ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ខឹងសម្បា​វិទ្យុ​បារាំង​អន្តរជាតិ​ថា ផ្សាយ​មិន​ពិត​ជុំវិញ​កិច្ចប្រជុំ​នៅ​សភា​សហគមន៍​អឺរ៉ុប

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​ខឹងសម្បា​វិទ្យុ​បារាំង​អន្តរជាតិ​ថា មិន​បាន​យកសម្ដី​ដើម​ដែល​លោក​ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​សភា​សហគមន៍​អឺរ៉ុប

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​ខឹងសម្បា​វិទ្យុ​បារាំង​អន្តរជាតិ​ថា មិន​បាន​យកសម្ដី​ដើម​ដែល​លោក​ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​សភា​សហគមន៍​អឺរ៉ុប ។

លោក សម រ​ង្ស៊ី បាន​បញ្ជាក់​ថា​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​វិទ្យុ​បារាំង​អន្តរជាតិ (RFI) មិន​បាន​ស្តាប់​ពាក្យ​សម្តី​ដើម និង​ពាក្យ​សម្តី​ពិត​របស់ខ្ញុំ​ទេ ហើយ​និយាយ​ខុស​តាម​គេ​។ បើ RFI នេះ មាន​ស្មារតី​វិជ្ជាជីវៈ​ខ្ពស់​មែន គួរ​ណាស់​ពេល​នេះ​ចូល​មើល​វី​ដេ​អូ ដែល​សភា​អឺរ៉ុប​បាន​ថត​ជា​ផ្លូវការ​នូវ​សុន្ទរកថា​របស់ខ្ញុំ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ហើយ​ធ្វើការ​កែតម្រូវ​ជា​បន្ទាន់ ។ មិន​គួរ​និយាយ​ខុស​តាម​គេ ហើយ​ចាញ់បោក​ការ​ឃោសនា​របស់​រដ្ឋាភិបាល​ដែល​អះអាង​ថា ប្រជារាស្ត្រ ខ្មែរ​ភាគច្រើន​មិន​ចេះ​ស្តាប់​ភាសា​បារាំង ។ ស្តាយ​ណាស់ ដោយ​កត់​សម្គាល់ថា សូ​ម្បី​តែ RFI នេះ ដែល​មាន​ជំនាញ​ខាង​ភាសា​បារាំង​ក៏​បណ្តោយ​ឱ្យ​គេ​យកពាក្យ​សម្តី​ខ្ញុំ​ជា​ភាសា​បារាំង​ទៅ​កាឡៃ​តាម​ចិត្ត​» ។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​វិទ្យុ​បារាំង​បាន​ស្រង់​សម្ដី​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​សភា​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា​កន្លង​ទៅ​ថា បើ​សហភាព​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចូល​សម្លៀក​បំពាក់​ពី​កម្ពុជា គឺ​នៅ​ពេល​បើក​ទីផ្សារ​វិញ​ត្រូវ​មាន​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ ។

វិទ្យុ​បារាំង​អន្តរជាតិ​បាន​លើក​ឡើង​ទៀត​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា បើ​សហភាព​អឺរ៉ុប​លូកដៃ​ក្នុង​រឿង​នាំ​ចេញ​សម្លៀក​បំពាក់​នេះ គឺ​មិនមែន​កម្មករ​ឬ​ប្រជាជន​តូចតាច​ទេ​ដែល​ប៉ះពាល់ គឺ​ពួក​ថៅកែ​ធំ​ៗ មេ​ឈ្មួញ​ធំ​ៗ​ទៅ​វិញ​ទេ​ដែល​ប៉ះពាល់ ។ លោក​បន្ត​ថា ឈ្មួញ​ធំ​ៗ​ទាំង​អស់នោះ​ហើយ​ដែល​សូក​លុយ​មួយ​ចំណែក​ធំ​ទៅ​ឱ្យ​គណបក្សកាន់អំណាច ។

លោក សម រ​ង្ស៊ី បន្ត​ថា ហេតុ​ដូច​រៀបរាប់​ខាងលើ​នេះ បើ​សហភាព​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចូល​សម្លៀក​បំពាក់​ពី​កម្ពុជា គឺ​នៅ​ពេល​បើក​ទីផ្សារ​វិញ មិន​ចេះ​តែ​បើក​ទេ ត្រូវ​មាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ផង​ដែរ ។ បើ​សភាព​អឺរ៉ុប​ធ្វើ​ដូច្នេះ រាជរដ្ឋាភិបាល​កម្ពុជា ប្រហែលជា​ចាប់ផ្តើម​ពិចារណា​ឡើង​វិញ ។

