ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​សវនាការ រឿង​ក្តី​ជួញដូរ​គ្រឿងញៀ.ន​ឆ្លង​ដែន​ជិត​៥៥ គីឡូក្រាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៥ កក្កដា នេះ​បាន​បន្ត​សវនាការ លើ​សំណុំរឿង​ក្តី​ជួញដូរ​គ្រឿងញៀ.ន​ឆ្លង​ដែន​ជិត​៥៥​គីឡូក្រាម

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៥ កក្កដា នេះ​បាន​បន្ត​សវនាការ លើ​សំណុំរឿង​ក្តី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ជិត​៥៥​គីឡូក្រាម ដែល​ស្មើ​ទឹកប្រាក់​ជាង​៣ លាន​ដុល្លារ​រអា​មេ​រិ​ក និង​ឧបករណ៍​កែ​ច្នៃ ផលិត មក​បើក​សវនាការ​បន្ត​ទៀត ។ លោក ពេជ្រ វិជ្ជាធរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា ២០១៦ បាន​លើកយក​សំណុំរឿង​ក្តី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ជិត​៥៥​គីឡូក្រាម ដែល​ស្មើ​ទឹកប្រាក់​ជាង​៣ លាន​ដុល្លារ​រអា​មេ​រិ​ក និង​ឧបករណ៍ កែ​ច្នៃ​ផលិត មក​បើក​សវនាការ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ម្តង​រួច​មក​ហើយ​។

ប៉ុន្តែ​ការ​សារ​សួរ​ដេញដោល​លើ​ជនជាប់ចោទ នៅ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ដល់​ម៉ោង​សម្រាក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ប្រកាស​លើក​ពេល​សវនាការ សំណុំរឿង​មួយ​នេះ ទៅ​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ វេលា​រសៀល​បន្ត​ទៀត ។  គួរ​បញ្ជាក់​ទៀត​ថា​សំណុំរឿង​នេះ​មាន​ជនជាប់ចោទ​៤​នាក់ ក្នុង​នោះ​មាន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ និង​បក្ខពួក​៣​នាក់​ទៀត ត្រូវ​បាន​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន និង​ដកហូត​ថាំ្ន​ញៀន បាន​ប្រមាណ​ជិត​៥៥​គីឡូក្រាម ។ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២០ មិថុនា សមត្ថកិច្ច​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ភ្លាម​ៗ​ដែរ​។

ដោយ​បង្ហាញមុខ​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​សម្បើម​នោះ មុន​ពេល​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​មាន ១-​ឈ្មោះ លីវ ស៊ឺ ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ជនជាតិ​ចិន ជា​មេខ្លោង ត្រូវ​ចាប់ខ្លួន​នៅ​ខេត្តស្ទឹងត្រែង និង​ត្រូវ​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃ​ទី​២១ មិថុនា ។ ២-​ឈ្មោះ ផល រ៉ា​នី ហៅ​ខេ​ខេ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​សង្សារ​របស់​ឈ្មោះ លីវ ស៊ឺ សា្ន​ក់​នៅផ្ទះ​ជួល លេខ C១៩ ផ្លូវ​បេតុង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ៣-​ឈ្មោះ នី យ៉ុ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មក​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​ភោជនីយដ្ឋាន​ម្លប់​ស្វាយ​៩៩ សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌចំការមន និង​៤-​ឈ្មោះ តឹង យាន​ភីង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅផ្ទះ​ជួល (​អឹ​ផាត​មែន​) បន្ទប់​លេខ​៧ ជាន់​ទី​៧ ផ្លូវ​លេខ​៤៦០ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

