ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​ប្រជុំ​បញ្ជាក់​ចុង​ក្រោយ ផែនការ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី

7 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ លោកម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​​ដឹង​នា​រសៀល​​ថ្ងៃ​ទី​២២ កក្កដា ​២០១៦​ នេះថា​ អាជ្ញាធរ​ភ្នំពេញ ​បាន​កោះ​អញ្ជើញ​តំណាង​ក្រុម​គ្រួសារ​សព​​​លោក​បណ្ឌិត កែម ឡី តំណាង​ដោយ​លោកស្រី ប៊ូ រចនា ជា​ភរិយា

​​រាជ​ធានី​ភ្នំពេញ ៖ លោកម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​​ដឹង​នា​រសៀល​​ថ្ងៃ​ទី​២២ កក្កដា ​២០១៦​ នេះថា​ អាជ្ញាធរ​ភ្នំពេញ ​បាន​កោះ​អញ្ជើញ​តំណាង​ក្រុម​គ្រួសារ​សព​​​លោក​បណ្ឌិត កែម ឡី តំណាង​ដោយ​លោកស្រី ប៊ូ រចនា ជា​ភរិយា ដើម្បី​​​ប្រជុំ​ពិភាក្សា និង​បញ្ជាក់​ចុង​​ក្រោយ​អំពី​ផែនការ ដែល​ត្រូវ​ដង្ហែរ​សព​លោក​​បណ្ឌិត កែម ឡី យក​ទៅ​បញ្ចុះ​នៅ​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​២៤ កក្កដា ២០១៦ ។

ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៣​​នេះ មិន​មាន​អ្វី​ប្រែ​ល​ប្រួល ដូច​អ្វី​ដែល​បាន​សម្រេច​រួម​គ្នា ​កាលពី​ប្រជុំ​លើក​ទី​២​នោះ​ទេ ដែល​កិច្ច​ប្រជុំ​នេះ​ គឺជា​ការ​បញ្ជាក់ និង​បញ្ចប់ ដែល​អាជ្ញាធរ​បញ្ជាក់​ពី​កិច្ច​សហ​ប្រ​តិ​បត្ត​ការ និង​ជួយ​សម្របសម្រួល ជាមួយ​ក្រុម​គ្រួសារ​សព​បន្ថែម​ទៀត ។

លោក​ម៉េ​ត មាស​ភក្តី បាន​បន្ត​ថា តំណាង​គ្រួសារ​សពបាន​លើក​ឡើង​អំពី​មហាជន​ ដែល​បាន​ចូលរួម​ដែល​អ្នក​រៀបចំ​កម្មវិធី នឹង​ត្រូវ​រៀប​ជា​ផែន​ៗ​ចំនួន​១០​ផែន គឺជា​ផែន​សម្រាប់​ក្រុម​គ្រួសារ​សព ឥស្សរ​ជន មហាជន និង​យុវជន​ជាដើម ។ អ្នកនាំពាក្យ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ លោក​ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ផែនការ​ដង្ហែរ​សព​លោក​បណ្ឌិត កែម ឡី នោះ រដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​ជួយ​រថយន្ត​សង្គ្រោះ​ចំនួន​២​គ្រឿង ម៉ូតូ​ក្បួន​ប៉ូ​លិ​​ស​នាំមុខ​មួយ​គ្រឿង និង​ការ​ជួយ​ឧ​ប​ត្ថ​ម​ស្លាក​សម្គាល់​​រថយន្ត​ សម្រាប់​ហែ​​ក្បួន​ផង​ដែរ ។

គួរ​រំលឹក​ថា ក្នុង​កំណត់ហេតុ​ប្រជុំ​លើក​ទី​ពីរ កាលពី​ថ្ងៃ​ទី​២១​ កក្កដា ​២០១៦ ដែល​មាន​ចុះហត្ថលេខា​រួម​គ្នា ​រវាង​គ្រួសារ​សព​លោក​បណ្ឌិត​កែម ឡី និង​លោក​ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​សរ​​សេរ​ថា ជា​កិច្ច​ចាប់ផ្តើម​នៃ​អង្គប្រជុំ​លោក ឃួ​ង ស្រេង អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញបាន​មាន​ប្រសាសន៍​​ថា កិច្ចប្រជុំ​ថ្ងៃនេះ​គឺ​​ពិភាក្សា​ស្តី​ពី​ការ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី យក​ទៅ​បញ្ចុះ​នៅ​ក្នុង​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​២៤ ​កក្កដា ឆ្នាំ​២០១៦ ​។

