រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត នានា បានកើតក្តីមន្ទិល និងព្រួយបារម្ភពីគ្រោះថ្នាក់សុខភាពយ៉ាងខ្លាំង ខណៈបរិយាកាសក្នុងប្រទេសប៉ុន្មានថ្ងៃនេះ មានការប្រែប្រួលពីក្តៅមកត្រជាក់ ព្រមទាំងសង្ស័យថា ទទួលរងឥទ្ធិពលពីការផ្ទុះរេអាក់ទ័រនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរបង្កឱ្យសាយភាយវិទ្យុសកម្មបំផ្លាញជីវិតមនុស្ស ប៉ុន្តែមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បានច្រានចោលចំពោះការទទួលរងនូវឥទ្ធិពលវិទ្យុសកម្មនេះ ដោយលើកឡើងថា បើនិយាយពីរបបខ្យល់សម្រាប់ប្រទេសកម្ពុជាវិញ គឺមិនអាចទទួលវិទ្យុសកម្មនេះទេ ហើយការប្រែប្រួលអាកាសធាតុមកជាត្រជាក់ និងធ្លាក់ភ្លៀងប៉ុន្មានថ្ងៃនេះ គឺបណ្តាលមកពីជ្រលងសម្ពាធខ្ពស់រំកិលមកប៉ះជ្រលងសម្ពាធទាបតែប៉ុណ្ណោះ ។
លោកចាន់ យុត្ថា នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី១៨ មីនា ២០១១ ថា ស្ថានភាពធាតុអាកាសពីថ្ងៃទី១៣ ដល់ទី១៧ មីនា ២០១១ ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលនូវចន្លោះឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ប្រទេសចិន និងកម្រិតសម្ពាធទាបពីភាគខាងក្រោមសមុទ្រចិនខាងត្បូង បង្កឱ្យផ្ទៃមេឃស្រទំនាពេលព្រឹក និងមានភ្លៀងផ្គរកក់ខែច្រើនថ្ងៃនៅតាមបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ ក្នុងនោះសីតុណ្ហភាពអប្បបរមាមានការធ្លាក់ចុះជាងធម្មតាបន្តិច ។ ចាប់ពីថ្ងៃទី២០ មីនា តទៅ សីតុណ្ហភាពនឹងកើនឡើងវិញ តែភ្លៀងកក់ខែនឹងនៅតែបន្តមានជាហូរហែតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តនៅភាគទំនាបកណ្តាល និងវាលទំនាបភាគពាយ័ព្យ រួមនឹងតំបន់មាត់សមុទ្រ ទៀតផង ។ កំណត់សម្គាល់ ស្ថានភាពធាតុអាកាសខាងលើពុំមានពាក់ព័ន្ធ ឬកើតឡើងដោយសារព្រឹត្តិការណ៍នៃការផ្ទុះរោងចក្របរមាណូនៅជប៉ុននោះទេ ។ ស្ថានភាពធាតុអាកាសកន្លងមកនេះវាជាការប្រែប្រួលតាមធម្មជាតិ ដោយគ្រាន់តែថា វាកើតឡើងគាប់ជួនទៅនឹងព្រឹត្តិការណ៍នៅប្រទេសជប៉ុនតែប៉ុណ្ណោះ ។
លោកចាន់ យុត្ថា បានពន្យល់ថា ប្រជាពលរដ្ឋមានការព្រួយបារម្ភពីសារធាតុវិទ្យុសកម្មសាយភាយតាមខ្យល់បក់មកពីប្រទេសជប៉ុនចូលកម្ពុជា…ត្រង់នេះយើងសូមបញ្ជាក់ថា ចាប់ពីខែមីនានេះទៅ ប្រទេសកម្ពុជាមិនទទួលរបបខ្យល់មូសុងភាគឦសានឡើយ ដែលរបបខ្យល់មូសុងភាគឦសាននោះ គឺធ្វើដំណើរចេញពីតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ចូលមកតំបន់ទីបេប្រទេសចិន និងបន្តចូលកម្ពុជា និងប្រទេសជិតខាង…ដូច្នេះប្រសិនបើអ៊ីចឹងមែន គឺប្រទេសកម្ពុជាអាចទទួលរងនូវឥទ្ធិពលវិទ្យុសកម្មនុយក្លេអ៊ែរពីប្រទេសជប៉ុនខ្លះៗហើយ ប៉ុន្តែរបបខ្យល់បែបនេះ វាកើតមានមកក្នុងប្រទេសកម្ពុជា តែអំឡុងខែវិច្ឆិកា-ធ្នូ និងមករា ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ សម្រាប់ខែមីនានេះ ប្រទេសកម្ពុជាកំពុងទទួលរបបខ្យល់ពីតំបន់ត្រូពិក មិនពាក់ព័ន្ធប្រទេសជប៉ុនទេ ហើយរបបខ្យល់ពីតំបន់ត្រូពិកនេះ បានបក់មកកាន់ប្រទេសកម្ពុជា ដោយមិនបាននាំយកមកជាមួយនូវសារធាតុវិទ្យុសកម្មពីការសាយភាយរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ានោះឡើយ។
គួររំលឹកថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត៨,៩រីស្ទ័រ បានកើតឡើងនៅទីក្រុងសេនដៃ ភាគឦសាន ប្រទេសជប៉ុន កាលពីថ្ងៃទី១១ មីនា ២០១១ ចម្ងាយជាង២៥០គីឡូម៉ែត្រ ពីទីក្រុងតូក្យូ បង្កឱ្យមានរលកយក្សស៊ូណាមី កម្ពស់ជាង១០ម៉ែត្រ វាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ អគារទីក្រុង និងឆេះមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា កំពុងសាយភាយវិទ្យុសកម្មធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ។ មនុស្សរាប់ពាន់នាក់បានស្លាប់ និងជាង១ម៉ឺននាក់បានបាត់ខ្លួន ហើយចំនួន១៤០.០០០នាក់ ដែលរស់នៅក្នុងតំបន់ក្បែរគ្រោះមហន្តរាយត្រូវអាជ្ញាធរតម្រូវឱ្យរស់នៅតែក្នុងផ្ទះ ដើម្បីការពារវិទ្យុសកម្មបំផ្លាញជីវិត…ចំណែកទីក្រុងតូក្យូដែលមានពលរដ្ឋប្រមាណ៣០លាននាក់ ក៏ត្រូវអាជ្ញាធរតម្រូវឱ្យប្រុងប្រយ័ត្នផងដែរ ៕
ចែករំលែកព័តមាននេះ