ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះ​មូលដ្ឋាន​ជា​ទម្លាប់​របស់​សម្ដេច​តេ​ជោ​តាំងពី​គណបក្សប្រឆាំង​មិន​ទាន់​កើត

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា សម្ដេច​ចុះ​មូលដ្ឋាន​គឺជា​ទម្លាប់​របស់​សម្ដេច តាំងពី​ជំនាន់​ជិះ​ម៉ូតូ​លើ​ផ្លូវ​រដិបរដុប​តាំងពី​ឆ្នាំ​១៩៧៩ មក

ខេត្តសៀមរាប ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា សម្ដេច​ចុះ​មូលដ្ឋាន​គឺជា​ទម្លាប់​របស់​សម្ដេច តាំងពី​ជំនាន់​ជិះ​ម៉ូតូ​លើ​ផ្លូវ​រដិបរដុប​តាំងពី​ឆ្នាំ​១៩៧៩ មក គឺ​តាំងពី​បក្ស​ប្រឆាំង​មិន​ទាន់​កើត ប៉ុន្តែ​បែរជា​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា សម្ដេច​ធ្ចើ​តាម​គេ​វិញ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ នា​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា នៅ​សណ្ឋាគារ​ស៊ី​ធី​អង្គរ ក្រុង​សៀមរាប ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្រុង ខេត្ត អាជ្ញាធរ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្តសៀមរាប បន្ទាប់​ពី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​រួច​មក ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា ដំណើរ​បេសកកម្ម​របស់​សម្ដេច គឺ​ដើម្បី​ឈ្វេងយល់​អំពី​សមិទ្ធផល​រីក​ចម្រើន ផល​លំបាក ភាព​ងាយស្រួល​និង​តម្រូវការ​ថ្មី​ៗ​នៃ​កា​រវិ​វ​ឌ្ឍ និង​បញ្ហា​ទាំងឡាយ​ដែល​បាន​ដំណើរការ​អស់​ជាង​ពាក់កណ្ដាល​អាណត្តិ​មកនេះ ជា​ពិសេស​ពិនិត្យ​មើល​បញ្ហា​ប្រឈម​នៅ​សេសសល់ ដែល​ត្រូវ​ធ្វើការ​ដោះស្រាយ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា សន្តិភាព​នេះ​ហើយ ជា​កត្តា​អនុគ្រោះ​សម្រាប់​ការ​អភិវឌ្ឍ​រហូត​ដល់​សព្វថ្ងៃ គឺ​បាន​កសាង​ប្រទេស​យើង​ឡើង​វិញ បន្ទាប់​ពី​ការ​បំផ្លិចបំផ្លាញ​អស់​ស្ទើរ​គ្មាន​សល់​ដោយ​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ។ ការ​តស៊ូ​ស្វែងរក​សន្តិភាព​ដែល​សម្ដេច​បាន​ដាក់​ចេញ​នូវ​នយោបាយ​បង្រួបបង្រួម​ជាតិ ជា​ពិសេស​នយោបាយ​ឈ្នះ ឈ្នះ រហូត​ធ្វើ​ឱ្យ​ប្រទេស​យើង ទទួល​បាន​នូវ​សន្តិភាព​យ៉ាង​ពេញលេញ​រហូត​ដល់​ប​ច្ចប្ប​ន្ន ។

គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល នៅ​តែ​បន្ត​ការ​គិតគូ​ជា​អាទិភាព ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ ដែល​វិស័យ​ទាំងនេះ មាន​ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង ។

ក្នុង​ន័យ​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ដាំផ្ញើ​ឱ្យ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្រុង ខេត្ត អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​ទាំងអស់ គប្បី​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព​នេះ ឱ្យ​បាន​គង់វង្ស​ជា​និរន្តរ៍ ខិតខំ​ធ្វើការ​ឱ្យ​បាន​ល្អ ខិតខំ​ផ្ដល់​សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ឆាប់រហ័ស​ទាន់​ពេលវេលា ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​តម្រូវការ​ប្រើប្រាស់ និង​សេចក្ដីសុខ ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។