បន្ទាប់​មក ​ប្រធាន​អង្គប្រជុំ​បាន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​នៃ​សព​ជម្រាប​ជូន​អំពី​ ដំណើរការ​រៀបចំ​ពិធី​ដង្ហែ​នេះ និង​តម្រាយ​ផ្លូវ​ដែល​ត្រូវ​ហែ​ឆ្លងកាត់​ ព្រោះ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​ កំពុង​ប្រឈម​បញ្ហា​ចរាចរ​ ហើយ​ម្យ៉ាងវិញទៀត ​អាជ្ញាធរ​ខិតខំ​ធ្វើ​យ៉ាងណា​ ឱ្យ​ការ​ដង្ហែ​ក្បួន​​មាន​សុវត្ថិភាព និង​ស្នើ​សុំ​បញ្ជាក់​អំពី​កម្លាំង​ជួយ​ក្នុង​ការ​ដង្ហែ​សព​ និង​ញាតិ​មិត្ត​ដែល​ចូលរួម​ដង្ហែ ​។

លោក​នឿ​ន ចាន់​នី បងថ្លៃ​សព​បាន​លើក​ឡើង​ថា យើងខ្ញុំ​ទាំងអស់​គ្នា​ ដែល​មានគ្រួសារ​សព​ និង​គណៈកម្មការ​រៀបចំ​បុណ្យសព បាន​​និង​កំពុង​រៀបចំ​ជា​បណ្តើរ​នូវសម្ភារ ​សម្រាប់​បម្រើ​ឱ្យ​ការងារ​ដង្ហែ​សព​ ដូច​ជា​បាន​ទទួល​រថយន្ត​ចំនួន​៣០​គ្រឿង ក្នុង​ការ​ដង្ហែ និង​​មានការ​ឧ​ប​ត្ភ​ម្ថ​ជា​បន្តបន្ទាប់​ទៀត ​តែ​គ្រួសារ​សព​មិន​ទាន់​បាន​ទាក់ទង​ ។​ គ្រួសារ​សព ​និង​គណៈកម្មការ​រៀបចំ​បុណ្យសព​នៅ​តែ​ប្រកាន់​ជំហរ​ដដែល ​ដោយ​ធ្វើការ​រំកិលសព​របស់​លោក​បណ្ឌិត ដើម្បី​យក​ទៅ​បញ្ចុះ​នៅ​ក្នុងភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​មានការ​ចូលរួម​ពី​គណៈកម្មការ និង​អង្គការ​សង្គម​ស៊ី​វិល ហែ​ចេញពី​វត្ត​ចាស់ ឆ្លងកាត់​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ​(​ជ្រោយចង្វារ​) តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស រហូត​ដល់​ស្តុ​ប​បត់​ស្តាំ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរ​ស្ស៊ី រហូត​ដល់​រង្វង់​មូល​ចោម​ចៅ​តម្រង់​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៣ ដើម្បី​បន្តដំណើរ​ទៅ​កាន់​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ។

ដូច្នេះ​ យើងខ្ញុំ​តំណាង​នៃ​ក្រុម​គ្រួសារ​សព ស្នើ​សុំ​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​លើ  បញ្ហា​ការ​ការពារ​សន្តិសុខ​នៃ​ការ​ដង្ហែ​សព​លោក​បណ្ឌិត និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ ដើម្បី​ឱ្យ​សព បាន​ទៅ​ដល់ទី​តាំង​បញ្ចុះ​ដោយ​សុវត្ថិភាព​។ លោក ស៊ឹ​ម
វុ​ទ្ធី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ដែរ​ថា ក្នុង​នាម​ជា​សមត្ថកិច្ច​ ពិតជា​មានការ​ព្រួយបារម្ភ ព្រោះ​ថ្មី​ៗ​នេះ​ មាន​ជន​ឆ្លៀតឱកាស​បាន​ធ្វើការ​អំពាវនាវ​ឱ្យ​មានការ​ដង្ហែ​សព​ពេញរាជធានី​ ភ្នំពេញ ។