លោក​ឧត្តមសេនីយ៍ត្រី សាន សុ​ទ្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ មិថុនា កម្លាំង​សមត្ថកិច្ច​ការិយាល័យ​សម្អាត​ប្រាក់ ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ បាន​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ ក្នុង​នោះ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រមាណ​ជិត​៥៥​គីឡូក្រាម ។ លោក សាន សុ​ទ្ធី បន្ត​ថា ករណី​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​នេះ សមត្ថកិច្ច​បាន​ប្រឹងប្រែង​ស្រាវជ្រាវ​អស់​រយៈពេល​ជិត​៣​ខែ​មក​ហើយ​ទើប​ប្រមូល​បាន​ព័ត៌មាន និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​មេខ្លោង ។

ការ​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ​ដែរ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឃាត់ខ្លួន​ជន​ឈ្មោះ លីវ ស៊ឺ ជា​មេខ្លោង​នៅ​ខេត្តស្ទឹងត្រែង​។ រូបគេ​ជាប់​ពាក់ព័ន្ធ​រឿង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ និង​ប្រើប្រាស់​គ្រឿងញៀន ។ ក្រោយ​ពី​ឃាត់ខ្លួន​ឈ្មោះ លីវ ស៊ឺ ជា​មេខ្លោង សមត្ថកិច្ច​ក៏​បាន​ដាក់​ការ​សង្ស័យ​ថា ជន​នោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ថែម​ទៀត ។ អ្វី​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សង្ស័យ គឺ​ផ្អែក​តាម​រូបភាព​ជា​ច្រើន​ដូច​ជា ស្ត្រី​ឈ្មោះ ផល រ៉ា​នី ហៅ​ខេ​ខេ ជា​សង្សារ​របស់​គេ​តែង​ឡើង​ចុះ​ពី​ភ្នំពេញ​ទៅ​ស្ទឹង​ត្រែង ដើម្បី​ជួប​ឈ្មោះ លីវ ស៊ឺ គឺ ១-​ទៅ​ធ្វើ​ជា​សួរសុខទុក្ខ​ធម្មតា ២-​ណែនាំ​ប្រាប់​ឲ្យ​មានការ​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ​ជនជាតិ​ចិន​២​នាក់​ជា​អ្នក​លក់ដូរ​គ្រឿងញៀន ។

យោង​លើ​ការ​ស្រាវជ្រាវ​តាម​រយៈ​ជនសង្ស័យ​ជា​មេខ្លោង និង​ស្ត្រី​ជា​សង្សារ គឺ​សមត្ថកិច្ច​បាន​កំណត់ និង​ដាក់​ការ​សង្ស័យ​លើ​ឈ្មោះ ផល រ៉ា​នី ហៅ​ខេ​ខេ ថា ពិតជា​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ដែរ ទើប​មានការ​ស្នើ​សុំ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបអង្កេត​លើ​ស្ត្រី​ម្នាក់​នោះ ។ នៅ​ថ្ងៃ​ទី​១៦ មិថុនា សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ផល រ៉ា​នី មក​សាកសួរ ។ នៅ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​ញៀន​ជា​ច្រើន​គីឡូក្រាម​នៅផ្ទះ​ជនសង្ស័យ ដែល​នោះ​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​ថា ពិតជា​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ប្រាកដ​មែន ។

ក្រោយ​ពី​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ នៅ​យប់​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​ទៀត ដែល​ជា​មនុស្ស​មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ លីវ ស៊ឺ និង​នាង ផល រ៉ា​នី ជា​សង្សារ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​បាន​ច្រើន​សន្ធឹកសន្ធាប់​រហូត​ទៅ​ដល់​ជិត​៥៥​គីឡូក្រាម ។ ការ​បង្ក្រាប​នោះ​មាន​សភាព​ស្ងៀមស្ងាត់​បំផុត មិន​បែកធ្លាយ​ទៅ​ណា​ទេ ។ ក្រោយ​ពី​ឃាត់ខ្លួន​ជន​៣​នាក់​ជា​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ​នេះ កាល​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​វត្ថុ​តាង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​កម្លាំង​ការពារ​យ៉ាង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

