុខភាព ហើយបុគ្គលដែលមានកម្រិតខ្លាញ់កូឡេស្តេរ៉ូលល្អ HDL ខ្ពស់រមែងចៀសផុតពីជំងឺបេះដូងឬប្រឈមតិចតួចបំផុត ។ យ៉ាងណាក៏ដោយ វិធីដែលបណ្តាខ្លាញ់និងសារធាតុចិញ្ចឹមមានអត្ថប្រយោជន៍ផ្សេងៗទៀតរបស់ត្រីបំពេញមុខងារបែបណាខ្លះក្នុងរាងកាយនោះពុំត្រូវបានគេយល់ដឹងច្បាស់លាស់នោះទេ ។
ការពិសោធរយៈពេល៣ខែទៅលើមនុស្សវ័យកណ្តាល១៣១នាក់បានបង្ហាញថា បុគ្គលដែលទទួលទានត្រីសម្បូរខ្លាញ់មានដូចជា សូម៉ុង សាឌីន ត្រីរ៉ស់ ស្បៃកា… ៣-៤ដងក្នុងមួយសប្តាហ៍ ចំនួនខ្លាញ់ HDL ដែលមានមុខងារសម្អាតកូឡេស្តេរ៉ូលលើសតម្រូវការចេញពីជញ្ជាំងសរសៃអាក់ទែររបស់ពួកគេកើនឡើងខ្ពស់ធៀបទៅនឹងអ្នកដែលមិនទទួលទានសោះ ។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវបានសង្កត់ធ្ងន់ថា របបអាហារប្រចាំថ្ងៃក៏ជាផ្នែកមួយសំខាន់ណាស់ដែរក្នុងការបញ្ចុះកម្រិតកូឡេស្តេរ៉ូលសរុប និងលីប៉ូប្រូតេអុីនដង់ស៊ីតេទាប ឬកូឡេស្តេរ៉ូលអាក្រក់(LDL) ។
សមាជិកក្រុមស្រាវជ្រាវ Maria Lankinen បានថ្លែងថា មហាជនមិនគួរបោកបញ្ឆោតខ្លួនឯងដោយគិតថា ប្រសិនជាកម្រិតលីពីតរបស់ខ្លួនធម្មតា ហើយមិនចាំបាច់ខ្វល់ឬយកចិត្តទុកដាក់ពីរបបអាហារទទួលទាននោះ គឺជារឿងមិនត្រឹមត្រូវទេ ដ្បិតរឿងរ៉ាវទាំងឡាយស្មុគស្មាញជាងការគិតរបស់យើងទៅទៀត ៕
ចែករំលែកព័តមាននេះ