ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល! ​​ចាប់​ឈើ​តុ​បាយ ក្តារងឿ​3​សន្លឹក ​ទារ​​3​ពាន់​ដុល្លារ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ប្រធាន​ស្នាក់​ការ​សន្តិសុខ​ផ្លូវជាតិ​លេខ​៩ ស្ថិត​ក្នុងភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​រង​ការ​ចោទ​ប្រកាន់​​ពី​ប្រជាពលរដ្ឋ​៣​នាក់​ថា បាន​ជំរិត​ទារប្រាក់​ចំនួន​៣​ពាន់​ដុល្លារ ខណៈ​ពួក​គាត់​ដឹក​ក្តារងឿ​ប្រភេទ​ឈើ​គគីរ​ចំនួន​៣​សន្លឹក និង​ថូផ្កា​១​គូ ប្រភេទ​ឈើ​ត្រ​សេក កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែកក្កដា ។

ខេត្តព្រះវិហារ ៖ ប្រធាន​ស្នាក់​ការ​សន្តិសុខ​ផ្លូវជាតិ​លេខ​៩ ស្ថិត​ក្នុងភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​រង​ការ​ចោទ​ប្រកាន់​​ពី​ប្រជាពលរដ្ឋ​៣​នាក់​ថា បាន​ជំរិត​ទារប្រាក់​ចំនួន​៣​ពាន់​ដុល្លារ ខណៈ​ពួក​គាត់​ដឹក​ក្តារងឿ​ប្រភេទ​ឈើ​គគីរ​ចំនួន​៣​សន្លឹក និង​ថូផ្កា​១​គូ ប្រភេទ​ឈើ​ត្រ​សេក កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែកក្កដា ។

ស្រី្ត​ចំណាស់​ម្នាក់​ឈ្មោះ គឹ​ម អេ​ង អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ញូ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ តំណាង​ឲ្យ​អ្នក​រួម​ដំណើរ​៣​នាក់​ទៀត​ជា​ម្ចាស់​ឈើ និង​ជា​ម្ចាស់​រថយន្ត បាន​ស្រែកយំ​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​មុខ​ស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ ដោយ​ចោទប្រកាន់​ចំ​ៗ​ចំពោះ​ប្រធាន​ស្នាក់​ការ​សន្តិសុខ​ផ្លូវជាតិ​លេខ​៩ លោក សុខ ធី ថា​បាន​ជំរិត​ទារ​លុយ​ពី​ពួក​គាត់​ចំនួន​៣​ពាន់​ដុល្លារ​។

ការ​ជំរិត​ទារ​លុយ​នេះ គឺ​ខណៈ​ពួក​គាត់​ដឹក​ក្តារងឿ តុ​បាយ ប្រភេទ​ឈើ​គគីរ​៣​សន្លឹក និង​ថូផ្កា​១​គូ ប្រភេទ​ឈើ​ត្រ​សេក តាម​រថយន្ត​ហ៊ី​​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ចំណុះ​៨​តោន ពាក់​ស្លាក​លេខ បាត់ដំបង 3A-1895 កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែកក្កដា ។ ដោយសារ​ពួក​គាត់​ជា​ពលរដ្ឋ​សាមញ្ញ​ភ័យ​ខ្លាច ក៏​បាន​សុំ​អង្វរករ​មន្ត្រី​នគរបាល​រូប​នោះ​សម្រួល​ត្រឹម​១.៥០០​ដុល្លារ តែ​មន្ត្រី​នគរ​បាល​នោះ​បាន​ឆ្លើយ​តប​ថា មិន​ព្រម​ទេ ទាល់តែ​២.៥០០​ដុល្លារ ហើយ​រហូត​ធ្លាក់​តម្លៃ​ដល់​១.៥០០​ដុល្លារ ទើប​មន្ត្រី​នគរបាល​រូប​នោះ​ដោះ​លែង​រថយន្ត​ឲ្យ​វិញ ។

ស្រី្ត​ចំណាស់​ដដែល​និយាយ​ថា ភ្លាម​ៗ​នោះ​ពួក​គាត់​បាន​ទូរស័ព្ទ​ទៅ​បងប្អូន​នៅ​ឯ​ស្រុក ដើម្បី​រក​ខ្ចី​លុយ​គេ​វេរ​មក​ឲ្យ​មន្ត្រី​នគរបាល​រូប​នេះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មន្ត្រី​នគរបាល​រូប​នេះ​ថែម​ទាំង​បាន​គំរាម​ពួក​គាត់​ថា បើ​មិន​វេរ​លុយ​ឲ្យ​មុន​ម៉ោង​៧​ព្រឹក​ទេ សមត្ថកិច្ច​នឹង​ចាប់​វ៉ៃ​ខ្នោះ​បញ្ជូន​ពួក​គាត់​ទៅ​ខេត្ត​បន្ត​ទៀត​។