លុះ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ទើប​មាន​បញ្ជា​ពី​ថ្នាក់លើ​អនុញ្ញាត​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ធ្វើ​សន្និសីទ​សារព័ត៌មាន​រៀបរាប់​ពី​ស្នាដៃ​ដ៏​ធំធេង​ដែល​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន និង​មេខ្លោង​ដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​។ សន្និសីទ​សារព័ត៌​មានបាន​ធ្វើ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដោយ​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​ចូលរួម ។ ក្នុង​សន្និសីទ​បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៣​នាក់ មាន​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ខ្មែរ និង​បុរស​២​នាក់​ជា​ជនជាតិ​ចិនដីគោក រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ជិត​៥៥​គីឡូក្រាម ។

ស្ថិត​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ មាន​ប្រសាសន៍​ថា ថ្ងៃនេះ​ដោយ​បានការ​អនុញ្ញាត​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក អ៊ិ​ន បូ​រ៉ា ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ បង្ហាញ​ពី​ស្នាដៃ​នៃ​កិច្ច​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នេះ ដើម្បី​ជម្រាប​ជូន​អ្នក​សារព័ត៌មាន និង​សាធារណជន​បាន​ជ្រាប ។

លោក​បន្ត​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​នេះ ក៏​ដូច​ជា​នៅ​លើ​សាកលលោក​មានការ​ស្មុគស្មាញ​ណាស់ ពិសេស​នៅ​កម្ពុជា​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​យកចិត្តទុកដាក់​បំផុត ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​យ៉ាង​ច្បាស់លាស់​ធ្វើ​យ៉ាងម៉េច​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​គ្រឿងញៀន​ឲ្យ​បាន ។ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ បន្ត​ទៀត​ថា អស់លោក​ឃើញ​ហើយ កន្លង​មកនេះ​យើង​ចាប់ និង​បង្ក្រាប​តាំងពី​ការ​ប្រើប្រាស់​តូចតាច បាន​ន័យ​ថា អ្នក​ប្រើប្រាស់​ក៏​ចាប់ អ្នក​ជួញដូរ​ក៏​ចាប់ មិនមែន​ចាប់​តែ​អ្នក​ប្រើ​តូចតាច​ដូច​អ្នកកាសែត​ខ្លះ​ថា​ទេ ។

ហេតុ​អ្វី​បានជា​ចាប់​អ្នក​តូចតាច គឺ​ព្រមាន​គាត់ ដើម្បី​ឲ្យ​គាត់​ខ្លាច​លែង​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នេះ ដែល​នោះ​អ្នក​ប្រើប្រាស់​១​គ្រាប់​ក៏​មានទោស និង​កន្លះ​គ្រាប់​ក៏​មានទោស ។ លោក​ឧត្តមសេនីយ៍ឯក​បន្ត​ថា កន្លង​មក​យើង​បាន​បើក​កិច្ច​ប្រតិបត្តិការ​មួយ​ស្រាវជ្រាវ​ករណី​ជួញដូរ​ធំ​ណាស់ មាន​រចនាសម្ព័ន្ធ​ទំនាក់ទំនង​ពី​ខាងក្រៅ​ចូល​មក​ក្នុង​ពី​ក្នុង​ទៅ​ក្រៅប្រទេស​ទៀត ។ កន្លង​មក​យើង​បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ស្រាវជ្រាវ និង​មន្ត្រី​អនុវត្ត​ច្បាប់​ប្រឹងប្រែង ទាំងអស់​គ្នា​ស៊ើបអង្កេត​រហូត​ដល់​ថ្ងៃ​ទី​១៦ និង​១៧ មិថុនា បាន​កំណត់​ថា ត្រូវ​បំបែកសំណុំរឿង​។

