ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​បំប៉ន​សង្ស័យ​ផ្ទុក​សារធាតុ​គីមី​ពុល​លើស​កម្រិត​កំពុង​ចរាចរ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាហារ​បំប៉ន​ដែល​ផ្ទុក​សារធាតុ​គីមី​ពុល (Heavy Metal) លើស​កម្រិត​អនុញ្ញាត​មួយ​ចំនួន ត្រូវ​បាន​គេ​រក​ឃើញ​កំពុង​ចរាចរ​លក់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​ចំណោម​អាហារ​បំប៉ន​ទាំងនោះ ឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ អាហារ​បំប៉ន​ដែល​ផ្ទុក​សារធាតុ​គីមី​ពុល (Heavy Metal) លើស​កម្រិត​អនុញ្ញាត​មួយ​ចំនួន ត្រូវ​បាន​គេ​រក​ឃើញ​កំពុង​ចរាចរ​លក់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​ចំណោម​អាហារ​បំប៉ន​ទាំងនោះ ឈ្មោះ​ថា «Angung Uhwang Hwan» , «Uhwang Cheongsim Hwan» និង​«Yang Chun Samrok» ជា​ផលិតផល​របស់​ប្រទេស​កូរ៉េ​ខាងជើង ដែល​បាន​និង​កំពុង​ដាក់​លក់​នៅ​តាម​ភោជនីយដ្ឋាន​របស់​កូរ៉េ​ខាងជើង​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៥​កន្លែង និង​២​កន្លែង​ទៀត​នៅ​ខេត្តសៀមរាប ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ ។ នេះ​បើ​តាម​ប្រភព​ដែល​ជិត​ស្និ​ទបាន​បង្ហើប​ប្រាប់ ។

តាម​សម្ដី​អ្នកលក់​អាហារ​បំប៉ន​នេះ​នៅ​ក្នុង​ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​មួយ​កន្លែង បាន​និយាយ​ថា ៖ « Angung Uhwang Hwan ជា​ផលិតផល​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​អាការ​ឈឺក្បាល ក្ដៅខ្លួន គ្រុន ហើយ​កូន​ក្មេង​ក៏​អាច​ញ៉ាំ​បាន​ដែរ » ។

អ្វី​ដែល​ជា​ក្ដី​បារម្ភ​នោះ​គឺថា ប្រសិនបើជា​អាហារ​បំប៉ន​សុខភាព​ដែល​គោរព​តាម​បទដ្ឋាន​ត្រឹមត្រូវ ហេតុ​អ្វី​បានជា​បណ្ដា​ប្រទេស​មួយ​ចំនួន​មិន​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ប្រទេស​គេ ?

ពុំ​ទាន់​មាន​សេចក្ដីរាយការណ៍​ណាមួយ​នៅឡើយ​ពី​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ខណៈ​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួងសុខាភិបាល​ដែរ តែ​ត្រូវ​បាន​តម្រូវ​ឲ្យ​សរសេរ​លិខិត​រដ្ឋបាល​ដើម្បី​ស្នើ​សុំ ។

ទោះបី​យ៉ាងណា បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ មិថុនា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​សុខភាព​កូរ៉េ​ខាងត្បូង​បាន​ប្រមូល​អាហារ​បំប៉ន​សុខភាព​ដែល​ជា​ផលិតផល​របស់​កូរ៉េ​ខាងជើង​ចំនួន​១៣​ប្រភេទ​ខុស​ៗ​គ្នា​ដែល​បាន​ចរាចរ​លើ​ទីផ្សារ ក្រៅប្រទេស ដោយ​បាន​រក​ឃើញ​សំណាក​ផលិតផល​១០​ប្រភេទ​នៃ​អាហារ​បំប៉ន​សុខភាព​ទាំងនោះ​មាន​ផ្ទុក​សារធាតុ​គីមី​ពុល​(Heavy Matel) លើស​កម្រិត​អនុញ្ញាត ដូច​ជា​សារធាតុ​បារត និង​សំណ ។ កម្រិត​លើស​ដែល​បាន​រក​ឃើញ​នេះ គឺ​លើស​ដល់​ទៅ​២០​ម៉ឺន​ដង ខ្ពស់​ជាង​កម្រិត​ដែល​អនុញ្ញាត​សម្រាប់​ម្ហូបអាហារ ដែល​អាច​នាំ​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព​ធ្ងន់ធ្ងរ ហើយ​នេះ​វា​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​គេ​បាន​រក​ឃើញ​ថា មាន​គ្រឿងផ្សំ​គ្រោះថ្នាក់​ជា​ច្រើន​នៅ​ក្នុង​ផលិតផល​អាហារ​បំប៉ន​សុខភាព​របស់​កូរ៉េ​ខាងជើង​ទាំងនោះ ។ កាលពី​ឆ្នាំ​២០១៤ អាជ្ញាធរ​វៀតណាម​ក៏​បាន​ប្រមូល​មក​វិញ​នូវ​ផលិតផល​អាហារ​បំប៉ន​សុខភាព ដែល​មានឈ្មោះ​ថា « Angung Uhwang Hwan » ផង​ដែរ ហើយ​បញ្ឈប់​លែង​ឲ្យ​មាន​ដាក់​លក់​លើ​ទីផ្សារ ដោយ​លើក​ឡើង​ពី​ហេតុផល​ហានិភ័យ​សម្រាប់​សុខភាព ។

