ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​រង​ផល​ប៉ះពាល់ រដូវ​នេះ​មិន​មាន​លំហូរ​ខ្យល់​ធ្វើ​ឱ្យ​បារម្ភ​ពី​ការ​សាយភាយ​វិទ្យុសកម្ម​ពី​ជប៉ុន​ទេ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ មាន​ការ​ភ័យ​ខ្លាច​ ដោយ​សារ​ការ​និយាយ​តៗ​គ្នា​ ពី​សារ​ធាតុ​វិទ្យុ​សកម្ម​ដែល​បាន​សាយ​ភាយ​ដោយ​ការ​ផ្ទុះ​រោង​ចក្រ​អគ្គិ​សនី​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​នៅ​ប្រទេស​ជប៉ុន ​​និង​ជំរុញ​ឱ្យ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​នៃ​ប្រទេស​កម្ពុជា ចេញ​សេចក្តី​ជូន​ដំណឹង​ជា​បន្ទាន់​មួយ​ នៅ​ថ្ងៃ​ទី​១៦ មីនា ដែល​​ចុះ​​ហត្ថ​លេខា​ដោយ​លោក​រដ្ឋ​មន្ត្រី លឹម គាន​ហោ។

យោង​តាម​​សេចក្តី​ជូន​ដំណឹង​នេះ​​បង្ហាញ​ថា ប្រទេស​កម្ពុជា​ មិន​បាន​រង​ផល​ប៉ះ​ពាល់​ពី​ឥទ្ធិ​ពល​ណា​មួយ​នៃ​ការ​ផ្ទុះ​នៅ​ប្រទេស​ជប៉ុន​នោះ​ទេ។ សេចក្តី​​ជូន​ដំណឹង​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ការ​ផ្ទុះ​រោង​ចក្រ​អគ្គិ​សនី​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​នៅ​ប្រទេស​ជប៉ុន ដោយ​សារ​ឥទ្ធិ​ពល​នៃ​ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមី បាន​បង្ក​ឱ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​មាន​ការ​និយាយ​តៗ​គ្នា និង​​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើង​ដោយ​សារ​ឥទ្ធិ​ពល​នៃ​ការ​ផ្ទុះ​ខាង​លើ​នេះ។

ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​សូម​ជម្រាប​ថា បច្ចុ​ប្បន្ន​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​និង​កំពុង​ទទួល​ឥទ្ធិ​ពល​ពី​លំហូរ​ខ្យល់​តំបន់​ត្រូពិច ដែល​លំហូរ​ខ្យល់​នេះ​ពុំ​មាន​ការ​ពាក់​ព័ន្ធ​នឹង​លំហូរ​ខ្យល់​ដែល​បក់​មក​ពី​ប្រទេស​ជប៉ុន​ឡើយ។
យោង​លើ​លំហូរ​ខ្យល់​ដូច​បាន​ជម្រាប​ជូន​ខាង​លើ ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​សូម​ជម្រាប​ជូន​សាធា​រណ​ជន​មេត្តា​ជ្រាប​ថា ព្រះ​រាជា​ណាចក្រ​កម្ពុជា​ពុំ​មាន​ទទួល​រង​នូវ​ឥទ្ធិ​ពល​វិទ្យុ​សកម្ម​ដែល​បណ្តាល​មក​ពី​ការ​​ផ្ទុះ​រោង​ចក្រ​អគ្គិ​សនី​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​នៅ​ប្រទេស​ជប៉ុន​នោះ​ទេ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ សូម​អាជ្ញា​​ធរ​ដែន​ដី និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់​មេត្តា​ជ្រាប​ជា​ព័ត៌​មាន។ យោង​តាម​សេចក្តី​ជូន​ដំណឹង​ខាង​លើ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទឹក​ដី​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង​ពុំ​បាន​រង​ផល​ប៉ះ​ពាល់​ណា​មួយ​ពី​វិទ្យុ​សកម្ម​បរមាណូ​នេះ​ឡើយ៕