ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​សំណល់​កន្ទុយបារី​ជាង​៣០​តោន ពុំ​ទាន់​មាន​វិធានការ​បំផ្លាញ​នៅឡើយ

7 ឆ្នាំ មុន

ឧត្តរមានជ័យ ៖ ជីធម្មជាតិ​ថ្នាំជក់​ប្រមាណ​ជាង ៣០​តោន ក្រោយ​ពី​មន្ទីរ​កសិកម្ម ខេត្តឧត្តរមានជ័យ ប្រមូល​រឹបអូស​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​

ឧត្តរមានជ័យ ៖ ជីធម្មជាតិ​ថ្នាំជក់​ប្រមាណ​ជាង ៣០​តោន ក្រោយ​ពី​មន្ទីរ​កសិកម្ម ខេត្តឧត្តរមានជ័យ ប្រមូល​រឹបអូស​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​ស្ថានីយ​ពិសោធន៍​កសិកម្ម បន្ទាប់​ពី​រក​ឃើញ​ថា ជី​ទាំងនោះ​ជា​ប្រភេទ​កាក​សំណល់​កន្ទុយបារី មិនមែន​ជា​ជីធម្មជាតិ ដែល​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​។ ចំពោះ​កាក​សំណល់​ថ្នាំជក់​បាន​ក្លាយទៅជា​កំណប់​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​ដដែល ដោយ​មិន​ធ្វើការ​កម្ទេច ទោះបីជា​រក​ឃើញ​ថា ជា​កាក​សំណល់​កន្ទុយបារី និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

ការ​រឹបអូស​ជី​ក្លែងក្លាយ សុទ្ធតែ​ជា​កាក​សំណល់​កន្ទុយបារី ដែល​ការ​ច្រក​ក្នុង​បេ ពុំ​មាន​ស្លាក​យីហោ និងរ​រៀប​ប្រើប្រាស់ ត្រូវ​បាន​គេ​នាំ​មក​ពី​វៀតណាម ឆ្លងកាត់​ខេត្តកំពង់ចាម ដោយ​ក្រុមហ៊ុន ប៉ែន លឹ​ម ត្រេ​ឌី​ង ហើយ​ដឹក​យក​ទៅ​លាក់​នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុងស្រុក​អន្លង់​វែង​។ មន្ទីរ​កសិកម្ម​ខេត្ត សហការ​ជាមួយ​ព្រះរាជអាជ្ញា​ខេត្តឧត្តរមានជ័យ ចុះ​ធ្វើការ​រឹបអូស​បាន​ប្រមាណ​ចំនួន ២០​តោន កាលពីដើម​ខែមេសា ឆ្នាំ​២០១៥ កន្លង​ទៅ​។ ហើយ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​ស្ថានីយ​ពិសោធន៍​កសិកម្ម​កូន​ក្រៀល ស្ថិត​នៅ​កណ្តាល​ព្រៃ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៣​គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ PR១៧១ ក្នុងភូមិ​សំរោង​សែន​ជ័យ​១ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ហើយ​ក៏​បាន​ដឹក​ចំនួន ១០​តោន​ទៀត ពី​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប មក​ដាក់​ក្នុង​ឃ្លាំង​ខាងលើ​។