ស្រី​ចំណាស់​ដដែល​បញ្ជាក់​ថា ក្រោយ​ពេល​បែកធ្លាយ​រឿង​ជំរិត​ទារប្រាក់​ពួក​គាត់​ដល់​អ្នក​សារព័ត៌មាន​ភ្លាម មន្ត្រី​នគរបាល​រូប​នេះ​ក៏​បាន​រាយការណ៍​ទៅ​ខាង​រដ្ឋ​ល​ព្រៃឈើ​ឲ្យ​យក​ឈើ​ទាំងនោះ និង​ម្ចាស់​រថយន្ត​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។
ស្ត្រី​ចំណាស់​រូប​នេះ​បន្ថែម​ថា ពួក​គាត់​ធ្វើ​ដំណើរ​ពី​ខេត្តបន្ទាយមានជ័យ​មកនេះ គឺ​ក្នុង​គោលបំណង​ឆ្ពោះ​មក​កាន់​រោងចក្រ​ស្ករស ខេត្តព្រះវិហារ ដើម្បី​ទិញ​អំពៅ​ទៅ​លក់​នៅ​ស្រុក​កំណើត ។

លុះ​នៅ​ពេល​ទៅ​ដល់​ភូមិ​ពោធិ៍ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ឃើញ​តុ​បាយ គេ​ដាក់​នៅ​មុខ​ផ្ទះ​ក៏​សួរនាំ និង​សុំ​ទិញ​តុ​បាយ​ពី​ប្រជាជន​នៅ​ទីនោះ​ដែល​គេ​ប្រើប្រាស់​រួច​ហើយ ដើម្បី​ដឹក​យក​ទៅ​ប្រើប្រាស់​នៅ​ឯ​ស្រុក​កំណើត មិនមែន​ជា​ការ​ជួញដូរ​ឈើ​នោះ​ទេ គឺ​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​គ្រួសារ​សុទ្ធសាធ ។ ពាក់ព័ន្ធ​ក​នឹ​ងារ​ចោទប្រកាន់​នេះ លោក សុខ ធី បាន​បំភ្លឺ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​មិន​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារប្រាក់​នោះ​ទេ តែបើ​អ្នក​សារព័ត៌មាន​ផ្សាយ​ខុស​មាន​ភាព​មិន​ប្រក្រតី លោក​នឹង​ប្តឹង​បក​វិញ ។

ជុំវិញ​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ត្រី ស៊ី គិរី ស្នងការ​ន​នគរបាល​ខេត្ត ថ្លែង​ថា ជុំវិញ​ការ​ចោទប្រកាន់​មន្ត្រី​នគរបាល​របស់​លោក គឺ​លោក​សុំ​បដិសេធ​ការ​ចោទប្រកាន់​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​នោះ ព្រោះ​អី​ខណៈ​ពេល​មន្ត្រី​របស់​លោក​ឃាត់​បាន​ភ្លាម ក៏​បាន​រាយការណ៍​មក​លោក​ភ្លាម ។ លោក​ឧត្តមសេនីយ៍ បាន​បន្ត​ទៀត​ថា បើសិនជា​រក​ឃើញ​ថា​មន្ត្រី​របស់​លោក​មាន​កំហុស​ក្នុង​ការ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​មែន​នោះ លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា ពលរដ្ឋ​៣​នាក់​ខាងលើ​មាន ១-​ឈ្មោះ គឹ​ម អេ​ង ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ញូ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ ស៊ឹ​ម ឆាយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​បួន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ និង​៣-​ឈ្មោះ បុ​ង វ​ណ្ណី ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រប់ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ទាំង​៣​នាក់​ជា​សាច់ញាតិ​នឹង​គ្នា ។

ចំពោះ​បញ្ហា​នេះ ពួក​គាត់​បាន​សំណូមពរ​ទៅ​សម្តេច​តេ​ជោ​ជាទី​គោរព សូម​មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់​ផង ខណៈ​ដែល​មន្ត្រី​នគរបាល​ខាងលើ​បាន​គំរាម​ពួក​គាត់​យក​លុយ​៣​ពាន់​ដុល្លារ ហាក់បីដូចជា​ពួក​គាត់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​អុ​ី​ចឹ​ង គ្រាន់តែ​ដឹក​តុ​បាយ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ ។

ពួក​គាត់​ក៏​សំណូមពរ​ដល់​មន្ត្រី​ជំនាញ ប្រគល់​ឈើ​តុ​បាយ និង​រថយន្ត​របស់​ពួក​គាត់​ដែល​កំពុង​រក្សា​ទុក​នៅ​ស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ​មក​ឲ្យ​ពួក​គាត់​វិញ​ផង ដើម្បី​ពួក​គាត់​បាន​បន្តដំណើរ​ទៅ​រកស៊ី​ទៀត បើ​មិន​ដូច្នោះ​ទេ ពួក​គាត់​នឹង​ជួប​បញ្ហា​សេដ្ឋ​កិច្ច​គ្រួសារ​ជាក់​ជា​មិន​ខាន​ឡើយ ៕