ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពេទ្យ​អើយ ! ស្លា.ប់​ទាំង​ម្តាយ​ទាំង​កូន​ទៀត​ហើយ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ដែល​បាន​ស្លា.ប់​ទាំង​ម្តាយ​និង​កូន​ក្នុង​ផ្ទៃ ដោយសារ​ការ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឃុំ​ពង្រ ស្រុក​រលាប្អៀរ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ដែល​បាន​ស្លាប់​ទាំង​ម្តាយ​និង​កូន​ក្នុង​ផ្ទៃ ដោយសារ​ការ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឃុំ​ពង្រ ស្រុក​រលាប្អៀរ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ បាន​ផ្ញើ​រូបថត​ប៉ុន្មាន​សន្លឹក​មក​សូម​ជួយ​ចុះ​ផ្សាយ​រក​យុត្តិធម៌ ។

បុរស​ឈ្មោះ ក​យ ពេ​ជដា​រ៉ា អាយុ​៣៤​ឆ្នាំ ជា​ប្តី​ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ប្រ​ព​ន្ឋ​គាត់​មានឈ្មោះ ម៉ក់ ច​ន្ទ័​ឌី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​រាំង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ  បាន​រៀបរាប់​ថា ប្រ​ព​ន្ឋ​គាត់​សម្រាលកូន​ស្លាប់​នេះ ជា​កូន​ទី​២​ហើយ កន្លង​ទៅ​ប្រ​ព​ន្ឋ​គាត់​ក៏​ធ្លាប់​សម្រាលកូន​ទី​១​នៅ​មណ្ឌល​សុខភាព​ពង្រ​នេះ​ដែរ តែ​មិន​អី ។ នៅ​ថ្ងៃ​កើតហេតុ គឺ​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ប្រ​ព​ន្ឋ​គាត់​បាន​ឈឺពោះ​សម្រាលកូន រូប​គាត់​រួម​និង​ក្រុម​គ្រួ​សារបាន​ដឹក​ប្រ​ព​ន្ឋ​គាត់​តាម​កាណូត បា​ឡា​ស្មាច់ និង​បន្ត​ដឹក​តាម​ម៉ូតូឌុប មក​ដល់​មណ្ឌល​សុខភាព​ឃុំ​ពង្រ នៅ​វេលា​ម៉ោងជាង​២​យប់ ។ ពេល​មក​ដល់​ហៅ​គ្រួ​ពេទ្យ​ប្រហែល​២០​នាទី​ទើប​បើកទ្វារ​ឲ្យ​ប្រ​ព​ន្ឋ​ខ្ញុំ​ចូល និង​បាន​ឲ្យ​ឡើង​លើ​គ្រែ​សម្រាលកូន ដោយ​ប្រាប់​ថា ដល់​ពេល​ត្រូវ​កើត​ហើយ និង​បាន​ឲ្យ​ប្រពន្ធ​ខ្ញុំ​ប្រឹង​បង្កើត​ដោយ​ខ្លួនឯង តែ​មិន​ទាន់​កើត ហើយដោយ​ឃើញ​ប្រពន្ធ​គាត់​កាន់តែ​អស់កម្លាំង ក្រុម​គ្រួសារ​គាត់​បាន​សុំ​ឲ្យ​លោកគ្រូ​ពេទ្យ​ជួយ​ចាក់​ថ្នាំ​កម្លាំង​ឲ្យ ពេទ្យ​ក៏​ចាក់​ថ្នាំ​ត្រគាក​ម្ខាង​១​ម្ជុល បន្ទាប់​មក​ឃើញ​សភាព​ប្រពន្ធ​ខ្ញុំ​កាន់តែ​មិន​ស្រួល ពេទ្យ​បាន​ចាក់​ថ្នាំ​នៅ​ភ្លៅ​១​ម្ជុល ប្រពន្ធ​ខ្ញុំ​កាន់តែ​មិន​ស្រួល​ខ្លាំង រូប​គាត់ និង​ក្រុម​គ្រួសារ បាន​អង្វរ​ពេទ្យ​ឲ្យ​បញ្ជូន​ប្រពន្ធ​គាត់​មក​មន្ទីរពេទ្យ​ខេត្ត តែ​ទម្រាំ​ឡានពេទ្យ​ទៅ​ដល់ ប្រពន្ធ​គាត់​ជ្រុលពេល​ទៅ​ហើយ ពេល​នោះ​គ្រួ​ពេទ្យ​ទៅ​យក​ខ្យល់​អុក​ស៊ី​សែន ក៏​អត់ ទៅ​រក​ប្រដាប់​សប់​ខ្យល់ ក៏​គ្មាន មាន​តែ​របស់​ក្មេង មក​សប់​មិន​ចូល​ទៀត ។ ពេល​ឡានពេទ្យ​ខេត្ត​មក​ដល់ ដាក់​ខ្យល់​អុក​ស៊ី​សែន និង​ដាក់​សេរ៉ូម​ដែរ តែ​មិន​ចូល លុះ​ពេល​មក​ដល់​ពេទ្យ​ខេត្ត គ្រួ​ពេទ្យ​ដក​សេរ៉ូម និង​ខ្យល់​អុក​ស៊ី​សែន​ចេញ និង​ធ្វើ​ចលនា​ជួយ​សង្គ្រោះ បន្តិច​មក​ក៏​ប្រាប់​ថា មិន​អាច​ជួយ​បាន​ទេ យក​ធ្វើបុណ្យ​ធ្វើ​ទាន​ទៅ ។