ដូចនេះ ​ក្រោយ​ពី​ការ​ឯកភាព​ធ្វើការ​ដង្ហែ​តាមតម្រាយ​ផ្លូវ​ណាមួយ​គ្រួសារ​សព និង​អ្នក​រៀបចំ​ត្រូវ​អនុវត្ត​តាម ចៀសវាង​មាន​ជន​មួយ​ចំនួន​ឆ្លៀតឱកាស​បង្វែរ​ការ​ហែសព​ខុស​ពី​គោលដៅ ហើយ​នៅ​ពេល​ហែ​ខុសផ្លូវ​សមត្ថកិច្ច​និង​ធ្វើការ​ឃាត់​ព្រមទាំង​ណែនាំ​ឱ្យ​ហែ ​សព​ឱ្យ​បាន​ត្រឹម​ត្រូវជា​ហេតុ​ធ្វើ​ឱ្យ​ព្រលឹង​សព​មិន​ស្ងប់ ដូច្នេះ​ក្នុង​នាម​សមត្ថកិច្ច​សំណូមពរ​ដល់​គ្រួសារ​សព​ត្រូវ​មាន​ជំហរ​ ច្បាស់លាស់​ក្នុង​ការ​ដង្ហែ​សព​។

លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​សព បាន​និយាយ​ថា លោក​នៅ​តែ​មាន​ជំហរ​ដង្ហែ​សព​តាមតម្រាយ​ផ្លូវ​ដែល​បាន​ស្នើ​សុំ ព្រោះថា កន្លង​​មក​ លោក​តែងតែ​ទទួល​បាន​ទូរស័ព្ទ​សំណូមពរ ពី​មហាជន​ឱ្យ​មានការ​ដង្ហែ​សព​តាម​ដងផ្លូវ​នេះ ព្រោះ​នេះ​ជា​សព​របស់​មហា​ជន​។

លោក នឿ​ន ចាន់​នី បងថ្លៃ​សព បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ សមត្ថកិច្ច​ខិតខំ​ជួយ​ការពារ​ឱ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​ដង្ហែ​សព​នេះ ព្រោះ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ចម្រុះ​ហើយ​មិនដឹង​ថា​អ្នក​ណាខ្លះ​មាន ​បំណង​បែប​ណា​ទេ  ក្នុង​នាម​គ្រួសារ​នៃ​សព សូម​ថ្លែងអំណរ​គុណ អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​អនុញ្ញាត​តាមតម្រាយ​ផ្លូវ​ដែល​បាន​ស្នើ​សុំ និង​ស្នើ​សុំ​ឱ្យ​មាន​រថយន្ត​ពេទ្យ​តាម​ក្បួន​ដង្ហែ​ដើម្បី​ងាយស្រួល​ក្នុង​ ការ​សង្គ្រោះ​។  

ចំណែក​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ពិតជា​មានការ​ព្រួយ​បារម្ភ​ ដូច​ការ​លើក​ឡើង​របស់​លោកស្នងការ​រង ខាងលើ  ហើយ​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​ សមត្ថកិច្ច​នៅឡើយ​។

ដោយឡែក​សព​របស់​បណ្ឌិត​គឺជា​សព​របស់​គ្រួសារ​សព ចំពោះ​ការ លើក​ឡើង ថា សព​នេះ​ជា​សព​របស់​មហាជន​នោះ គឺ​សូម​បដិសេធន៍​ទាំងស្រុង ។ ដូចនេះ​ក្នុង​នាម​សមត្ថកិច្ច​ស្នើ​សុំ​ឱ្យ​គ្រួសារ​សព និង​គណៈកម្មការ​រៀបចំ​បុណ្យសព​ធ្វើការ​ដង្ហែ​សព​ដោយ​ប្រើប្រាស់​រថយន្ត និង​ម៉ូតូ ហាម​ដាច់ខាត​ការ ដង្ហែ​សព​ដោយ​ថ្មើរជើង និង​ត្រូវ​គោ​ព​តាម​ស្មារតី​អង្គប្រជុំ ហើយ​ការ​ទទួលខុសត្រូវ​ក្នុង​ក្បួន​ដង្ហែ​ជា​ការ​ទទួលខុសត្រូវ​របស់​គ្រួសារ និង​អ្នក​រៀបចំ​។

ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង អភិបាលរង រាជធានី និង​ជា​ប្រធាន​អង្គប្រជុំ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្នុង​នាម​អាជ្ញាធរ​ដែនដី បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដូចនេះ​គ្រួសារ​សព​ត្រូវ​ធ្វើការ​អំពាវ​នា​ដល់​អ្នកចូលរួម​ដង្ហែ​ត្រូវ​ រក្សា​ភាព​ស្ងប់ស្ងាត់ និង​អនុវត្ត​តាម​បែប​ព្រះពុទ្ធ​សាសនា​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​ចូលរួម​ដង្ហែ​ពិតជា​មាន​សីលធម៌​សាក​សមជា​ប្រជាពលរដ្ឋ​ដែល​ មាន​វប្បធម៌​ខ្ពង់ខ្ពស់ ។

ប្រសិនបើ​មាន​ជន​ឆ្លៀតឱកាស​ប្រើប្រាស់​ការ​ដង្ហែ​សព​បំរើ​ឱ្យ​ឆន្ទៈ​ នយោបាយ អាជ្ញាធរ និង​ចាត់វិធានការ ក្នុង​គោលដៅ រក្សា​សន្តិសុខ ក្នុង​រាជធានី​ភ្នំពេញ ដោយឡែក​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន កងរាជអាវុធហត្ថរ នគរបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​ត្រូវ​ដាក់​កម្លាំង​ការពារ​តាម​ដងផ្លូវ​ដែល​ ក្បួន​ឆ្លងកាត់ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​។