លោក ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ តាន់ អគ្គនាយក​វិទ្យុ​បារាំង​អន្តរជាតិ បាន​ឆ្លើយ​ប​តប​នឹង​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី តាម​រយៈ​សង្គម​ហ្វេ​ស​ប៊ុ​កថា អត្ថាធិប្បាយ​លើ​សំ​ណេ​រ​របស់​លោក មិនមែន​ជា​ទម្លាប់​របស់ខ្ញុំ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​សរសេរ​វាយតម្លៃ​មក​លើ​វិទ្យុ​បារាំង RFI ត្រូវ​តែ​មាន​ចម្លើយ​តបត​ពី​ខ្ញុំ​វិញ​ដោយ​មិន​អាច​ខ្វះ​បាន ។

លោក​បាន​លើក​ឡើង​ថា ដោយ​ក្តី​គោរព ខ្ញុំ​ចង់​សរសេរ​ជម្រាប​លោក​ដូច​តទៅ ៖

ទី​១-​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​សោះ​(​ដូច​មាន​ឯកសារ​ភ្ជាប់​មក​ខាងក្រោម​)  លោក​ដូច​ជា​មាន​មោទនភាព និង​ទឹកចិត្ត​សប្បាយ​រីករាយ​ពេក​ក្រៃ ក្នុង​ការ​ផ្សព្វផ្សាយ​បន្ត​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក នូវ​ព័ត៌មាន​របស់​វិទ្យុ​បារាំង​RFI ព័ត៌មាន​ដែល​ថ្ងៃនេះ​លោក​បែរជា​ថា​មិន​ត្រឹមត្រូវ​និង​ច្រានចោល​វិញ ។ ខ្ញុំ​យល់​ណាស់ ដ្បិត​មែនទែន​ទៅ កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក​ចង់​ផ្សព្វផ្សាយ​ឱ្យ​មហាជន​ខ្មែរ​ដឹង​ថា លោក​បាន​បញ្ចុះបញ្ចូល​សភា​អឺរ៉ុប​ឱ្យ​សម្រេចចិត្ត​ដាក់​សម្ពាធ​សេដ្ឋកិច្ច​លើ រាជរដ្ឋាភិបាល​ខ្មែរ ផ្ទុយ​ទៅ​វិញ​ថ្ងៃនេះ លោក​ចង់​បិទ​បាំង​ព័ត៌មាន​នេះ​វិញ ពីព្រោះ​វា​ពោរពេញ​ទៅ​ដោយ​សង្គ្រាម​ប៉ាកកា ។

ទី​២-​លោក​បាន​វាយតម្លៃ​(​ខ្ញុំ​សង្ខេប​អត្ថន័យ​)​ថា វិទ្យុ​បារាំង​RFI ខ្វះ​ស្មារតី​វិជ្ជាជីវ​: និយាយ​ខុស​តាម​គេ មិន​បាន​ស្តាប់​ពាក្យ​សម្តី​ដើម​និង​ពាក្យ​សម្តី​ពិត​របស់​លោក​។ បើ​អុ​ី​ចឹ​ង​មែន ហេតុ​អ្វី​បានជា​លោក​យក​ព័ត៌មាន​ហ្នឹង​របស់​វិទ្យុ​បារាំង​ដែល​«​ខ្វះ​ស្មារតី​វិជ្ជាជីវ​:» ទៅ​ផ្សព្វផ្សាយ​បន្ត​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដាក់​ជា​ចំណងជើង​ទី​១​ទៀត​ផង ជូន​ដល់​សកម្មជន​នៃ​គណបក្ស​របស់​លោក ?

លោក​ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ តាន់ បញ្ជាក់​ថា «​មាន​តែ​មូលហេតុ​ម្យ៉ាង​គត់ នោះ​គឺ​ខុស​ផ្ទុយ​ពី​សម្តី​របស់​លោក ចិត្ត​របស់​លោក​ទទួលស្គាល់​ថា អ្វី​ដែល​RFI បាន​ផ្សាយ​ជុំវិញ​បេសកកម្ម​របស់​លោក​នៅ​សភា​អឺរ៉ុប​គឺជា​ការ​ពិត ការ​ពិត​ដែល​ក្នុង​ពេល​នេះ លោក​ចង់​កាឡៃ​ថា​មិន​ពិត​វិញ  ដោយ​ហេតុតែ​ប្រតិកម្ម​ដែល​បាន​និង​កំពុង​បន្ត​ប្រព្រឹត្ត​ទៅ​ដូច​ព្យុះ​នៅ​កម្ពុជា ។ ខ្ញុំ​ធ្វើការ​នៅ​ក្នុង​វិស័យ​សារ​ព័​ត៍​មាន​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ ។ រូប​លោក​វិញ ជា​អ្នកនយោបាយ​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ។ ខ្ញុំ​មិន​ហ៊ាន​បង្រៀន​លោក​ធ្វើ​នយោបាយ​ទេ តែ​សូម​លោក​ចៀសវាង​កុំ​បង្រៀន​ខ្ញុំ​ធ្វើ​កាសែត​» ៕