ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ខ្សែ​កបាន​សម្រេច​តែ​ភ្លាត់ស្នៀត​ដួល ត្រូវ​សម្ថ​កិច្ច​ក្របួច​ជាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជន​ជា​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ជិះ​ម៉ូតូ​ស៊េរី​ទំនើប ឆ្នាំ​២០១៦ មួយ​គ្រឿង តែ​ម្នាក់ឯង

រាជធានី​ភ្នំពេញ ៖ បុរស​ជន​ជា​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ជិះ​ម៉ូតូ​ស៊េរី​ទំនើប ឆ្នាំ​២០១៦ មួយ​គ្រឿង តែ​ម្នាក់ឯង ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ប្លា​ទី​ន​មួយ​ខ្សែ ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច តែ​ភ្លាត់ស្នៀត​ដួល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ ៤៣០ កែង​នឹង​ផ្លូវ​លេខ​៥១២ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ប៉ុ​ល ខួច​ចិន្តា អាយុ​២០​ឆ្នាំ មុខរបរ​បើកឡាន​ស្ទូច មាន​ទៅ​លំនៅ​ក្នុង​បុរី​ត្រពាំង​ឈូក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FX-8115 មួយ​គ្រឿង​។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ សាយ សុគន្ធ អាយុ​៣៦​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​អនាម័យ​នៅ​សណ្ឋាគារ​មួយ​កន្លែង មាន​ទីលំនៅ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ៥១២ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​ទើបតែ​មក​ពី​លេង​ផ្ទះ​មិត្ត​របស់​ខ្លួន​នៅ​ម្តុំ​សន្ធ​មុខ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ឆា​លី​មួយ​គ្រឿង​មក​ផ្ទះ​តាម​បណ្តោយ​ផ្លូវ ៥១២ ជិត​ដល់​ផ្ទះ​ហើយ​នោះ ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់​ខាងលើ​ជិះ​ម៉ូតូ​មក​ក្បែរ និង​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ប្លា​ទី​ន​មួយ​ខ្សែ​ពី​នាង​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន បាន​តែ​បន្តិច​នោះ​ក៏​ភ្លាត់ស្នៀត​ដួល ហើយ​ក៏​ត្រូវ​កម្លាំង​កង​អន្តរាគមន៍​នគរបាល​ខណ្ឌចំការមន​មក​ដល់ និង​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ខ្សែ​ក​ប្លា​ទី​ន​មួយ​ខ្សែ​នោះ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ស្ត្រី​ជា​ជន​រង​គ្រោះ​វិញ ចំណែកឯ​បុរស​ជនសង្ស័យ​ជា​ចោរឆក់​ខាងលើ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