ទីភ្នាក់ងារ​ដដែល​បាន​បន្ដ​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​អះអាង​ថា ផលិតផល​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​បញ្ហា​ក្រពះ និង​បញ្ហា​សម្ពាធ​ឈាម ។ កូរ៉េ​ខាងជើង​បាន​នាំ​ចេញ​អាហារ​បំប៉ន​សុខភាព​ភាគច្រើន​ទៅ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ដែល​ពួក​គេ​ធានា​ថា ផលិតផល​ទាំងនេះ​ផ្តល់​នូវ​ប្រាក់​ចំណេញ​ខ្ពស់ ហើយ​ការ​លក់​អាហារ​បំប៉ន​នេះ គឺជា​វិធី​មួយ​ដែល​កូរ៉េ​ខាងជើង​អាច​រក​ប្រាក់​ដុល្លារ​បាន​រួម​ជាមួយ​ការ​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស ។

អ្នក​ឃ្លាំមើល​កូរ៉េ​ខាងជើង​ម្នាក់​បាន​និយាយ​ថា ទីក្រុង​ព្យុ​ង​យ៉ាង​បាន​បញ្ជា​ពលករ​នៅ​ក្រៅប្រទេស​លក់​អាហារ​បំប៉ន​ទាំងនេះ ដែល​ភាគច្រើន​ត្រូវ​បាន​ដាក់​លក់​តាម​ភោជនីយ​ដ្ឋាន​​កូរ៉េ​ខាងជើង​នៅ​ក្រៅប្រទេស ហើយ​អាជ្ញាធរ​របស់​កូរ៉េ​ខាងជើង ត្រូវ​បាន​គេ​ជឿ​ថា បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផលិត​អាហារ​បំប៉ន​ទាំងនេះ ក្នុង​គោលបំណង​ដើម្បី​ធានា​បញ្ហា​រូបិយប័ណ្ណ​។ កាលពី​ខែមេសា ឆ្នាំ​២០១១ អតីត​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អុ​ី​ល បាន​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ថ្នាំ Kanggye Koryo ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​អាហារ​បំប៉ន ។ នេះ​បើ​តាម​ប្រភព​បាន​បញ្ជាក់ ។

ដោយឡែក កាលពី​ពេល​ថ្មី​ៗ ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​ចំនួន​៣០​ត្រូវ​បាន​បិទ​នៅ​បរទេស ។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap ដដែល ចេញផ្សាយ​ថ្ងៃ​ទី​១២ កក្កដា បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​ជាង​៣០ នៅ​ក្រៅប្រទេស​ត្រូវ​បាន​បិទ ។ តាម​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ប៉ាន់​ប្រមាណ​ថា កូរ៉េ​ខាងជើង​កំពុង​ដំណើរការ​ភោជនីយដ្ឋាន​ប្រមាណ​១៣០​នៅ​ប្រទេស​ចំនួន​១២ រួម​មាន ចិន វៀតណាម និង​កម្ពុជា ហើយ​អាច​រក​ប្រាក់​ចំណូល​បាន​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ប្រចាំឆ្នាំ ។

ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​នៅ​ឯ​បរទេស ត្រូវ​បាន​គេ​ចាប់អារម្មណ៍​តាំងពី​ខែមេសា​មក នៅ​គ្រា​ដែល​ពលករ​ជនជាតិ​កូរ៉េ​ខាងជើង​ចំនួន​១៣​នាក់​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ព្យុ​ង​យ៉ាង​ក្នុង​ប្រទេស​ចិន រត់​ទៅ​កូរ៉េ​ខាងត្បូង ។ ពលករ​ចំនួន​៥​ម៉ឺន​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើការ​នៅ​ក្នុង​ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​នៅ​ក្រៅប្រទេស ដើម្បី​រក​ប្រាក់​ដុល្លារ​ឲ្យ​បាន​ច្រើន​ក្នុង​ការ​ជួយ​បញ្ចៀស​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ដោយ​អង្គការសហប្រជាជាតិ កន្លង​មក ។