ក្រោយ​ពី​ពិភាក្សា​គ្នា​រួច​គ្រួសារ​សព​បាន​ឯកភាព​ជាមួយ​អង្គប្រជុំ​ដូច​ ខាងក្រោម​៖ ទី​១-គ្រួសារ​នៃ​សព និង​អ្នក​រៀបចំ​កម្មវិធី​ដង្ហែ បាន​ឯកភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ធ្វើការ​ដង្ហែ​សព​លោក​បណ្ឌិត​កែម ឡី នៅ​ថ្ងៃ​ទី​២៤  កក្កដា ឆ្នាំ​២០១៦ ដោយ​ចាប់​ចេញ​ដំណើរ​ពី​វត្ត​ពោធិ៍​​យា​រាម ​(​ហៅ​វត្ត​ចាស់​) ​នៅ​វេលា​ម៉ោង​០៧​​​ព្រឹក ​ដោយ​ប្រើ​រថយន្ត​ និង​ម៉ូតូ រួច​ចាប់​ចេញដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ ឆ្លងកាត់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ​រួច​បន្តដំណើ​តាម​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ឆ្ពោះទៅ​រង្វង់​មូល​ចោម​ចៅ​រួច​បន្ត ។
ទី​២​ -ឯកភាព​តាម​សំណូមពរ​គ្រួសារ​នៃ​សព ត្រូវ​បង្កើត​គណៈកម្មការ​ការ​រៀបចំ​ពិធី​ដង្ហែ​សព សម្រាប់​ដោះស្រាយបញ្ហា​ផ្សេង​ៗ​។​ ទី​៣-ដើម្បី​ឱ្យ​ពិធី​ដង្ហែ​សព​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ គ្រួសារ​សព​និង​អ្នក​រៀបចំ​ពិធី​ដង្ហែ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូច​ជា​៖ ​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ការ​ដង្ហែ​សព​អ្នក​រៀបចំ​កម្មវិធី​ជា​អ្នក ​ទទួលខុសត្រូវ​ការពារ​ខាងក្នុង​ក្បួន សមត្ថកិច្ច​ទទួលខុសត្រូវ​ការពារ​ពី​ខាងក្រៅ ក្នុង​ករណី​មាន​ជន​អុកឡុក​ក្នុង​ក្បួន​ដង្ហែ ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​បាន​ទាន់​ពេលវេលា -​ក្បួន​ដង្ហែ​ត្រូវ​ដំណើរ​តែ​ផ្នែក​ម្ខាង​នៃ​ដងផ្លូវ​ដោយ​ទុក​ផ្នែក​ម្ខាង​ ទៀត សម្រាប់​ឱ្យ​សាធារណជន​ធ្វើ​ចរាចរ​ជា​ធម្មតា​ចៀសវាង​បង្ក​ការ​កកស្ទះ​ចរាចរ – ចំពោះ​បដា​ដែល​ចូលរួម​ត្រូវ​មាន​ខ្លឹមសារ​បែប​ចូលរួម​មរណទុក្ខ និង​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ -​គ្រួសារ​សព និង​អ្នក​រៀបចំ​កម្មវិធី​ដង្ហែ​សព ត្រូវ​ធ្វើការ​ជូនដំណឹង​ដល់​សាធារណៈជន ឱ្យ​បាន​ជ្រាប​ពី​ការ​ដង្ហែ​សព​គឺ​ដង្ហែ​ដោយ​រថយន្ត និង​ម៉ូតូ​មិន​មានការ​ដង្ហែ​ដោយ​ថ្មើរជើង​ឡើយ ហើយ​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​អនុវត្ត​តាម​បែប​ព្រះពុទ្ធ​សាសនា ប្រពៃណី និង​ទំនៀមទំលាប់​ខ្មែរ – មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​អាចារ្យវត្ត​ព្រមទាំង​គ្រួសារ​នៃ​សព ដើម្បី​រៀបចំ​ការ​ដង្ហែ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​តាម​បែប​ព្រះពុទ្ធ​សាសនា – មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ត្រូវ​ចាត់​រថយន្ត​សង្គ្រោះ​ចំនួន ០២​គ្រឿង សម្រាប់​តាម​ក្បួន​និង​ត្រៀម មន្ទីរពេទ្យ​បង្អែក​ជុំវិញ​ដងផ្លូវ​ក្បួន​ដង្ហែ​សព​ដើម្បី​ងាយស្រួល​ក្នុង​ ការ​សង្គ្រោះ​។ ដោយឡែក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​ចាត់​ម៉ូតូ​ស៊ឺ​រែ​ន​០១​គ្រឿង ដើម្បី​នាំ​ក្បួន – ស្នងការ​នគរបាល និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ត្រូវ​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ដើម្បី​សម្របសម្រួល​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ធ្វើ​យ៉ាងណា​ឱ្យ​ក្បួន ​ដង្ហែ​សព​តាម​ទៅ​ដល់​គោលដៅ​បញ្ចុះ​តែ​ម្តង ។ ចំណែក​ខណ្ឌ​ពាក់ព័ន្ធ​ត្រូវ​ចាត់​កម្លាំង​ការពារ​តាម​ដងផ្លូវ​ក្នុង​ដែន​ សមត្ថកិច្ច​របស់​ខ្លួន​ផង​ដែរ ។

សូម​បញ្ជាក់​ថា មាន​រយៈពេល​ពីរ​ថ្ងៃ​ហើយ គឺ​ថ្ងៃ​ទី​២០ និង​២១​ក​ក្ត​ដា ដែល​អាជ្ញាធរ​ភ្នំពេញ​បាន​កោះ​ប្រជុំ រវាង​ក្រុម​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី តំណាង​ដោយ លោកស្រី ប៊ូ រចនា ជា​ភរិយា និង​លោក នឿ​ន ចាន់​នី បងថ្លៃ​សព និង​លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​សព ជាមួយ​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត ដើម្បី​ពិភាក្សា​អំពី​តម្រាយ​ផ្លូវ និង​ការ​រៀបចំ​ផែនការ​ជួយ​សម្រួល​សន្តិសុខ និង​សណ្តាប់ធ្នាប់​ចរាចរ​ណ៏ ឲ្យ​ដំណើរការ​ដង្ហែរ​សព្វ លោក​បណ្ឌិត កែម ឡី បាន​ទៅ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព​តែ​ម្តង ។