ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេស​ចរ​បរទេស​ឆ្លង​កាត់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​​មាន​ការ​កើនឡើង

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ចំនួន​ភ្ញៀវ​ទេស​ចរ​បរទេស​ឆ្លង​កាត់​ច្រក​ចូល​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ ភ្នំពេញ​ បាន​កើន​ឡើង​ជាង​១០% ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១០​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ។ នេះ​បើ​តាម​ស្ថិតិ​របស់​មន្ត្រី​ប្រចាំ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ​​​ប្រាប់​អោយ​ដឹង​កាល​ពី​​ពេល​ថ្មីៗ​នេះ ។ យោង​តាម​ស្ថិតិ​របស់​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​​​អោយ​ដឹងថា ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​ដើម​ឆ្នាំ​នេះ ភ្ញៀវ​ទេស​ចរ​ដែល​ធ្វើ​ដំណើរ

រាជ​ធានី​ភ្នំពេញ ៖ ចំនួន​ភ្ញៀវ​ទេស​ចរ​បរទេស​ឆ្លង​កាត់​ច្រក​ចូល​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​បាន​កើន​ឡើង​ជាង​១០% ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​ដើម​ឆ្នាំ​២០១០​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​ស្ថិតិ​របស់​មន្ត្រី​ប្រចាំ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​​​ប្រាប់​អោយ​ដឹង​កាល​ពី​​ពេល​ថ្មីៗ​នេះ។យោង​តាម​ស្ថិតិ​របស់​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​​​អោយ​ដឹងថា ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​ដើម​ឆ្នាំ​នេះ ភ្ញៀវ​ទេស​ចរ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាកាស​យាន្ត​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​សរុប​មាន​ចំនួន​៥៨០.៦០០​នាក់ កើន​ឡើង​ជាង​១០% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០០៩ ដែល​ពេល​នោះ​មាន​តែ​៥២១.​៣៨៧​នាក់​ប៉ុណ្ណោះ។

បើ​តាម​ស្ថិតិ​​ដដែល​អោយ​ដឹង​ទៀត​ថា ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១០​នេះ​ ចំនួន​ភ្ញៀវ​ទេស​ចរ​ចូល​តាម​​អាកាស​យាន​ដ្ឋាន​នេះ​មាន​ចំនួន​២៨៤.៩៩១​នាក់ ហើយ​ភ្ញៀវ​ដែល​ចេញ​ពី​កម្ពុជា​វិញ​មាន​ចំនួន​២៩៥.៦០៩​នាក់។ ចំណែក​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ដែល​​ចូល​មក​តាម​អាកាស​យាន​ដ្ឋាន​នេះ​ច្រើន​ជាង​គេ គឺ​​ជន​ជាតិ​ចិន​ និង​បន្ទាប់​មក ជន​ជាតិ​អាមេរិក​។លោក​ពិន​ ពិសិដ្ឋ ប្រធាន​នាយក​ដ្ឋាន​អន្តោ​ប្រ​វេសន៍​បាន​ថ្លែង​ប្រាប់​កោះ​សន្តិ​ភាព​កាល​ពី​​ពេល​ថ្មីៗ​នេះ​ថា មូល​ហេតុ​ដែល​នាំ​អោយ​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ឆ្លង​កាត់​តាម​ច្រក​នេះ​កាន់​តែ​ច្រើន​នោះ​​ដោយ​សារ​​​​មាន​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​ សន្តិ​សុខ​បាន​ល្អ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​មន្ត្រី​ជំនាញ​ដែល​ប្រចាំ​ការ​នៅ​ទីនោះ រួម​ទាំង​មាន​ការ​រាក់​ទាក់ និង​មិន​អោយ​ភ្ញៀវ​មាន​ការ​អន់​ចិត្ត​ដោយ​ប្រការ​ផ្សេងៗ​ឡើយ ដូច​ជា​​ការ​ធ្វើ​អោយ​ភ្ញៀវ​រង់​ចាំ​យូរ​ ឬ​មាន​ការ​យឺត​យ៉ាវ​ជា​ដើម។ ម្យ៉ាង​ទៀត​ដោយ​មាន​ការ​​លើក​លែង​ទិដ្ឋា​ការ​ចំពោះ​ប្រទេស​ដែល​ចូល​ជា​សមា​ជិក​អាស៊ាន​លើក​លែង​តែ​ប្រទេស​ប្រុយណេ ដែល​មិន​ទាន់​បាន​ធ្វើ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ដើម្បី​ជំរុញ​អោយ​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ចូល​មក​ទស្សនា​នៅ​កម្ពុជា​អោយ​កាន់​តែ​​​ច្រើន​​ជាង​​នេះ លោក​បាន​ព្រមាន​ដល់​មន្ត្រី​អន្តោ​ប្រវេសន៍​នៅ​អាកាស​យាន​ដ្ឋាន​ភ្នំពេញ​ រួម​ទាំង​ច្រក​ទ្វារ​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​ មិន​អោយ​មន្ត្រី​ណា​ម្នាក់​បង្ក​ភាព​អសកម្ម​ដល់​ភ្ញៀវ​ឡើយ ហើយ​ប្រសិន​បើ​មាន​មន្ត្រី​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​នោះ លោក​ណែនាំ​អោយ​ភ្ញៀវ​​រាយ​ការណ៍​មក​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ជា​បន្ទាន់ ដើម្បី​លោក​ចាត់​​វិធាន​ការ​​ចំពោះ​មន្ត្រី​នោះ។

អាកាស​យាន្ត​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ គឺ​ជា​អាកាស​យានដ្ឋាន​មួយ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ស្ថិត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។លោក​ថោង​ ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ បាន​ប្រាប់​កោះ​សន្តិ​ភាព​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​ដែរ​ថា ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​អោយ​ចូល​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ “យើង​​ត្រូវ​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អោយ​បាន​ច្រើន​អំពី​តំបន់​ទេស​ចរណ៍​នានា សំរួល​បែប​បទ​ការ​ធ្វើ​ដំណើរ​ និង​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ ពង្រឹង​ផលិត​ផល​ទេស​ចរណ៍​ធ្វើ​អោយ​ថ្មី និង​​ប្លែក​ជា​និច្ច បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​អោយ​បាន​ច្រើន ​និង​​​ផ្តល់​សេវា​ដ៏​ល្អ​ដល់​អ្នក​ទេស​ចរ និង​មាន​ការ​ធានា​សន្តិ​​សុខ​អោយ​បាន​ល្អ ដើម្បី​ចូល​ស្តង់​ដា​អាស៊ាន។លោក​រដ្ឋ​មន្ត្រី​​​មាន​ប្រសាសន៍​ទៀត​ថា សព្វ​ថ្ងៃ​ក្រសួង​​ទេស​ចរណ៍​កំពុង​ជំរុញ​អោយ​មាន​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​តាម​ផ្លូវ​អាកាស​រវាង​កម្ពុជា និង​ប្រទេស​នានា​នៅ​ក្នុង​តំបន់ ដើម្បី​បង្កើន​ចំនួន​ភ្ញៀវ​ទេស​ចរ​កាន់​តែ​ច្រើន​ឡើង​​ថែម​ទៀត។ ​ចំពោះ​ភ្ញៀវ​បរ​ទេស​ដែល​ចូល​មក​តាម​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​មាន​គោល​ដៅ​ទេស​ចរណ៍​​ដូច​ជា​នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​សៀម​រាប និង​ខេត្ត​ព្រះ​សីហនុ​ជាដើម៕