ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រឹបអូស ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​៣​គ្រឿង ដុត​បំផ្លាញ​ចោល

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ យោង​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​ស្រែ​គរ ស្រុក​សេ​សាន​ថា ប្រជាពលរដ្ឋ​ជា​ក្រុម​បាន​ចាប់​ដកហូត​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​ចំនួន​៣​គ្រឿង​ពី​ប្រជាពលរដ្ឋ​ដូច​គ្នា​

ខេត្តស្ទឹងត្រែង ៖ យោង​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​ស្រែ​គរ ស្រុក​សេ​សាន​ថា ប្រជាពលរដ្ឋ​ជា​ក្រុម​បាន​ចាប់​ដកហូត​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​ចំនួន​៣​គ្រឿង​ពី​ប្រជាពលរដ្ឋ​ដូច​គ្នា​រស់នៅ​ភូមិ​ច្រប់​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ដុត​បំផ្លាញ​ចោល​កាលពី ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នា​២០១៦ នៅ​ក្នុងភូមិ​ឃុំ​ស្រែ​គរ​។ លោក ថា​យ ស៊ុន​អ៊ី មេ​ប៉ុស្តិ៍​ឃុំ​ស្រែ​គរ ស្រុក​សេ​សាន បាន​ប្រាប់​កោះសន្តិភាព​នា​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​បាន​នាំ​គ្នា​ទៅ​ចាប់​ដកហូត​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​ចំនួន​៣​គ្រឿង​នាំ​មក​ភូមិ​ហើយ​ដុត​បំផ្លាញ​ចោល ដោយ​ពុំ​មានការ​ឯកភាព​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​នោះ​ឡើយ បាន​ត្រឹម​ប្រាប់​ថា​ពួក​ខ្លួន​នឹង​ដុត​ម៉ាស៊ីន​អារឈើ​ចោល ពួក​គេ​ក៏​ដុត​តែ​ម្តង​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នា​២០១៦ ប្រជា​សហគមន៍​ការពារ​ឈើ​នៅ​ឃុំ​ស្រែ​គរ​បាន​នាំ​គ្នា​ចុះ​ចាប់​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​ចំនួន​៣​គ្រឿង ដែល​កំពុង​លួច​ចូល​អា​ឈើ​ក្នុង​ដែន​ការពារ​របស់​សហ​គន៍ បន្ទាប់​មក​ក៏​នាំ​មក​ភូមិ​លុះ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ ពួក​គេ​បាន​ពិភាក្សា និង​ចងក្រង​ឯកសារ​ជា​ក្រុម​រួម​មានការ​ដឹង​ឮ​ពី​អាជ្ញាធរ​ឃុំ លុះ​ក្រោយមក​នៅ​ល្ងាច​ថ្ងៃ​ដដែល ពួក​គេ​បាន​សម្រេច​ផុត​បំផ្លាញ​ចោល​ដោយ​មិន​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះ​ឡើយ​។ ទាក់ទិន​ករណី​ខាងលើ​លោក សៀ​ក មេគង្គ មេឃុំ​ស្រែ​គរ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ​ដែរ​ថា ប្រជាពលរដ្ឋ​ខាងលើ​មិនមែន​ជា​សហគមន៍​ទទួលស្គាល់​អង្គការ​ណាមួយ​នោះ​ឡើយ ពួក​គេ​គ្រាន់តែ​ជា​ប្រជាពលរដ្ឋ​ធម្មតា​ដែល​តែង​ចូលរួម​សិក្ខា​សិលា​ជា​ញឹកញាប់​ដឹង​ច្បាប់​បន្តិចបន្តួច​យក​សិទ្ធ​ផ្ទាល់ខ្លួន​ទៅ​ប្រើប្រាស់ និង​បង្កើត​ជា​ក្រុម​ដូច​ជា​ក្រ​សោម​សហគមន៍​យ៉ាង​ដូច្នោះ​ដែរ​។

លោក​មេឃុំ​បាន​បន្ត​ថា បន្ទាប់​ពី​ពួក​គេ​ចាប់​ដកហូត​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​ចំនួន​៣​គ្រឿង​នោះ ពួក​គេ​បាន​មក​ប្រាប់​ដល់​លោក​ព្រមទាំង​បាន​ធ្វើ​ឯកសារ​កំណត់ហេតុ​រួម​គ្នា​ផង​ដែរ​។ បន្ទាប់​មក​លោក​បាន​ពន្យល់​អំពី​ច្បាប់​ទៅ​កាន់​ពួក​គាត់​ថា​នឹង​ត្រូវ​ប្រគល់​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថែរក្សា​ទុក យើង​មិន​អាច​ធ្វើ​អ្វី​ខុស​ពី​នេះ​បាន​ទេ តែ​ពួក​គាត់​មិន​ព្រម​ស្តាប់​តាម​ការ​ណែរ​នាំ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​បាន​ស​ម្រ​ច​ទាំង​កម្រោល​ត្រូវ​តែ​កម្ទេច​ចោល​។ លោក​មេឃុំ​បាន​បញ្ជាក់​បន្ថែម​ថា នៅ​តំបន់​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​អារឈើ​នោះ​ជា​តំបន់​លិច​ទឹក​ស្ថិត​នៅ​អាង​ទំនប់​វា​រី​អគ្គិសនី ហើយ​ទីនោះ​ជា​តំបន់​បោះបង់​ចោល និង​មិន​មាន​ឈើ​ធំ​នោះ​ដែរ ហើយ​ពួក​គាត់​ចូល​ទៅ​អារ​នោះ​ជា​ប្រភេទ​ឈើ​លេខ​២ គ្រាន់តែ​អារ​ជា​សសរផ្ទះ​ប៉ុណ្ណោះ​៕