លោក ប៉ែន ស័ក្តិ​ពិសិដ្ឋ ប្រធាន​ការិយាល័យ​និ​តី​កម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា តុលាការខេត្ត​ឧត្តរមានជ័យ បាន​ចេញ​ដីកា​ហៅ​ខាង​ក្រុមហ៊ុន ប៉ែន លឹ​ម ដើម្បី​មក​បំភ្លឺ ហើយ​ក្រុមការងារ​ក៏​បាន​ចុះ​ទៅ​ដល់​ស្នាក់​ការ​ក្រុមហ៊ុន​នៅ​ឯ​ភ្នំពេញ តែ​ស្នាក់​ការ​ក្រុមហ៊ុន​បាន​បិទទ្វារ និង​រុះរើ​ស្លាក​សញ្ញា​ក្រុមហ៊ុន​អស់ មិនដឹង​ផ្លាស់​ប្តូរ​ទៅ​កន្លែង​ណា​នោះ​ទេ​។ លោក​បាន​បន្ត​ថា ម្ចាស់​ក្រុមហ៊ុន​ជី មិន​ទាន់​ចូលខ្លួន​មក​ដោះស្រាយ​នៅឡើយ​ទេ ហើយ​ខាង​តុលាការ​ក៏​មិន​ទាន់​ចេញ​ឯកសារ​កម្ទេច​ចោល​នោះ​ដែរ​។ ដោយ​សំអាង​ថា ក្រសួងកសិកម្ម ក៏​មិន​ទាន់​មាន​ចេញ​លិខិត​ហាមឃាត់ ឬ​យ៉ាងណា​នោះ​ទេ ទើប​តុលាការ​មិន​ទាន់​ឱ្យ​មន្ទីរ​កសិកម្ម​កម្ទេច​ដុត​ចោល ឬ​កប់​ចោល​នោះ​ឡើយ​។

តាម​ឱ្យ​ដឹង​ពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ម្នាក់​បាន​និយាយ​ថា មន្ទីរ​កសិកម្ម ក៏​ចាញ់បោក​ក្រុមហ៊ុន ប៉ែន លឹ​ម រឿង​បញ្ហា​ថ្លៃ​ឈ្នួល​រថយន្ត​ដឹក​មក​ដាក់​ឃ្លាំង ថ្លៃ​ឈ្នួល​កម្មករ​ជញ្ជូន ថ្លៃ​ឈ្នួល​កម្មករ​យាមឃ្លាំង និង​ថ្លៃ​ឈ្នួល​ជួល​ឃ្លាំង​ដាក់​កាក​សំណល់​កន្ទុយបារី ដោយ​ត្រឹមតែ​មាន​កិច្ចសន្យា​ថ្លៃ​ឈ្នួល​រវាង​អតីត​ប្រធាន​មន្ទីរ​កសិកម្ម លោក យឿ​ន ប៊ុ​ន​ថា នឹង​តៃកុង​រថយន្ត ដែល​ចាត់ទុកជា​តំណាង​ក្រុមហ៊ុន ហើយ​រហូត​មក​ដល់​ពេល​នេះ​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ ក៏​នៅ​តែ​មិនឃើញ​ក្រុមហ៊ុន ប៉ែន លឹ​ម ចូលខ្លួន​ដោះស្រាយ​។ មន្ត្រី​រូប​នោះ​បាន​បន្ថែម​ថា ឃ្លាំង​មន្ទីរពិសោធន៍​កសិកម្ម ធ្វើ​អស់​លុយរាប់​លាន បែរជា​ដាក់​កាក​សំណល់​កន្ទុយបារី ដែល​គ្មាន​ប្រយោជន៍​ទៅ​វិញ​។

ប្រជាពលរដ្ឋ ដែល​ធ្លាប់​ប្រើ​ជី​ខាងលើ​ដាក់​ដំណាំ បាន​និយាយ​ថា នៅ​ពេល​ដែល​កាន់​ជី​កន្ទុយបារី​ខាងលើ ដើរ​ដាក់​ដំណាំ មានការ​ប្រតិកម្ម​ដូច​ជា​រមាស់ និង​ចេញ​កន្ទួល ក្លាយទៅជា​រលាក​ស្បែក នៅ​តាម​ដៃជើង​ដែល​បាន​ប៉ះពាល់​ជី ហើយ​ដំណាំ ក៏​ងាប់​អស់ និង​មាន​ក្លិនស្អុយ​ដូច​សាកសព​ទៀត​។ មន្ត្រី​ម្នាក់​នៅ​ក្នុង​មន្ទីរ​កសិកម្ម បាន​បញ្ជាក់​ថា តាម​ការ​ពិសោធន៍​ជី ដែល​ជា​កាក​សំណល់​កន្ទុយបារី​នេះ គឺ​មាន​សារធាតុ​ជា​ប្រភេទ​ជី​មាន​តិច​បំផុត និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ទៀត​ផង​៕