  • អាជីវករ​ជា​ម្ចាស់​ផ្សារ​មួយ​ជីវិត

ខេត្តកំពង់ធំ ៖ បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប ឆ្ពោះ​មក​កាន់​ខេត្តកំពង់ធំ ។ សម្ដេច​តេ​ជោ បាន​ចូល​ផ្សារ​ស្ទឹង​សែន​ក្នុង​ក្រុង​ស្ទឹង​សែន ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​អាជីវករ​និង​ប្រជាពលរដ្ឋ​យ៉ាង​ស្និទ្ធស្នាល ។ ក្នុង​ជំនួប​ផ្ទាល់​នោះ​ដែរ សម្ដេច​តេ​ជោ​បាន​ទទួល​សំណើ​ពី​អាជីវករ​ម្ចាស់​តូប ដោយ​សុំ​កុំឱ្យ​មាន​អាណត្តិ​ក្នុង​ការ​លក់ដូរ​តូប​នីមួយ​ៗ​របស់​ពួក​គាត់ ។

ទាក់ទង​នឹង​បញ្ហា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បន្ទោស​មន្ត្រី​ខេត្តកំពង់ធំ​ថា មន្ត្រី​ទាំងនោះ​មិន​មានការ​ពន្យល់​ឱ្យ​ប្រជាពលរដ្ឋ អាជីវករ គាត់​បាន​យល់​អំពី​បញ្ហា​នេះ ។ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ផ្សារ​នេះ​សម្ដេច​បាន​ធ្វើ​ដំបូល​ឱ្យ​តែ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​តូប ដូច្នេះ​ផ្សារ​នេះ​អត់​ត្រូវ​មាន​អាណត្តិ​ទេ ។

តាម​របាយការណ៍​របស់​អភិបាលខេត្ត​កំពង់ធំ បានឱ្យ​ដឹង​ថា សម្ដេច​តេ​ជោ​បាន​ជួយ​សាងសង់​ផ្សារ​ស្ទឹង​សែន​ឡើង​វិញ បន្ទាប់​ពី​ផ្សារ​នេះ​បាន​ឆេះ​នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១០​។ អាជីវករ​បាន​ប្រកប​មុខរបរ​និង​រំលស់​ទុន​ដែល​បាត់បង់​បាន​បណ្ដើរ​ៗ និង​កន្លែង​ខ្លះ​ទទួល​បានការ​លក់ដូរ​ជោគជ័យ​រួចខ្លួន​ពី​ការ​ខាតបង់​ដោយ​អគ្គិភ័យ​។ បច្ចុប្បន្ន ផ្សារ​ស្ទឹង​សែន ក៏​ដូច​ជា​ផ្សារ​កំពង់ធំ អាជីវករ​បាន​រួម​គ្នា​កសាង​បណ្ដាញទឹក​ដាក់​បង្ការ​អគ្គិភ័យ​នៅ​នឹង​កន្លែង ព្រមទាំង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ផ្សារ ដូច្នេះ​ហើយ​បងប្អូន​អាជីវករ​កំពុង​មាន​សុទិដ្ឋិនិយម​អំពី​សុវត្ថិភាព ។

មាន​ប្រសាសន៍​សំ​ណោះ​សំ​ណា​ល​នៅ​សាលាខេត្ត​កំពង់ធំ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​សេវា​សាធារណៈ តម្រូវការ​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព​។ ពិសេស​ត្រូវ​តែ​លុប​បំបាត់​រាល់​កំហុសឆ្គង ការ​ថ្នាំងថ្នាក់ ភាព​អសកម្ម​ទាំងឡាយ ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ឱ្យ​បាន​កាន់តែ​ប្រសើរ ៕