រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនទូរទស្សន៍អប្សរាថ្ងៃសៅរ៍ ទី៣០ កក្កដា ខាងមុខនេះ មានទាំងអស់៥គូក្នុងនោះគូប្រកួតមិត្តភាពអន្តរជាតិរវាងកីឡាករកម្ពុជា និងកីឡាករថៃមានចំនួន២គូ ។ អ្នកនិយមទស្សនាកីឡាប្រដាល់ជាច្រើននាក់កំពុងរង់ចាំមើលថាតើកីឡាករកម្ពុជាទាំងពីររូបនេះអាចយកឈ្នះកីឡាករបរទេសបានដោយរបៀបណា ខណៈភាគីកីឡាករថៃសុទ្ធតែជាជើងខ្លាំងពិបាកផ្ដួលបែបហ្នឹងនោះ។
គូអន្តរជាតិទាំង២គូនេះតម្រូវទៅលើកីឡាករថុល មករា មកពីក្លិបឃ្លាំងមឿងកីឡា ត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះYart Sayamក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម និងកីឡាករចាន់ ចំរើន មកពីក្លិបនិរោធមានជ័យ ប្រកួតជាមួយកីឡាករថៃឈ្មោះPoun Swath ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
បើតាមការឱ្យដឹង ភាគីកីឡាករថៃមិនធ្លាប់មកប្រកួតនៅលើសង្វៀនស្រុកខ្មែរទេ ទើបគ្មានអ្នកស្គាល់ពីប្រវត្តិប្រកួតរបស់ពួកគេច្បាស់ ។ ប៉ុន្តែបើតាមការអះអាងរបស់លោកសុខ សំណាង ដែលជាអ្នករៀបចំកម្មវិធីប្រកួតប្រចាំសង្វៀនទូរទស្សន៍អប្សរាថា កីឡាករថៃទាំង២រូបនេះមានបទពិសោធន៍ប្រកួតនៅលើសង្វៀនយូរឆ្នាំមកហើយ ។ ជាពិសេស YartSayam ដែលត្រូវជួបប្រកួតជាមួយកីឡាករថុល មករា លើកនេះមានស្នៀតគុនល្អទាំងព្រមទាំងស្នៀតកែងនិងជង្គង់ឡើងទៅ ចំណែកកម្លាំងស៊ុហ្វអាចតស៊ូប្រកួតបាន៥ទឹកពេញមិនចេះហត់ឡើយ ។ ប៉ុន្តែថុល មករា មិនមែនជាជើងអន់នោះទេ ទោះបីមិនសូវពូកែស្នៀតកែងនិងជង្គង់នោះទេ ប៉ុន្តែស្នៀតម៉ាត់របស់គេល្អខ្លាំងណាស់។ ចាំមើលការប្រកួតលើកនេះ ថុល មករា និងYart Sayam អ្នកណាខ្លាំងជាង?
ចំណែកចាន់ ចំរើន ជួបកីឡាករថៃPoun Swathលើកនេះនោះក៏មិនអាចវាយតម្លៃទុកមុនបានដែរ ។ កីឡាករថៃរូបនេះថ្វីដ្បិតតែគេមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរ ប៉ុន្តែកុំមើល ស្រាលឱ្យសោះ ព្រោះតាមដឹងគេគឺជាអ្នកប្រដាល់ជើងខ្លាំងនៅស្រុកថៃដែលកម្រមានអ្នកណាផ្ដួលគេបានខ្លាំងណាស់ ។ ប៉ុន្តែសម្រាប់កីឡាករកម្ពុជា វិញមិនសូវមានឈ្មោះបោះសំឡេងប៉ុន្មានទេដោយសារយូរៗម្ដងទើបគេឃើញលេចមុខនៅលើសង្វៀន ។ ដូច្នេះសម្រាប់ការប្រកួតលើកនេះអ្នកធ្លាប់តាមដានការប្រកួតភាគច្រើនមិនសូវមានទំនុកចិត្តលើគេប៉ុន្មានទេ ។ ទោះបីយ៉ាងណាកុំអាលទាយទុកមុនអី ចាំមើលការប្រកួតជាក់ស្ដែងនៅលើសង្វៀនសិនអ្នកណាខ្លាំងអ្នកណាខ្សោយគង់តែដឹងទេ ។
ចំណែកគូប្រកួតមិត្តភាពរវាងកីឡាករកម្ពុជាគ្នាឯងវិញមានកីឡាករ ឆោម ប៊ុនឡុងមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយកីឡាករ ម៉ន គីមសុង មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ។ កីឡាករ ស៊ូ ផាន់យ៉ា មកពីសមាគមកីឡាប្រដាល់ខេត្តកោះកុង ប្រកួតជាមួយកីឡាករ អេ មេឃាមកពីក្លិបអេភូថងកីឡា និងកីឡាករម៉ឺន វិស័យមកពីសមាគមកីឡាប្រដាល់ខេត្តកោះកុង ប្រកួតជាមួយកីឡាករចៅ ស្ដាយ មកពីក្លិបសុភានូមានជ័យ៕
ចែករំលែកព័តមាននេះ