ប្រទេស​កូរ៉េ​ខាងជើង​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​ជា​ដុល្លារ ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​លើ​ក្រុង​ព្យុ​ង​យ៉ាង ក្នុង​ន័យ​ទប់ស្កាត់​ប្រភព​នៃ​រូបិយប័ណ្ណ​រឹង​ដែល​គេ​សង្ស័យ​ថា ប្រាក់​ចំណូល​នេះ​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល របស់​កូរ៉េ​ខាងជើង ។

ផល​ប៉ះពាល់​នៃ​បារត និង​សំណ
យោង​តាម​ឯកសារ​អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​របស់​ប្រទេស​អៀរ​ឡង់ បានឱ្យ​ដឹង​ថា ជាតិពុល​នៃ​បារត និង​សំណ​មាន​ពីរ​ចំណុច ៖

១-​យើង​មិនដឹង​ច្បាស់​ពីមុខ​ងារ​របស់​វា​ក្នុង​ការ​រំលាយ​អាហារ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​វា​បាន​ជ្រាប​ចូល​ក្នុង​រាង​កាយ​នោះ វា​ធ្វើ​ឱ្យ​រំខាន​ដល់​ដំណើរការ​កោសិកា ដែល​នាំ​ឱ្យ​ជាតិពុល​ទាំងនោះ​ជ្រាប​ចូល​សរីរាង្គ​ជា​ច្រើន​របស់​យើង ។

២-​ការ​ប្រមូលផ្ដុំ​នៃ​សារធាតុ (Bioaccumulation) ជាវ​ដ្ត​នៃ​ភាព​កកកុញ​ជាតិ​បារត និង​សំណ​នៅ​ក្នុង​ជាលិកា​របស់​យើង ។

អ្វី​ៗ​ទាំងនេះ​កើតឡើង​នៅ​ពេល​ដែល​សារធាតុ​ទាំងនោះ​ចូល​ក្នុង​រាង​កាយ វា​នឹង​ផ្តុំ​គ្នា​ជា​ពិសេស​នៅ​ក្នុង​សរីរាង្គ ។ ឧទាហរណ៍ វា​អាច​ផ្តុំ​គ្នា​នៅ​ក្នុង​ថ្លើម ឬ​តម្រងនោម ហើយ​សារពាង្គកាយ​យើង​បញ្ចេញ​សារធាតុ​នេះ​វិញ បាន​តិចតួច និង​យឺត​ប៉ុណ្ណោះ មិន​ដូច​ពេល​ស្រូប​ចូល​នោះ​ទេ ដូច្នេះ​ហើយ​យើង​ចាំបាច់​គួរតែ​គ្រប់គ្រង​កម្រិត​សារធាតុពុល​ទាំងនេះ​នៅ​ក្នុង​ម្ហូបអាហារ ដើម្បី​រក្សា​សុខភាព​របស់​យើង​ឱ្យ​បាន​ល្អ ។ 

ជាតិ​បារត​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ដូច​ជា ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្តាល និង​តម្រងនោម​។ ទម្រង់​ផ្សេង​ៗ​គ្នា​នៃ​បារត (​ឧទាហរណ៍ លោហ​ធាតុ​​បារត អំបិល​បារត ដូច​ជា​បារត​ក្លរួ និង​ទម្រង់​បារត​សរីរាង្គ ដូច​ជា មេ​ទីល​បារត​) បង្កើត​ជា​ទម្រង់​សារធាតុពុល​ផ្សេង​ៗ ។ 

ដោយឡែក ផល​ប៉ះពាល់​នៃ​សារធាតុ​សំណ ក៏​ដូចនឹង​បារត​ដែរ ។ កម្រិត​ខ្ពស់​នៃ​ជាតិ​សំណ​ក្នុង​សារពាង្គកាយ អាច​ផ្តល់​ផល​ប៉ះពាល់​ក្នុង​រយៈពេល​ខ្លី​ដូច​ជា ការ​ចុះ​ខ្សោយ​នៃ​ដំណើរការ​ខួរក្បាល បណ្តាល​ឱ្យ​ខ្វិន (​ពិការ​) កង្វះ​ឈាមក្រហម និង​ចេញ​រោគ​សញ្ញា​នៃ​ជំងឺ​ក្រពះ និង​ពោះវៀន​ជាដើម ។ រីឯ​ផល​ប៉ះពាល់​រយៈពេល​វែង​វិញ គឺ​បណ្តាល​ឱ្យ​ខូច​តម្រងនោម ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ និង​ភាពស៊ាំ​ផ្សេង​ៗ ហើយ​ម្យ៉ាងទៀត វា​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ៕