ប្តី​ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ចំពោះ​គាត់​ជា​ប្តី​មិន​បញ្ចប់​ត្រឹមហ្នឹង​ទេ សូម​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​គាត់​ផង ។

ដោយឡែក បុរស​ឈ្មោះ ឈឹ​ម គឿ​ន ដែល​ត្រូវជា​ឪពុក​ស្ត្រី​រង​គ្រោះ បាន​និយាយ​ដែរ​ថា ចំណុច ទី​១-​លោក​ចង់បាន​យុត្តិធម៌ ដែរ កុំ​ឲ្យ​រឿង​ហ្នឹង​វា​កើតឡើង​ទៀត ទី​២-​ជីវិត​មនុស្ស​២​នាក់ មិនមែន​ស្លាប់​ទទេ​បែប​នេះ​ទេ នេះ​ជា​កំហុស​គ្រូពេទ្យ ព្រោះ​ពេល​ទៅ​ដល់​ហើយ ម៉េច​មិន​ប្រឹង​រាក់ទាក់ គិតតែ​រឿង​ប្រាក់ មិន​ប្រឹង​ព្យាបាល​សិន ហើយ​បើ​គ្មាន​លទ្ធភាព ម៉េច​មិន​ប្រ​ញ៉ាប់​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត ហើយ​បើ​បញ្ជូន​មិន​ទាន់ ម៉េច​មិន​មាន​ឧបករណ៍​សង្គ្រោះ ដូច​ជា​ខ្យល់​អុក​ស៊ី​សែន​ជាដើម ហេតុនេះ​សូម​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ឲ្យ​ផង ។

ជុំវិញ​ករណី​នេះ លោក ជូ សុ​ភុ​ត ជា​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ពង្រ បាន​ស្រង​សំដី គ្រូពេទ្យ​ប្រចាំការ​ថា ថ្ងៃ​នោះ​អ្នក​ប្រចាំការ​មាន​តែ​២​នាក់​ទេ ។ ពេល​អ្ន​ជម្ងឺ​មក​ដល់​នោះ ការ​ធ្វើ​ដំណើរ​វា​ឆ្ងាយ  មាន​ដាក់​បា​ឡា ដាក់​ម៉ូតូឌុប​ជាដើម ហើយ​ពេល​ដាក់​ម៉ូតូ​វារ​លាក់​ៗ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​បញ្ហា ពោះ​វា​តឹង និង​ពេល​មក​ដល់​មណ្ឌល​សុខភាព​គឺ​នៅ​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ គ្រូពេទ្យ​បាន​ធ្វើការ​វាស់​សំពាធ​ឈាម មើល​មាត់ស្បូន តាម​ជំនាញ​របស់​គ្រួ​ពេទ្យ ពេល​នោះ​ដែរ​ស្ត្រី​ឈឺពោះ​ចេះ​តែ​ស្រែក គាត់​ថា អស់កម្លាំង ទាមទារ​ឲ្យ​បុគ្គលិក​ពេទ្យ​ចាក់​ថ្នាំ​កម្លាំង​ឲ្យ ពេល​នោះ​ពេទ្យ​បាន​ចាក់​ថ្នាំ​២​ម្ជុល​ឲ្យ គឺ​ចាក់​វីតាមីន B12 (​បេ​ឌូ​) និង​វីតាមីន C ចាក់​ចូល​ត្រគាក​សងខាង ។ ក្រោយមក​ទៀត ស្ត្រី​រង​គ្រោះ​មាន​សភាព​មិនធម្មតា បុគ្គលិក​ក៏​បូម​ថ្នាំ​ចាក់​មក​ចាក់​១​ម្ជុល​ទៀត ជា​ថ្នាំ​បើក​ស្បូន តែ​ចាក់​ពាក់កណ្តាល​ទេ ទុក​ពាក់​ក​ណា្ត​ល ។ ពេល​ឃើញ​ស្ត្រី​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ក៏​ហៅ​ឡានពេទ្យ ប៉ុន្តែ​ការ​ជួយ​ដូច​ជា​អត់​ប្រសិទ្ធភាព ព្រោះ​ស្ត្រី​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ហើយ ចំណែកឯ​ការ​ដាក់​សេរ៉ូម​មិនមែន​មិន​ចូល​ទេ គឺ​ចូល ទាស់​តែ​យើង​មិន​បាន​ដាក់​ពី​ដំបូង ។ ចំណែក​ការ​ជួយ​សង្គ្រោះ​ទៀត ចៃដន្យ​យើង​អត់​អុក​ស៊ី​សែន​ន ព្រោះ​អ្នក​ប្រើ​មុន​អស់ យក​មក​ដាក់​មិន​បាន​ពិនិត្យ​មើល នេះ​ជា​ចៃដន្យ​មួយ​សម្រាប់​បទ​ពិសោធន៍​ទៅ​ថ្ងៃក្រោយ ។

ទោះជា​យ៉ាងណា​ក្តី គ្រួសារ​រង​គ្រោះ​នៅ​តែ​ទទូច​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង ព្រោះ​ម​ម្តាយ​និង​កូន ស្លាប់​យ៉ាង​អាណោចអាធ័ម​បែប​នេះ មិន​សម​ស្លាប់​ដោយ​ទទេ​នោះ​ឡើយ ៕