លោក​អគ្គស្នងការ​រង ម៉ក់ ជី​តូ បន្ត​ថា ពេល​នោះ​យើង​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​៣​នាក់ នៅ​លើ​គោលដៅ​៥ ដកហូត​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ច្រើន​គីឡូក្រាម សម្ភារ​សម្រាប់​ច្នៃ ក្នុង​នោះ​នាង ផល រ៉ា​នី ហៅ​ខេ​ខេ គឺជា​ប្រពន្ធ ឬ​សង្សារ​មេខ្លោង​ម្នាក់​ទៀត​ដែល​មិន​ទាន់​យក​មក​ដល់ ប៉ុន្តែ​បាន​រៀបចំ​ឲ្យ​យក​មក​ភ្នំពេញ​ហើយ​។ ចំណែក​ជនជាតិ​ចិន​២​នាក់​គឺ ឈ្មោះ នី យ៉ុ​ង និង​ឈ្មោះ តឹង យាន​ភីង គឺជា​អ្នកបច្ចេកទេស​មក​ពី​ស្រុក​ចិន អាច​កែ​ច្នៃ និង​បង្កើន​គុណភាព​បរិមាណ​គ្រឿងញៀន ។ លោក​អគ្គស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា សារធាតុ​គ្រឿងញៀន​សុទ្ធ គឺ​បុរស​ចិន​២​នាក់​នេះ គេ​យក​ទៅ​កែ​ច្នៃ​បង្កើត​ពី​១​គីឡូក្រាម​ទៅ​២,៣​គីឡូក្រាម ហើយ​បើ​លេខ ឬ​ពណ៌​មិនសូវ​ល្អ ខ្មៅ គេ​ធ្វើ​ឲ្យ​ទៅ​ជាស ដូចដែល​បាន​ដាក់​បង្ហាញ​នេះ​។ គ្រឿងញៀន​ដែល​ចាប់​បាន​នេះ​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ហើយ​និង​ហេ​រ៉ូ​អ៊ី​ន​ជិត​៥៥​គីឡូក្រាម ។

ប្រតិបត្តិការ​នេះ​យើង​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តស្ទឹងត្រែង ទើប​បង្ក្រាប​ករណី​នេះ​បាន ។ សួរ​ថា តើ​ថ្នាំ​ញៀន​នេះ​មកពីណា ? ជម្រាប​ជូន​ថា នេះ​លំហូរ​ចូល​ពី​តំបន់ត្រីកោណមាស​ប្រទេស​ឡាវ និង​កម្ពុជា​យើង​តាម​ខេត្តស្ទឹងត្រែង​មក​ដល់​ភ្នំពេញ ។ មក​ដល់​ភ្នំពេញ ពួក​នេះ​បាន​កែ​ច្នៃ​បង្កើន​បរិមាណ​ពី​៥០​គីឡូក្រាម​ទៅ​១០០​គីឡូក្រាម ហើយ​បាន​បែងចែក​លក់​នៅ​ក្នុងស្រុក និង​បញ្ជូន​ទៅ​តៃវ៉ាន់​។ នេះ​ជា​បណ្តាញ​ពី​ក្រៅប្រទេស​ចូល​មក​ក្នុង​ប្រទេស និង​ចេញ​ទៅ​ក្រៅប្រទេស​វិញ ។

លោក ម៉ក់ ជី​តូ បញ្ជាក់​ជា​ចុង​ក្រោយ​ថា នេះ​ជា​ការ​បង្ក្រាប​ករណី​ជួញដូរ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​កន្លង​មក​។ បន្ទាប់​ពី​ប្រសាសន៍​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ លោក​ឧត្តមសេនីយ៍ឯក មាស វិ​រិ​ទ្ធ បាន​បន្ត​បកស្រាយ​បន្ថែម​ជុំវិញ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នេះ ។ ក្រោយ​ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ហើយ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​មេខ្លោង​ឈ្មោះ លីវ ស៊ឺ ត្រូវ​ផ្ទេរ និង​បញ្ជូន​ពី​ខេត្តស្ទឹងត្រែង មក​ដល់​ភ្នំពេញ​នៅ​យប់​ថ្ងៃ​ទី​២១ មិថុនា​៕